A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 20 September 2016


តុលាការ​កាត់​ទោស​អ្នក​បឹងកក់​៤​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​៦​ខែ​ពី​បទ​ប្រមាថ​និង​ប្រឆាំង​អ្នក​រាជការ

ដោយ យ៉ង ចាន់តារា
2016-09-19
  
  
   
បូ ឆវី បឹងកក់ ២០១៦ ៨៥៥
សកម្មជន​បឹងកក់ លោកស្រី បូ ឆវី ស្រែក​យំ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​តុលាការ​កាត់​ទោស​លោកស្រី និង​សកម្មជន​បឹងកក់ ៣​នាក់ ក្នុង​នោះ​មាន​អ្នកស្រី ទេព វន្នី ផង ឲ្យ​ជាប់​ពន្ធនាគារ ៦​ខែ នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Yang Chandara
RFA/Yang Chandara

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ៤​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​ចំនួន ៦​ខែ ពី​បទ​ប្រមាថ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ប្រព្រឹត្ត​ទៅ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ។ សកម្មជន​បឹងកក់ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ ថា​ជា​រឿង​អយុត្តិធម៌។
តាម​ពាក្យ​បណ្ដឹង​របស់​សាលា​រាជធានី​ភ្នំពេញ តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ច័ន្ទ ទី​១៩ កញ្ញា កាត់​ទោស​ស្ត្រី​សកម្មជន​បឹងកក់ ៤​រូប គឺ​អ្នកស្រី ទេព វន្នី លោកស្រី គង់ ចន្ថា លោកស្រី បូ ឆវី និង​លោកស្រី ហេង ម៉ុំ ពី​បទ​ប្រមាថ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ពេល​ដែល​ពួក​គេ​តវ៉ា​សុំ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​តំបន់​បឹងកក់ កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ។
នៅ​ក្នុង​បន្ទប់​សវនាការ​ដែល​មាន​ទាំង​សំរាម និង​លាមក​សត្វ​ផង ចៅក្រម​ជំនុំ​ជម្រះ​បាន​បើក​ការ​សាកសួរ​សកម្មជន​បឹងកក់ ៣​រូប គឺ​អ្នកស្រី ទេព វន្នី លោកស្រី គង់ ចន្ថា និង​លោកស្រី បូ ឆវី ដោយឡែក​លោកស្រី ហេង ម៉ុំ បាន​អវត្តមាន។ បន្ទាប់​មក តំណាង​អយ្យការ និង​មេធាវី​ដើម​បណ្ដឹង ក៏​បាន​សាកសួរ​សកម្មជន​ទាំង ៣​នាក់​ដែរ អំពី​សកម្មភាព​តវ៉ា​របស់​ពួក​គេ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១១ នោះ។ ចំណែក​ក្រុម​មេធាវី​ជន​ជាប់​ចោទ ៣​រូប គឺ​លោក ហម ស៊ុនរិទ្ធិ អ្នកស្រី សាម សុគន្ធា និង​លោក លី សុចិត្រា បាន​លើក​ទឡ្ហីករណ៍​ផ្នែក​ច្បាប់​ជាច្រើន​ទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ ដើម្បី​មក​ដោះ​បន្ទុក​កូន​ក្តី​របស់​ខ្លួន។
សកម្មជន​បឹងកក់​ទាំង ៣​រូប បាន​ឡើង​ឈរ​ម្នាក់​ម្តងៗ​នៅ​ក្នុង​រង្វង់​ក្រចក​សេះ ដើម្បី​ឆ្លើយ​សំណួរ​របស់​ចៅក្រម តំណាង​អយ្យការ និង​មេធាវី។ ទាំង​អ្នកស្រី ទេព វន្នី លោកស្រី គង់ ចន្ថា និង​លោកស្រី បូ ឆវី សុទ្ធតែ​បដិសេធ​ដូច​គ្នា​ថា ពួក​គេ​មិន​បាន​ជេរ​ប្រមាថ និង​ប្រើ​អំពើ​ហិង្សា​លើ​មន្ត្រី​រាជការ​សាធារណៈ ដូច​ការ​ចោទ​ប្រកាន់​របស់​សាលា​រាជធានី​ភ្នំពេញ​នោះ​ទេ។ អ្នក​ទាំង​បី​អះអាង​ថា សកម្មភាព​របស់​ពួក​គេ​នៅ​ពេល​នោះ គឺ​ដើម្បី​យក​ញត្តិ​ទៅ​ដាក់​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​អន្តរាគមន៍​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពួក​គេ។ ផ្ទុយ​ទៅ​វិញ មាន​តែ​សមត្ថកិច្ច​ទេ​ដែល​ប្រើ​អំពើ​ហិង្សា ដោយ​ចាប់​ពួក​គេ​ដាក់​ឡាន​តែ​ម្តង​កាល​ពី​ជិត ៥​ឆ្នាំ​មុន​នោះ។

សកម្មជន​បឹងកក់​ទាំង ៣​នាក់ និង​មេធាវី​របស់​ពួក​គេ បាន​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​នោះ ព្រម​ទាំង​ដោះលែង​អ្នកស្រី ទេព វន្នី ដែល​កំពុង​ជាប់​ឃុំ។
ទោះ​បី​ជា​យ៉ាង​ណា ក្រោយ​សវនាការ​រយៈពេល​ជិត ៣​ម៉ោង ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុខលេង បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​ស្ត្រី​បឹងកក់​ទាំង ៤​រូប ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៦​ខែ ពី​បទ​ប្រមាថ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ តាម​មាត្រា​៥០២ និង ៥០៤ នៃ​ក្រម​ព្រហ្មទណ្ឌ។
ការ​ប្រកាស​សាលក្រម​មិន​ទាន់​នឹង​ចប់​ផង សកម្មជន​បឹងកក់​ទាំង ៣​រូប បាន​ស្រែក​ពេញ​បន្ទប់​សវនាការ​ថា “អយុត្តិធម៌” ហើយ​បន្តិច​ក្រោយ​មក អ្នកស្រី ទេព វន្នី ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​បញ្ចូល​ទៅ​ក្នុង​រថយន្ត​ពន្ធនាគារ ដែល​កំពុង​ចត​រួច​ជាស្រេច​នៅ​ជាន់​ផ្ទាល់​ដី។ លោកស្រី គង់ ចន្ថា និង​លោកស្រី បូ ឆវី បាន​ព្យាយាម​រត់​ចូល​ក្នុង​ឡាន​ជាមួយ​អ្នកស្រី ទេព វន្នី តែ​ត្រូវ​សមត្ថកិច្ច​រារាំង។
សកម្មជន​បឹងកក់​មួយ​រូប លោកស្រី គង់ ចន្ថា ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស ថ្លែង​ថា ការ​កាត់​ក្តី​នេះ គឺ​ជា​ការ​គំរាម​កំហែង បំភិត​បំភ័យ និង​បំបាក់​ស្មារតី​សហគមន៍​បឹងកក់ មិន​ឲ្យ​ងើប​តវ៉ា៖ «ផ្ទះ​នៅ​តំបន់​បឹងកក់ ៥--៧​ឆ្នាំ​ហើយ តើ​មាន​មន្ត្រី​មួយ​ណា​ដែល​ចេញ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​នោះ ហើយ​ប្រជាពលរដ្ឋ​អត់​ចង់​បាន​អំណាច​អ្វី​ទេ ចង់​បាន​តែ​សិទ្ធិ​រស់​រាន​មាន​ជីវិត​តែ​ប៉ុណ្ណឹង។ កុំ​ព្យាយាម​លាប​ពណ៌​ប្រជាពលរដ្ឋ​ថា​គណបក្ស​ប្រឆាំង​ធ្វើ​ចំណេញ​នយោបាយ។ កុំ​ឲ្យ​បក្ស​ប្រឆាំង​ចំណេញ​នយោបាយ គណបក្ស​ប្រជាជន (កម្ពុជា) ដោះស្រាយ​បញ្ចប់​បញ្ហា​ឲ្យ​ប្រជាពលរដ្ឋ​តំបន់​បឹងកក់​ទៅ»
អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​របស់​តុលាការ។ តាម​រយៈ​ការ​ចូល​ស្តាប់​សវនាការ លោក អំ សំអាត ថ្លែង​ថា មិន​មាន​អង្គ​ហេតុ ឬ​អង្គ​ច្បាប់​ច្បាស់លាស់​ណា​មួយ ដែល​អាច​ដាក់​បន្ទុក​ថា​ពលរដ្ឋ​បឹងកក់​ទាំង ៤​រូប បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។ លោក​បន្ត​ថា នេះ​ជា​ការ​ដាក់​សម្ពាធ​ថ្មី​មួយ​ទៀត​ដល់​អ្នក​បឹងកក់ ដែល​រងគ្រោះ​ដោយសារ​បញ្ហា​ដីធ្លី និង​ដែល​តែង​ចេញ​មុខ​តវ៉ា​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​សង្គម ហើយ​ក៏​ជា​ការ​គំរាម​សហគមន៍​នេះ មិន​ឲ្យ​បន្ត​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ និង​ស្វែងរក​យុត្តិធម៌​ជូន​សព​បណ្ឌិត កែម ឡី៖ «ខ្ញុំ​គិត​ថា នេះ​ជា​ការ​ដាក់​សម្ពាធ ជា​ការ​ដាក់​គំនាប​សម្រាប់​អ្នក​បឹងកក់​មួយ​ទៀត​ដែរ ហើយ​បើ​យើង​និយាយ​អំពី​ឫសគល់​នៃ​បញ្ហា​ដែល​កើត​ឡើង​នៃ​ការ​ចាប់​ខ្លួន គឺ​វា​ចេញ​អំពី​បញ្ហា​ដីធ្លី។ បើ​សិន​ជា​យើង​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បឹងកក់ ខ្ញុំ​គិត​ថា វា​មិន​មាន​ដល់​ការ​តវ៉ា មិន​មាន​ដល់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​បន្តបន្ទាប់​នោះ​ទេ»
ស្រប​ពេល​ដែល​តុលាការ​កំពុង​បើក​សវនាការ​ជំនុំ​ជម្រះ នៅ​ខាង​ក្រៅ​តុលាការ​ឯណោះ​វិញ សហគមន៍​មាន​ទំនាស់​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​ប្រមាណ ៣០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ស្រែក​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី ទេព វន្នី ដែល​កំពុង​ជាប់​ឃុំ ឲ្យ​មាន​សេរីភាព​វិញ។ លើស​ពី​នេះ ដោយ​អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​បច្ចុប្បន្ន ក្រុម​អ្នក​តវ៉ា​បាន​ងាក​ទៅ​រក​តុលាការ​យមរាជ​វិញ។ ពួក​គេ​បាន​ធ្វើ​សំពៅ​មួយ​ដោយ​ដាក់​ឈ្មោះ​ថា សំពៅ​នរក ដែល​ផ្ទុក​ទៅ​ដោយ​បាយសី លាជ ទឹក​ពណ៌​ក្រហម​មួយ​ដប​តំណាង​ឲ្យ​ឈាម គ្រាប់​ធញ្ញជាតិ ដូចជា ស្រូវ សណ្ដែក ល្ង ជាដើម ព្រម​ទាំង​មាន​រូប​យមបាល និង​យមទូត។ តាម​រយៈ​សំពៅ​នរក​ដែល​បែង​ចែក​រវាង​អ្នក​ធ្វើ​ល្អ និង​ធ្វើ​អាក្រក់​នេះ ក្រុម​អ្នក​តវ៉ា​មាន​ជំនឿ​ថា យមបាល និង​យមទូត នឹង​ផ្ដល់​យុត្តិធម៌​ជូន​ពួក​គេ ដោយ​ដាក់​ទោស​អ្នក​ដែល​សាង​អាក្រក់​លើ​អ្នក​បឹងកក់។
ការ​ប្រមូល​ផ្តុំ​គ្នា​របស់​សហគមន៍​មាន​ទំនាស់​ដីធ្លី​នេះ មិន​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​អាជ្ញាធរ ឬ​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​នោះ​ទេ។
ក្រុម​ស្ត្រី​បឹងកក់​អះអាង​ថា ពួក​គេ​នឹង​ប្ដឹង​សារទុក្ខ​ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ឲ្យ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​បដិសេធ​ចោល​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ ក្រៅ​ពី​នេះ ពួក​គេ​ប្រកាន់​ជំហរ​ថា នឹង​ធ្វើ​ការ​តវ៉ា​ជា​បន្ត​ទៀត ដើម្បី​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី ទេព វន្នី និង​ទម្លាក់​ចោល​បទ​ចោទ​ទាំងឡាយ​ប្រឆាំង​នឹង​ពលរដ្ឋ​សហគមន៍​បឹងកក់៕

No comments: