A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 20 September 2016


លោក ហ៊ុន សែន ថា​បើ​លោក​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ដោយ​ការ​គំរាម​បាតុកម្ម គឺ​លោក "ឆ្កែ​សុទ្ធ"

ដោយ ថា កិត្យា
2016-09-19
   
ហ៊ុន សែន សម្ពោធ​​អគារ​​សាលាក្រុង ២០១៦ ៨៥៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា ការ​គំរាម​ធ្វើ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​ដើម្បី​បាន​ចរចា​នយោបាយ​នោះ គឺ​គ្មាន​ផ្លូវ​ឡើយ។ រីឯ​បក្ស​ប្រឆាំង​ថា​គ្មាន​អ្នក​ណា​ម្នាក់​ចង់​ឲ្យ​មាន​បាតុកម្ម​នោះ​ទេ គឺ​បក្ស​ប្រឆាំង​ចង់​ឲ្យ​មាន​ជំនួប​ចរចា​រវាង​ខ្មែរ និង​ខ្មែរ ដើម្បី​ប្រយោជន៍​ប្រទេស​ជាតិ។
ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា លោក ហ៊ុន សែន បញ្ជាក់​ថា នឹង​គ្មាន​ការ​ចរចា​នយោបាយ​ជាមួយ​បក្ស​ប្រឆាំង​ជា​ដាច់ខាត បើ​បក្ស​នេះ​នៅ​តែ​គំរាម​ធ្វើ​មហា​បាតុកម្ម។
លោក​បញ្ជាក់​ថា បើ​លោក​ព្រម​តាម​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​គំរាម​ធ្វើ​មហា​បាតុកម្ម​ដើម្បី​បាន​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច​របស់​លោក​នៅ​ពេល​នេះ គឺ​លោក "ឆ្កែ​សុទ្ធ"«គំរាម​គេ​ធ្វើ​បាតុកម្ម​ដើម្បី​ចរចា! អត់​ផ្លូវ​ទេ​អា​ពៅ និយាយ​គ្នា​ឲ្យ​ច្បាស់ ចង់​ចរចា​និយាយ​គ្នា​ឲ្យ​ត្រង់ និយាយ​ឲ្យ​ស្រួល បាតុកម្ម! ចរចា! បើ​អញ​ចរចា ឆ្កែ​សុទ្ធ​ហាស! ប្រាប់​ឲ្យ​ហើយ​ទៅ!...»
លោក ហ៊ុន សែន បន្ត​ថា ការ​ជជែក​ដើម្បី​ដោះស្រាយ​បញ្ហា​នានា គឺ​ធ្វើ​ឡើង​បាន​នៅ​ក្នុង​រដ្ឋសភា ដោយ​មិន​មែន​មក​គំរាម​ត​ថ្លៃ​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​ទេ។
ក្រៅ​ពី​ប្រកាស​បិទ​ផ្លូវ​ចរចា​នោះ លោក ហ៊ុន សែន ថា​លោក​នឹង​ប្រើ​សិទ្ធិ​ការពារ​សន្តិសុខ ដោយ​លោក​និយាយ​ផ្លែផ្កា​ដាក់​អ្នក​ចង់​ធ្វើ​បាតុកម្ម​ថា ឲ្យ​ចេញ​មុខ​មក​ចុះ ហើយ​លោក​នឹង​ប្រើ​សិទ្ធិ​គាំទ្រ​រដ្ឋាភិបាល៖ «ស្អី​ឡើង​បាតុកម្ម​ឲ្យ​គ្រប់​កន្លែង មើល! ឥឡូវ​ចេញ​មក ចេញ​មក ចេញ​ឲ្យ​រហ័ស​មក ខ្ញុំ​បញ្ជា​នៅ​កន្លែង​ណា​ធ្វើ​នៅ​កន្លែង​នោះ។ អ្នក​ឯង​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម រឿង​អី​យើង​គ្មាន​សិទ្ធី​ឆ្លើយ​តប។ អ្នក​ឯង​មាន​សិទ្ធិ​គាំទ្រ​បក្ស​ប្រឆាំង ខ្ញុំ​មាន​សិទ្ធិ​គាំទ្រ​រដ្ឋាភិបាល។ អ៊ីចឹង​លេង​គ្នា​នៅ​នឹង»

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឆ្លើយ​តប​ថា គ្មាន​អ្នក​ណា​ចង់​ឲ្យ​មាន​បាតុកម្ម​ទេ។ ផ្ទុយ​ទៅ​វិញ គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មាន​ការ​ចរចា​នយោបាយ​រវាង​ខ្មែរ និង​ខ្មែរ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ។ លោក យឹម សុវណ្ណ បន្ត​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ គឺ​ជា​សញ្ញាណ​ល្អ​ទៅ​វិញ​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ចរចា៖ «ខ្ញុំ​ដឹង​ថា គណបក្ស​កាន់​អំណាច​ក៏​មិន​ចង់ គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិន​ចង់​ឲ្យ​មាន​បាតុកម្ម ក៏ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​នោះ គឺ​ចង់​បាន​បរិយាកាស​នយោបាយ​មួយ​ដែល​មាន​ភាព​ប្រក្រតី​សម្រាប់​ការ​បោះឆ្នោត​២០១៧ និង ២០១៨ នោះ​គឺ​យើង​ចង់​បាន​ចឹង​ទាំងអស់​គ្នា។ ចុះ​បើ​យើង​ចង់​បាន​ចឹង​ទាំងអស់​គ្នា ហើយ​ម្ដេច​យើង​មិន​ជួបជុំ​គ្នា​ដើម្បី​រក​មធ្យោបាយ»
ទោះ​បី​ជា​យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ជា​ថ្មី​ថា នៅ​កម្ពុជា ពុំ​មាន​វិបត្តិ​នយោបាយ ឬ​វិបត្តិ​ផ្ទៃ​ក្នុង​នោះ​ទេ។ ដូច្នេះ លោក​ឲ្យ​បញ្ឈប់​ការ​យក​ករណី​បុគ្គល​ធ្វើ​ជា​ករណី​នយោបាយ។
ថ្វីត្បិតតែ​លោក ហ៊ុន សែន អះអាង​បែប​នេះ​ក្តី អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ផ្ទុយ​ពី​នេះ ដែល​ទាមទារ​ឲ្យ​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា​វិល​ចូល​តុ​ចរចា​ជា​បន្ទាន់។
អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា មាន​ប្រសាសន៍​ថា ការ​ប្រកាស​បិទ​ផ្លូវ​ចរចា​ក្នុង​កាលៈទេសៈ​នេះ គឺ​មិន​មែន​ជា​ដំណោះស្រាយ​ល្អ​ដែល​ផ្តល់​ផល​ប្រយោជន៍​ប្រទេស​ជាតិ និង​ប្រជាជន​ឡើយ។ លោក សូ ចន្ថា បន្ថែម​ថា មិន​មែន​តែ​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ គឺ​សហគមន៍​អន្តរជាតិ​ក៏​ចង់​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ជួប​ចរចា​គ្នា ដើម្បី​សម្អាត​វិបត្តិ​នយោបាយ និង​វិបត្តិ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ដែល​ស្ទើរ​ក្លាយ​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​អ្នក​នយោបាយ​ខ្មែរ​មិន​ព្រម​ដោះស្រាយ ហើយ​ចាប់​ផ្ដើម​រួបរួម​ខ្មែរ និង​ខ្មែរ​ឡើង​វិញ៖ «ខ្ញុំ​គិត​ថា អ្នក​នយោបាយ​មិន​គួរ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​តាម​បែប​ហិង្សា​នោះ​ទេ ព្រោះ​កាលណា​អ្នក​នយោបាយ​ជា​គំរូ​មិន​ល្អ​សម្រាប់​យុវជន បញ្ហា​នេះ​អាច​នាំ​ទៅ​ដល់​ការ​បែក​បាក់​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​ជាង​នេះ បង្កើត​ទៅ​ជា​ហិង្សា និង​ចាត់​ទុក​គ្នា​ជា​សត្រូវ​ក្នុង​នយោបាយ​នោះ»
កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ប្រទេស​ចំនួន​៣៦ ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ដូចជា សហរដ្ឋ​អាមេរិក ជប៉ុន កាណាដា និង​អូស្ត្រាលី និង​ប្រទេស​មួយ​ចំនួន​ទៀត បាន​ចេញ​សេចក្តី​ប្រកាស​រួម​គ្នា​មួយ​បង្ហាញ​ពី​កង្វល់​លើ​ស្ថានភាព​សិទ្ធិ​ មនុស្ស​នៅ​កម្ពុជា។ សេចក្តី​ប្រកាស​នេះ​លើក​ឡើង​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​លើ​បក្ស​ប្រឆាំង និង​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ សិទ្ធិ​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិភាព​នៅ​ក្នុង​ឆ្នាំ​នេះ កាន់​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ និង​ជាពិសេស​ទៅ​លើ​រឿង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី។
សេចក្តី​ប្រកាស​របស់​បណ្ដា​ប្រទេស​ទាំង​៣៦ ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បន្ត​ឡើង​វិញ​នូវ​ការ​សន្ទនា​នយោបាយ ដើម្បី​បន្ថយ​ការ​កើន​ឡើង​នៃ​ភាព​តានតឹង ហើយ​បង្កើន​ការ​ទុក​ចិត្ត​គ្នា ដែល​ធានា​ដល់​ការ​គោរព​យ៉ាង​ពេញលេញ​ចំពោះ​សិទ្ធិ​មនុស្ស រួម​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​នៃ​ការ​ចងក្រង​គ្នា​ជា​ក្រុម ជា​សមាគម និង​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា។
យ៉ាង​ណា​ក៏ដោយ​ចុះ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កញ្ញា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ដាំ​ទៅ​បរទេស​កុំ​ឲ្យ​លូក​ដៃ​ចូល​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា។

នៅ​ចំពោះ​មុខ​សិស្ស​និស្សិត​ជាច្រើន លោក ហ៊ុន សែន ក៏​បាន​សារភាព​ថា លោក​ជា​អ្នក​បញ្ជា​ពី​ប្រទេស​សិង្ហបុរី ឲ្យ​កង​អន្តរាគមន៍​ពិសេស​មាន​ទាំង​ផ្លូវ​គោក ផ្លូវ​អាកាស និង​ផ្លូវ​ទឹក ធ្វើ​សមយុទ្ធ​នៅ​ក្បែរ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ជា​កន្លែង​ដែល​លោក កឹម សុខា កំពុង​ស្នាក់នៅ​បណ្ដោះអាសន្ន​ជាច្រើន​ខែ​មក​ហើយ។ លោក​ថា រដ្ឋាភិបាល​មាន​សិទ្ធិ​បញ្ជា​កងទ័ព​ឲ្យ​ធ្វើ​សមយុទ្ធ​គ្រប់​ពេល និង​គ្រប់​ទីកន្លែង​ទាំងអស់។ លោក​ថា លោក​ចេញ​បញ្ជា​នោះ គឺ​ដើម្បី​ចង់​ដឹង​កម្លាំង​ប្រដាប់​អាវុធ​ប្រតិកម្ម​រហ័ស​បាន​លឿន​ប៉ុណ្ណា ហើយ​មិន​មែន​ជា​ការ​គំរាម​កំហែង​នោះ​ទេ។
ទោះ​យ៉ាង​ណា លោក សូ ចន្ថា លើក​ឡើង​ថា ការ​ធ្វើ​សមយុទ្ធ​ណា​មួយ ត្រូវ​ជូន​ដំណឹង​យ៉ាង​ហោច​ណាស់ ១​សប្ដាហ៍​មុន ហើយ​បណ្ដា​ប្រទេស​នានា​គេ​មិន​ដែល​ធ្វើ​សមយុទ្ធ​នៅ​កណ្ដាល​ទីក្រុង​ដូច​កម្ពុជា នោះ​ទេ ព្រោះ​វា​បង្ក​ហានិភ័យ និង​ភាព​ខ្លាច​ដល់​ប្រជាជន និង​អ្នក​វិនិយោគ​បរទេស។ ម្យ៉ាង​វិញ​ទៀត​លោក​បន្ថែម​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន បែប​នេះ វា​ហាក់​ដូចជា​ផ្ទុយ​ពី​តួនាទី​របស់​កងទ័ព និង​ដើរ​ផ្ទុយ​ពី​គន្លង​លទ្ធិប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: