A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 20 September 2016

អ្នក​វិភាគ​យល់​ថា​កម្ពុជា​មាន​វិបត្តិ​នយោបាយ ​​ទោះ​បី​ជា​លោក ​ហ៊ុន សែន ​ថា​គ្មានក៏ដោយ

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៦​ 5 ម៉ោងមុន | នយោបាយ | 0 | 1737លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)
អ្នកវិភាគពីបញ្ហាសង្គមមួយចំនួនយល់ថាប្រទេសកម្ពុជាបច្ចុប្បន្នកំពុងស្ថិតនៅក្នុងវិបត្តិនយោបាយ បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាមប្រកាសម្តងហើយម្តងទៀតថាគ្មានវិបត្តិនេះក៏ដោយ។
អ្នកវិភាគលើកឡើងថាវិបត្តិទាំងនេះស្តែងចេញឲ្យឃើញតាមរយៈដែលអ្នកនយោបាយមិនត្រូវរូវគ្នា ដោយរវល់ឈ្លោះគ្នាក្នុងរឿងបុគ្គល និងការចេញសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំង៣៦ស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអាទិត្យម្សិលមិញបានឆ្លើយតបទៅនឹងអ្នកផ្តល់យោបល់ក្នុងហ្វេសប៊ុកលោកថា កម្ពុជាពុំមានវិបត្តិដែលត្រូវឲ្យមានការជជែកគ្នារវាងលោកជាមួយនឹងលោក សម រង្ស៊ី និង កឹម សុខា ទេ គឺមានតែលោក កឹម សុខា ត្រូវតុលាការកាត់ទោស។ ហើយនៅថ្ងៃនេះផងដែរលោកក៏បានថ្លែងថាប្រទេសកម្ពុជាពុំមានវិបត្តិនយោបាយនិងវិបត្តិផ្ទៃក្នុងទេ ហើយថាកុំឲ្យយកករណីបុគ្គលជាករណីនយោបាយ។
លោកថ្លែងថា៖ “ខ្ញុំមិននិយាយច្រើនទេ ប៉ុន្តែខ្ញុំបញ្ជាក់ថានៅកម្ពុជាគ្មានវិបត្តិនយោបាយ គ្មានវិបត្តិផ្ទៃក្នុងទេ សម្រាប់ផ្ទាល់ខ្លួនរបស់អ្នកឯងវិបត្តិនិងក្រុមរបស់អ្នកឯងវិបត្តិ គឺជារឿងរបស់អ្នកឯងដោះស្រាយជាមួយហ្នឹងតុលាការ មិនមែនជាសមត្ថកិច្ចរបស់បក្សនយោបាយ ហើយមិនមែនជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលដែរ“។
ទាក់ទងទៅនឹងការថ្លែងរបស់នាយករដ្ឋមន្ត្រីបែបនេះ សម្រាប់អ្នកវិភាគពីបញ្ហាសង្គមមួយចំនួនយល់ថានេះជាការដោះសារការពារខ្លួនរបស់រដ្ឋាភិបាលនិងមិនទទួលស្គាល់បញ្ហាដែលកម្ពុជាកំពុងប្រឈម។
ប្រធានវេទិកាអនាគតលោក អ៊ូ វីរៈ យល់ឃើញថាការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីបែបនេះគឺជាការមិនព្រមទទួលស្គាល់បញ្ហានានាដែលកំពុងប្រឈម។ លោកថាមានបញ្ហាជាច្រើនដែលបង្ហាញថាកម្ពុជាមានវិបត្តិនយោបាយដែលលោកបានលើកឡើងពីការវាយដំអ្នកតំណាងរាស្ត្របក្សប្រឆាំងមុខសភាកាលពីឆ្នាំ២០១៥ ការចោទប្រកាន់នានាមកលើមេដឹកនាំគណបក្សប្រឆាំង ជាពិសេសគឺប្រព័ន្ធសំខាន់ៗរបស់រដ្ឋបានធ្វើឲ្យប្រជាជនមានការមិនទុកចិត្ត ហើយអ្នកនយោបាយហាក់បីដូចជារវល់តែបញ្ហារបស់ខ្លួនជាជាងបញ្ហាប្រជាជន។
លោកបន្តថា៖ ប៉ុន្តែខ្ញុំមើលទៅគឺធំជាងរឿងទាំងឡាយ គឺប្រជាពលរដ្ឋមិនទុកចិត្តទៅលើប្រព័ន្ធសំខាន់ៗ គឺសភា ដែលប្រជាពលរដ្ឋគាត់មិនទាន់ទុកចិត្តលើយន្តការសភា ប្រជាពលរដ្ឋមិនទាន់ទុកចិត្តទៅលើយន្តការតុលាការ ប្រជាពលរដ្ឋមិនទាន់ទុកចិត្តទៅនឹងឯករាជ្យនិងវិជ្ជាជីវៈកម្លាំងប្រដាប់អាវុធ ទាំងឡាយនោះគឺជាប្រភពនៃបញ្ហាច្រើន”។
លោកបន្ថែមថា៖ ហើយប្រភពមួយទៀតដែលខ្ញុំមើលទៅបញ្ហាសង្គមជាច្រើនដែល ប្រជាពលរដ្ឋមានអារម្មណ៍ថាគាត់ត្រូវបានគេអត់យកចិត្តទុកដាក់ ការឈ្លោះនយោបាយបច្ចុប្បន្ននេះ វាទៅជាបញ្ហានយោបាយផ្ទៃក្នុងហ្នឹង គឺប្រជាពលរដ្ឋគាត់មានអារម្មណ៍ថាពួកគាត់(អ្នកនយោបាយ)នៅតែឈ្លោះគ្នាអត់គិតពីគាត់ទេ ធ្វើឲ្យគាត់មានការតវ៉ាច្រើន។
រឿងឈ្លោះនយោបាយខ្ញុំមើលទៅថា កាន់តែធ្វើឲ្យប្រជាពលរដ្ឋកាន់តែតឹងទ្រូង ថាហាក់ដូចជាមួយថ្ងៃៗលឺតែអ្ននយោបាយឈ្លោះគ្នា មិនសូវយកចិត្តទុកដាក់លើរឿងប្រជាពលរដ្ឋ”។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី មានប្រសាសន៍ថា បើទោះបីជារដ្ឋាភិបាលព្យាយាមបដិសេធបែបនេះក៏ដោយ ក៏វិបត្តិនយោបាយនេះបានបង្ហាញឲ្យសាធារណជននិងអន្តរជាតិឃើញតាមរយៈបញ្ហាធ្លាក់ចុះតម្លៃកសិផល ការបិទទ្វារោងចក្រមួយចំនួន ការងាកចេញពីទីផ្សារកម្ពុជាទៅកាន់ប្រទេសដទៃ និងការចេញសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំង៣៦ជាដើម។
លោកថា៖ ស្ថានការណ៍នយោបាយនៅស្រុកខ្មែរនេះ បើទោះបីជារដ្ឋាភិបាលបានព្យាយាមបដិសេធក៏ដោយក៏វាជាសិទ្ធិរបស់រដ្ឋាភិបាល ប៉ុន្តែសម្រាប់មតិរបស់មហាជនដោយរួមទាំងអន្តរជាតិផងដែលគេមានស្ថានទូតគេដាក់ទូតនៅខ្មែរយើង ក៏គេឃើញពីអ្វីដែលកំពុងកើតមានឡើងដែរ”។
លោកបន្ថែមថា៖ សម្រាប់យើងអ្នកវិភាគ យើងឃើញថាវាមានដោយសារអី គឺដោយសារយើងចំណាយពេលឈ្លោះគ្នាច្រើនពេក យើងអត់មានពេលគិតគូអំពីជីវភាពពលរដ្ឋ យើងអត់មានពេលគិតគូទៅលើទីផ្សាររបស់ពលរដ្ឋ ឥឡូវស្រូវលក់អត់ចេញ ពលរដ្ឋយកស្រូវយកមកចាក់បិទផ្លវូអីទៅ នេះសុទ្ធតែជាផលប៉ះពាល់ដែលកើតឡើងពីបញ្ហានយោបាយយើងទុកយូរពេល អត់បានដោះស្រាយវាកើតដល់បញ្ហាសេដ្ឋកិច្ច ពេលដែលសេដ្ឋកិច្ចមានបញ្ហាហើយ វាកើតមានដល់បញ្ហាសង្គមទៀត”។
លោកចាត់ទុកថាការព្យាយាមបដិសេធលើបញ្ហាទាំងនេះជាស្ថានភាពមួយដែលដំរីងាប់រួចយកចង្អេរទៅបិទបាំង។
ដូចគ្នានេះដែរសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា បានលើកឡើងពីរូបភាពជាច្រើនដែលបង្ហាញថា កម្ពុជាកំពុងតែមានវិបត្តិផ្ទៃក្នុងនិងនយោបាយនោះគឺការតវ៉ាពីកសិករ ការធ្វើបាតុកម្ម ការបង្ហាញកម្លាំងទ័ព ជាពិសេសការចេញសេចក្តីថ្លែងការណ៍របស់ប្រទេសទាំង៣៦មកលើកម្ពុជាជាដើម ដែលអាចបង្ហាញថាកម្ពុជាកំពុងស្ថិតក្នុងវិបត្តិទាំងនេះ។ លោកយល់ថាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះគឺគ្រាន់តែជាការដោះសារនិងបន្ធូរស្ថានការណ៍នយោបាយនៅកម្ពុជាតែប៉ុណ្ណោះ។
លោកបន្តថា៖វិបត្តិដែលកម្ពុជាកំពុងតែជួបមានការផ្ទុះការតវ៉ាពីសំណាក់ប្រជាកសិករ ដែលទំនិញរបស់គាត់ពុំមានទីផ្សារហើយលក់បានតម្លៃថោក មានការធ្វើបាតុកម្ម មានការចល័តទ័ព មានការប្រើកងកម្លាំងប្រដាប់អាវុធប្រើប្រាស់យន្តហោះអីជាដើម ទាំងអស់នេះដែលយើងហៅថាវិបត្តិនយោបាយនៅក្នុងប្រទេសនោះ។ ក្រៅពីនេះយើងឃើញមានសហគមន៍អន្តរជាតិប្រទេសទាំងប៉ុន្មាន៣៦ប្រទេសបានចេញសេចក្តីថ្លែងការស្តីពីការរំលោភសិទ្ធិមនុស្ស ទាំងអស់នេះហើយដែលយើងហៅថាជាវិបត្តិនយោយបាយផ្ទៃក្នុងប្រទេស ដែលកើតឡើងពីការមិនសហការគ្នារវាងបក្សកាន់អំណាចនិងបក្សប្រឆាំងនោះ”។
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១៤ខែកញ្ញាកន្លងទៅ ប្រទេសចំនួន៣៦ រួមមានសហរដ្ឋអាមេរិក អាល់បានី អូស្រ្តាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស អ៊ុយក្រែន និងប្រទេសចំនួន២៨ជាសមាជិកនៃសហភាពអឺរ៉ុបបានបង្ហាញជំហររួមគ្នាថាស្ថានការណ៍នយោបាយនៅកម្ពុជាបានគំរាមកំហែងសកម្មភាពស្របច្បាប់របស់គណបក្សប្រឆាំងនិងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការផ្នែកសិទ្ធិមនុស្ស។
ប្រទេសទាំងនោះបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាធានាឲ្យគណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពបានដោយសេរីនិងគ្មានការភ័យខ្លាច។ តែសេចក្តីថ្លែងការណ៍រួមមួយនេះត្រូវបានឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិចេញលិខិតឆ្លើយតបនិងច្រានចោល៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

No comments: