A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 30 July 2016

កម្ពុជា​ច្រានចោល​ការចោទ​ថា​លម្អៀង​ទៅ​រក​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង


29 កក្កដា 2016 voa
ហ៊ុល រស្មី


រូបឯកសារ៖ លោក Li Keqiang នាយករដ្ឋមន្ត្រី​ចិន​ (ឆ្វេង) ពិភាក្សា​ជាមួយ​លោក Wang Yi រដ្ឋមន្ត្រី​ការ​បរទេស​ចិន (កណ្តាល) ខណៈ​ដែល​លោក​និង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចូល​រួម​នៅ​ក្នុង​​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​នៅ​ទី​ក្រុង​អ៊ូឡង់បាទ័រ (Ulaanbaatar) ប្រទេស​ម៉ុងហ្គោលី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (Damir Sagolj/Pool Photo via AP)
រូបឯកសារ៖ លោក Li Keqiang នាយករដ្ឋមន្ត្រី​ចិន​ (ឆ្វេង) ពិភាក្សា​ជាមួយ​លោក Wang Yi រដ្ឋមន្ត្រី​ការ​បរទេស​ចិន (កណ្តាល) ខណៈ​ដែល​លោក​និង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចូល​រួម​នៅ​ក្នុង​​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​នៅ​ទី​ក្រុង​អ៊ូឡង់បាទ័រ (Ulaanbaatar) ប្រទេស​ម៉ុងហ្គោលី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (Damir Sagolj/Pool Photo via AP)



លោក​ ប្រាក់​ សុខុន ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​​ ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​​ ថា​ កម្ពុជា​បាន​រក្សា​ការពារ​នូវ​ជំហរ​ ត្រឹម​ត្រូវ​របស់​ខ្លួន​ ដែល​ថា​មិន​កាន់​ជើង​ភាគី​ណាមួយ​ដែល​កំពុង​មាន​ទំនាស់​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ពិសេស​ គឺ​ទំនាស់​រវាង​​ចិន​ និង​​ប្រទេស​ហ្វីលីពីន។

ភ្នំពេញ —

លោក​ ប្រាក់​ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ បាន​ថ្លែង​ថា​ កម្ពុជា​បាន​ធ្វើ​ការ​ងារ​ច្រើន​ដោយចំហ​ និង​សម្ងាត់នៅ​ក្នុង​ការ​រកច្រក​ចេញ​ក្នុង​ទំនាស់​ស្ថិត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែលថា​កម្ពុជា បាន​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​នៅ​ក្នុង​ការ​ចេញ​សេចក្តី​ការណ៍​រួម​របស់​អាស៊ាន​ចំពោះ​ទំនាស់​ដ៏​ស្រួច​ស្រាល់​នេះ។​

លោក​ ប្រាក់​ សុខុន​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ទីស្តីការ​ក្រសួង​បរទេស​នៅ​រាជធានី​ភ្នំពេញ​ ​នាព្រឹក​ថ្ងៃ​សុក្រ​នេះ ថា​ កម្ពុជា​បាន​រក្សា​ការពារ​នូវ​ជំហរ​ ត្រឹម​ត្រូវ​របស់​ខ្លួន​ ដែល​ថា​មិន​កាន់​ជើង​ភាគី​ណាមួយ​ដែល​កំពុង​មាន​ទំនាស់​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ពិសេស​ គឺ​ទំនាស់​រវាងចិន​ និងប្រទេស​ហ្វីលីពីន។​



«តើកម្ពុជា​បាន​ធ្វើអ្វី​នៅ​ក្នុង​រឿង​ហ្នឹង?​ ទីមួយ​ បានរក្សា​ការពារ​នូវជំហរ​ ត្រឹម​ត្រូវ​របស់​ខ្លួន​ ដែល​ថា​ មិន​កាន់​ជើង​ខាង​ណា​ ហើយ​ពិសេស​បាន​រួមចំណែក​ ដ៏សំខាន់​ នៅ​ក្នុង​ការ​បញ្ចៀស​ សភាព​ការណ៍​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ភាព​ដុន​ដាប​ជាង​នេះ​ តាម​រយៈ​ការសម្រុះ​សម្រួល​ភាគី​ដែល​ពាក់​ព័ន្ធ​ទាំង​អស់​នោះ»។​

រូប​ឯកសារ៖ លោក​ ប្រាក់​ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា
រូប​ឯកសារ៖ លោក​ ប្រាក់​ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា

លោក​បន្ត​ថា​ ​ប្រទេស​ហ្វីលីពីន​ បាន​យល់​ព្រម​ជា​ឯកតោ​ភាគី​ថា​ ខ្លួន​មិន​បញ្ចូល​ ពាក្យ​មួយ​ឃ្លា​ដែល​សរសេរ​ថា​ «​គោរព​ដោយ​ពេញលេញ​នូវ​ដំណើរការ​ផ្លូវច្បាប់​ និង​ការទូត» ដែល​សំដៅ​ដល់​សាលដីកា​ចេញ​ដោយតុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​ទីក្រុង​ឡាអេ ​កាលពី​ថ្ងៃ​ទី​ ១២​ ខែ​កក្កដា​ ​ទៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​ជា​សមាជិកអាស៊ាន​។​ សេចក្តីថ្លែង​ការណ៍​រួម​នេះបាន​ចេញ​នៅក្នុង​ទីក្រុង​វៀងច័ន្ទ​ ​ប្រទេស​ឡាវ កាលពី​ថ្ងៃ​អាទិត្យ​ទី​២៤​ ខែ​កក្កដា​នេះ​។​

លោក​អះអាង​ថា​ ការ​ដក​ពាក្យមួយ​ឃ្លា​នេះ​ចេញ​ ​បាន​ទម្លុះ​ទម្លាយ​ភាព​ទ័លច្រក​រវាង​ភាគី​ពាក់​ព័ន្ធ​នឹងជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។​

កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ​ ប្រទេស​ចិន​ ​ដែល​ជា​អ្នកផ្តល់​ជំនួយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដល់​កម្ពុជា​ក្នុង​វិស័យ​សេដ្ឋកិច្ច​ និង​យោធា​ និង​ជា​ប្រទេស​វិនិយោគ​ដ៏​ធំមួយ​នៅ​ប្រទេស​កម្ពុជា​ បាន​កោត​សរ​សើរ​ដល់​ជំហរ​អនុប្បវាទ​របស់​កម្ពុជា​ ចំពោះ​សាល​ដីកា​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​ ដែល​កាត់​សេច​ក្តី​ឲ្យ​ប្រទេស​ហ្វីលី​ពីនឈ្នះ​ក្តី​លើប្រទេស​ចិន​ពាក់​ព័ន្ធ​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដ៏​ចម្រូង​ចម្រាស​នេះ​។​

ការ​កោត​សរសើរ​នេះ​ ត្រូវបាន​ធ្វើ​ឡើង​ដោយ​ លោក ​Wang Yi រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ក្នុង​ជំនួប​ទ្វេ​ភាគី​ក្រៅ​ផ្លូវ​ការ​រវាង​លោក និង​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​គឺ​លោក ​ប្រាក់ សុខុន​ ខណៈ​ដែល​ពួក​គេ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ នៅ​ទី​ក្រុង​វៀងច័ន្ទ​ ​ប្រទេស​ឡាវ​កាលពី​ពេល​ថ្មី​ៗនេះ​។​ កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការបរទេស​នេះ​ គឺ​ជា​ជំនួប​ផ្លូវការ​ដំបូង​បង្អស់​មួយ​ គិត​ចាប់​តាំង​ពី​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​ទី​ក្រុង​ឡា​អេ​ចេញសាល​ដីកា​របស់​ខ្លួន​។​

នៅមុន​ការ​កោតសរ​សើរ​របស់​លោក​ Wang Yi លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាសក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ពាក់​កណ្តាល​ខែកក្កដា​ថា​ ​ ប្រទេស​ចិន​បាន​សន្យា​នឹង​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​៦០០​លាន​ដុល្លារ​សម្រាប់​គាំទ្រ​វិស័យ​ជាច្រើន​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​៣​ឆ្នាំ។

ការ​ប្រកាស​ផ្តល់​ជំនួយ​របស់​ចិនចាប់​ពីឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៨​នេះ​ធ្វើឡើង​គឺ​បន្ទាប់​ពី​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​នៅ​ទី​ក្រុង​ឡាអេ​ (The Hague) ចេញ​សាល​ដីកា​ឲ្យប្រទេស​ហ្វីលីពីន​ឈ្នះក្តីទាក់​ទង​នឹង​ជម្លោះ​ដណ្តើម​កម្ម​សិទ្ធិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ​ដែល​ប្រទេស​ហ្វីលីពីន​បាន​ប្តឹង។​ ​តុលាការ​បាន​ចាត់​ទុក​ថា​ ចិន​គ្មាន​សិទ្ធ​ស្រប​ច្បាប់​ចំពោះ​អំណះ​អំណាង​ទាក់ទង​នឹង​ភស្តុតាង​ប្រវត្តិ​សាស្ត្រ​នោះ​ទេ។ ​តែចិន​ក៏មិន​ទទួល​ស្គាល់​សាល​ដីកា​របស់​តុលាការ​ដែរ។​

ថ្វី​ដិ្បត​តែ​លោក​ ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បាន​ការពារ​អព្យាក្រិត​ភាព​របស់​កម្ពុជា​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​កម្ពុជា​មិន​មែន​ជា​ភាគីពាក់​ព័ន្ធ​នឹង​ជម្លោះ​នេះក្តី​ លោក​ ឈាង​ វណ្ណា​រិទ្ធ​ អ្នក​ជំនាញ​ខាង​ទំនាក់​ទំនង​អន្តរជាតិ​អំពី​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​ បាន​ប្រាប់ វីអូអេ​ នាល្ងាច​ថ្ងៃ​សុក្រ​នេះ​ថា​ កម្ពុជា​ពិបាក​នឹង​ប្រកាន់​ជំហរ​ឯករាជ្យរបស់​ខ្លួន​ឲ្យ​ស្ថិត​នៅ​កណ្តាល​បានពេញលេញ​នៅ​ក្នុង​ជម្លោះ​នេះ ដោយ​សារ​តែ​កម្ពុជា​បាន​ពឹង​ផ្អែក​ខ្លាំង​លើ​សេដ្ឋកិច្ច​ និង​ជំនួ​យ​របស់​ប្រទេស​ចិន។​

លោក​ថា​ ​កម្ពុជាត្រូវ​កាត់​បន្ថយ​ការ​ផ្តេក​ផ្តួល​របស់​ខ្លួន​ទៅ​លើ​ដង្ហើម​សេដ្ឋកិច្ច​ចិន​ ប្រយោជន៍​រក្សា​អព្យា​ក្រិត​ភាព​របស់​ខ្លួននៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ចិន​មាន​ជាមួយ​ប្រទេស​សមាជិក​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន។​ ​

«វិធី​សាស្ត្រ​ដែល​អាច​ជំរុញ​ឲ្យ​យើង​មាន​ហៅ​ថា​ ភាព​អព្យាក្រិត​ដ៏​ឥត​លំអៀង​នោះ​ ទាល់​តែ​យើង​មាន​ដៃ​គូ​ពាណិជ្ជកម្ម​ឲ្យ​បាន​ច្រើន​ ដៃ​គូ​សេដ្ឋកិច្ច​ឲ្យច្រើន​ ហើយ​បើយើង​ពឹង​តែ​ដៃ​គូសេដ្ឋកិច្ច​លើ​ចិន​ខ្លាំង​ពេក​ យើង​ពិបាក​នឹង​មាន​ហៅ​ថា​ ឯករាជ្យ​ភាព​ ប្រាកដ​ប្រជា​មួយ»។​ ​

ការ​ថ្លែង​បញ្ជាក់​ជំហរ​កម្ពុជា​ក្នុង​ទំនាស់សមុទ្រចិន​ខាង​ត្បូងដោយ​លោក​ប្រាក់​ សុខុន​បាន​កើត​មាន​ឡើង​ នៅ​ចំ​ពេល​ដែល​លោក​ ​ហេង​ សំរិន​ ​ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុជា​ បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ចិន​វិញ​ នា​ថ្ងៃ​សុក្រនេះ​ដែរ​ បន្ទាប់​ពី​លោក​ បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈ​ពេល​៥ថ្ងៃ​ ទៅ​កាន់ប្រទេស​កុម្មុយ​នីស្ត​មួយ​នេះ​។​

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​ដោយ​សភា​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ បាន​ឲ្យដឹង​ថា​ ក្នុង​ដំណើរ​របស់​លោក​ទៅកាន់​ ប្រទេស​ចិន​ លោក​ហេង សំរិន​ បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ ទីក្រុង​ណាននីង​ និង​ខេត្តក្វាងស៊ី​ ជាទី​ដែល​លោក​ បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ អ៊ី ចឹង​សឹង​ ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់នយោបាយ​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស​ លោក ចាង​ តឺជាំង​ ប្រធាន​សភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស​ លោក​ លី​ យៀន​ឆាវ​ អនុប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​ និង​លោក​ ផឹង​ ឈីង​ហូ​ ​ប្រធាន​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​សភា​ប្រជា​ជន​ខេត្ត​ក្វាងស៊ី​។​

លោក​ ហេង​ សំរិន​ បាន​ប្រាប់​ភាគី​ចិន​ នូវ​គោល​ជំហរ​ឥត​ងាករេ​របស់​កម្ពុជា​ ក្នុង​ការ​ទទួល​ស្គាល់​ប្រទេស​ចិន​តែមួយ​តាំងពីដើម​រៀងមក។​

ទាក់​ទង​ទៅ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ លោក​ ហេង​ សំរិន​ បាន​គាំទ្រ​ពេញ​ទំហឹង​ ចំពោះ​ជំហរ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​បាន​ប្រកាស​ដោយ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថា​ កម្ពុជា​មិន​គាំទ្រ​ និង​ប្រឆាំង​ ចំពោះ​សេចក្តី​ថ្លែងការណ៍​ណាមួយ​របស់​អាស៊ាន​ ដែល​គំាទ្រ​ សាលដីកា​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​ទីក្រុង​ឡាអេ​ ហើយ​ចាត់​ទុក​ថា​ ជា​បញ្ហា​ដែល​ត្រូវ​ដោះ​ស្រាយ​រវាង​ភាគី​ពាក់​ព័ន្ធ​តែប៉ុណ្ណោះ​ និង​សំណូមពរ​ឲ្យ​ភាគី​ពាក់​ដោះស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី​ ដោយ​ប្រើប្រាស់​យន្តការ​នៃ​សេចក្តី​ថ្លែង​ការណ៍​ ស្តីពី​ការប្រតិបត្តិ​របស់​ភាគី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង(DOC) ​និង​ជំរុញ​ការ​ចរ​ចា​ ដើម្បី​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ក្រម​ប្រតិបត្តិ​ ​(COC)​។​

ក្រៅពីការ​លើកឡើង​អំពី​ជំហរ​កម្ពុជា​ ទាក់​ទង​នឹង​ជម្លោះសមុទ្រ​ចិន​ខាង​ត្បូង​នេះ​ លោក​ហេង​ សំរិន​ បាន​ស្នើ​ទៅ​សមភាគី​ចិន​ឲ្យ​គាំទ្រ​សំណើ​របស់​រដ្ឋសភាដែល​បាន​សុំ​ឲ្យ​ភាគី​ចិន​ជួយ​សាងសង់​អគារ​រដ្ឋបាល​រដ្ឋសភា​មាន​កម្ពស់​១២​ជាន់។​ ​សភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស​ បាន​សន្យា​នឹង​ពាំ​នាំ​សំណើ​នេះ​ទៅ​រដ្ឋាភិបាល​ចិន​ និង​ក្រសួង​ពាក់​ព័ន្ធ៕

1 comment:

Anonymous said...

One more Khmer hero - Dr. Kem Ley - is gone.

I've heard that Khmer people hate the culture of impunity very much.

What have they done to stop it? Nothing

Dr. Kem Ley's life should be a solid base for Khmer people to fight to find justice for him. Who kill him?

Just remember that there is no country for coward people.

Bun Thoeun