A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 18 September 2016


ជន​រងគ្រោះ​ដោយ​ការ​រំលោភ​សិទ្ធិ​សាទរ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែល​ទទួល​យក​បណ្ដឹង

ដោយ ខែ សុណង
2016-09-18
   
តវ៉ា​ប្រឆាំង​​ការ​លុបបឹង ៨៥៥
ទិដ្ឋភាព​សមត្ថកិច្ច​រារាំង​ក្រុម​ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​ដោយសារ​ការ​លុបបឹង និង​បណ្ដាញ​ព្រះសង្ឃ នៅ​ចំណុច​បឹងកក់ មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Uon Chhin
RFA/Uon Chhin

គ្រួសារ​ជន​រងគ្រោះ​ដោយ​ការ​បាញ់​សម្លាប់ សកម្មជន​ដីធ្លី និង​អង្គការ​សង្គម​ស៊ីវិល បាន​សាទរ​បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​ចេញ​សេចក្ដី​ប្រកាស​ពី​ឯកសារ​លម្អិត​ស្ដីពី​គោល​នយោបាយ​ថ្មី​ក្នុង​ការ​ជ្រើសរើស​បណ្ដឹង និង​ការ​ដាក់​សំណុំ​រឿង​ជា​អាទិភាព។
ការ​សាទរ​នេះ បន្ទាប់​ពី​មេធាវី​អន្តរជាតិ​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដោយ​ការ​រំលោភ​ដីធ្លី បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ ប្ដឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៤ ស្ដីពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ បាន​សាទរ​នឹង​សេចក្ដី​ប្រកាស​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ​ដែរ។
ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ដីធ្លី រួម​ទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​រំពឹង​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) អាច​នឹង​ផ្ដល់​យុត្តិធម៌​ជូន​ពួក​គេ ជា​ជាង​តុលាការ​នៅ​កម្ពុជា។

បូវ សោភា បឹងកក់ ២០១៦ ៨៥៥
តំណាង​សហគមន៍​បឹងកក់ អ្នកស្រី បូវ សោភា ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/San Sel

ស្ត្រី​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា មាន​ទស្សនៈ​ថា លោកស្រី​ត្រេកអរ​ខ្លាំង​ណាស់​បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​ចេញ​សេចក្ដី​ប្រកាស​ពី​ឯកសារ​លម្អិត​ស្ដីពី​គោល​នយោបាយ​ថ្មី​ក្នុង​ការ​ជ្រើសរើស​បណ្ដឹង។ លោកស្រី​បន្ត​ថា ដោយសារ​តែ​សហគមន៍​បឹងកក់ ដែល​រង​ការ​រំលោភ​បំពាន​ដីធ្លី ហើយ​ទទួល​រង​នូវ​អំពើ​អយុត្តិធម៌​មក​ដល់​ពេល​នេះ​ហើយ ថែម​ទាំង​សកម្មជន​ក្នុង​សហគមន៍​កំពុង​ជាប់​បណ្ដឹង និង​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​ទៀត​នោះ នឹង​មិន​ឯកោ​នោះ​ទេ ពោល​គឺ​កំពុង​មាន​ការ​ឃ្លាំ​មើល​ពី​សហគមន៍​អន្តរជាតិ។ លោកស្រី​សង្ឃឹម​ថា តុលាការ​អន្តរជាតិ​មួយ​នេះ នឹង​ផ្ដល់​យុត្តិធម៌​ជូន​ពួក​គាត់ ទោះ​យូរ ឬ​ឆាប់​ក្ដី«ខ្ញុំ​អត់​មាន​ទុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​ខ្មែរ តែ​បើ​សិន​ជា​តុលាការ​នេះ​គាត់​លើក​រឿង​ហ្នឹង​ឡើង ដើម្បី​រក​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ប្រទេស​កម្ពុជា គឺ​ពួក​ខ្ញុំ​មាន​សេចក្ដី​ត្រេកអរ​មែន​ទែន ព្រោះ​ពួក​ខ្ញុំ​ធ្វើ​ការ​តស៊ូ​មតិ​តាំង​ពី​ដើម​រហូត​មក​ដល់​ពេល​នេះ គឺ​យើង​ធ្វើ​ការ​តស៊ូ​មតិ​ពាក់ព័ន្ធ​រឿង​ដីធ្លី​សុទ្ធសាធ»
ជុំវិញ​រឿង​នេះ​ដែរ លោក ឆឺយ ឧត្តមរស្មី ដែល​ជា​កូន​ប្រុស​របស់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដែល​ត្រូវ​បាន​ជន​ល្មើស​បាញ់​សម្លាប់​នៅ​ក្នុង​ព្រៃ​នៃ​ខេត្ត​កោះកុង កាល​ពី​ឆ្នាំ​២០១២ ថ្លែង​ថា វា​ជា​ការ​ល្អ​ខ្លាំង​ណាស់​សម្រាប់​លោក ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នឹង​ទទួល​យក​បណ្ដឹង​នានា​ដែល​ពាក់ព័ន្ធ​ការ​រំលោភ​បំពាន ការ​បណ្ដេញ​ចេញ ការ​គំរាម​កំហែង និង​ការ​បាញ់​សម្លាប់ ដែល​នៅ​ពុំ​ទាន់​ទទួល​បាន​ភាព​យុត្តិធម៌​នៅ​ឡើយ​នោះ។ លោក​ជឿជាក់​លើ​តុលាការ​មួយ​នេះ«យើង​មាន​សង្ឃឹម​ច្រើន បើ​សិន​ជា​គាត់​ព្រម​យក​សំណើ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ដាក់​ទៅ។ ជន​រងគ្រោះ​ដូចជា​ខ្ញុំ ក៏​ខ្ញុំ​ដាក់​ទៅ ក៏​ខ្ញុំ​បាន​រៀបចំ​ឯកសារ​សម្រាប់​ដាក់​ទៅ អាយ.ស៊ី.ស៊ី (ICC) លើ​បញ្ហា​ឃាតកម្ម​ឪពុក​ខ្ញុំ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ខេត្ត​កោះកុង ដែរ។ ខ្ញុំ​សង្ឃឹម​ថា អាយ.ស៊ី.ស៊ី នឹង​ជួយ​រក​យុត្តិធម៌ និង​រក​ជន​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​ឪពុក​ខ្ញុំ​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ»
កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា រដ្ឋ​អាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) អ្នកស្រី ហ្វាទូ បេនស៊ូដា (Fatou Bensouda) បាន​ចេញ​ផ្សាយសេចក្ដី​ប្រកាស​ពី​ឯកសារ​លម្អិត​ស្ដីពី​គោល​នយោបាយ​ថ្មី ស្ដីពី​ការ​ជ្រើសរើស​បណ្ដឹង និង​ការ​ដាក់​សំណុំ​រឿង​ជា​អាទិភាព។
តំណាង​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជិនស៍ (Global Diligence) លោក​មេធាវី រីឆាត រ៉ូជើរ (Richard Rogers) ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៤ ស្ដីពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ សាទរ​នឹង​សេចក្ដី​ប្រកាស​នេះ ហើយ​ថា វា​ជា​ភ្លើង​ខៀវ​ក្នុង​ការ​សើរើ​បណ្ដឹង​របស់​លោក​មក​ជំនុំ​ជម្រះ ហើយ​វា​ក៏​ជា​អវសាន​នៃ​អ្នក​រំលោភ​សិទ្ធិ​មនុស្ស និង​ដីធ្លី​នៅ​កម្ពុជា ដែរ។
លោក រីឆាត រ៉ូជើរ លើក​ឡើង​ទៀត​ថា សេចក្ដី​ប្រកាស​ដដែល​នេះ​បញ្ជាក់​ថា នីតិវិធី​ថ្មី​របស់ ICC នឹង​ជួយ​បិទ​បញ្ចប់​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ក្នុង​អំឡុង​ពេល​ដែល​មាន​សន្តិភាព។ ម្យ៉ាង​ទៀត នេះ​ក៏​នឹង​ជា​ការ​ចាប់​ផ្ដើម​បើក​សំណុំ​រឿង​ដែល​លោក​បាន​ប្ដឹង​ក្រុម​បក្ខពួក​អ្នក​មាន នៃ​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា ដែល​បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជន​រងគ្រោះ​ប្រទេស​ខ្លួន ដូចជា​ការ​បាញ់​សម្លាញ់​សកម្មជន ឬ​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ។
លោក​មេធាវី​ដដែល​បាន​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅ​ទីក្រុង​ឡាអេ ដោយ​បណ្ដឹង​នោះ​ស្នើ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ជំហាន​ដំបូង​ចំពោះ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ពាក់ព័ន្ធ​នឹង​ការ​បណ្ដេញ​ពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​លំនៅឋាន។
នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ មាន​ប្រសាសន៍​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា មិន​អាច​ឲ្យ​ពលរដ្ឋ​ទុក​ចិត្ត​បាន ឬ​ផ្ដល់​ភាព​ជឿជាក់​ពី​ជន​រងគ្រោះ​នៅ​កម្ពុជា ទេ។ លោក​សង្ឃឹម​ថា យន្តការ​អន្តរជាតិ​នេះ​ជា​ក្ដី​រំពឹង​មួយ​សម្រាប់​ពលរដ្ឋ និង​ផ្នែក​មួយ​ដូចជា​តុលាការ​ខ្មែរ​ក្រហម ដែល​ឈាន​ទៅ​ចាប់​ជន​ឧក្រិដ្ឋ​ដែល​រំលោភ​សិទ្ធិ និង​រំលោភ​លំនៅឋាន​ពី​ពលរដ្ឋ ហើយ​ជា​រនាំង​ខ្ទប់ និង​បញ្ឈប់​ការ​ជម្លៀស​ចេញ និង​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន។
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មិន​បំពាន​អធិបតេយ្យភាព ឬ​ក៏​មិន​មាន​តួនាទី​ជាន់​គ្នា​ជាមួយ​ប្រទេស​ជា​សមាជិក​ត្រង់​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មិន​លូកលាន់​កាត់​ទោស​ជន​ណា​ដែល​ស្ថាប័ន​ច្បាប់ នៃ​ប្រទេស​ណា​មួយ​ចាត់​វិធានការ​ស្រប​តាម​គតិយុត្តិ​ហើយ​នោះ​ទេ។ ប៉ុន្តែ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចាត់​ការ​តែ​រឿង​ក្តី​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ណា​ដែល​ម្ចាស់​ប្រទេស ព្រងើយ​កន្តើយ​មិន​ដោះស្រាយ ឬ​ក៏​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​ចាត់​ការ​ដោះស្រាយ ដែល​គ្រាន់​តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​នៅ​ក្រោម​សម្ពាធ​រដ្ឋាភិបាល ដើម្បី​ជួយ​ការពារ​ឧក្រិដ្ឋជន​មិន​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ឧក្រិដ្ឋ​ដែល​ជន​នោះ​បាន​ប្រព្រឹត្ត​ទៅ​វិញ៕

No comments: