A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 30 August 2015

របាយការណ៍៖ កម្ពុជា​បាត់បង់​ព្រៃឈើ​ជា​មធ្យម​ជាង​២.០០០​គីឡូម៉ែត្រ​ការ៉េ​រាល់​ឆ្នាំ

១៣-ឧសភា-២០១៣៖ គំនរ​ឈើ​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​វៀតណាម កាប់​រំលំ​ដើម្បី​យក​ដី​ដាំ​កៅស៊ូ​នៅ​តំបន់​ព្រៃឡង់ ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។
RFA/Tin Zakariya
ដោយ យាង សុជាមេត្តា
2015-08-29 rfa

អង្គការ​ការពារ​ព្រៃឈើ​អន្តរជាតិ​ឈ្មោះ ហ្វរ៉ែស្ត ធ្រែនស៍ (Forest Trends) លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ព្រៃឈើ​នៅ​កម្ពុជា បាន​បាត់បង់​ក្នុង​កម្រិត​ប្រកាស​អាសន្ន ដោយសារ​តែ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​អំពើ​ពុករលួយ។ ការ​រក​ឃើញ​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​នៅ​កម្ពុជា សម្ដែង​ការ​គាំទ្រ ហើយ​ថា នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជាក់ស្ដែង​នៅ​កម្ពុជា។

ក្នុង​របាយការណ៍​សិក្សា​របស់​ខ្លួន​ដែល​ផ្សព្វផ្សាយ​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៥ អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ រក​ឃើញ​ថា ការ​បាត់បង់​ព្រៃឈើ​ច្រើន​លើសលប់​នៅ​កម្ពុជា គឺ​កើត​ឡើង​ដោយសារ​តែ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​បាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​គ្រប់គ្រង​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ទទួល​បាន​ពី​រដ្ឋាភិបាល​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ ក្នុង​នោះ​ក៏​មាន​ការ​កាប់​បំផ្លាញ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ផង​ដែរ។

ការ​រក​ឃើញ​របស់​អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក មួយ​នេះ គឺ​ស្រប​ពេល​ដែល​សកម្មជន​ការពារ​ធនធាន​ព្រៃឈើ និង​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​ប្រជា​សហគមន៍​នានា កំពុង​សម្ដែង​ការ​បារម្ភ​អំពី​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន។

អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៣ រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន សរុប​ប្រមាណ ២,៦​លាន​ហិកតារ គឺ​ស្មើ​ប្រមាណ ១៤% នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​កម្ពុជា ហើយ​ដែល​ប្រមាណ ៨០% នៃ​ផ្ទៃដី​សម្បទាន​នេះ គឺ​ស្ថិត​នៅ​ក្នុង​ព្រំដែន​នៃ​តំបន់​ឧទ្យាន​ជាតិ និង​តំបន់​ការពារ​ផ្សេងៗ។

អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ រក​ឃើញ​ថា ដោយសារ​តែ​ដី​សម្បទាន​សេដ្ឋកិច្ច​បាន​ធ្វើ​ឲ្យ​កម្ពុជា បាត់បង់​ព្រៃឈើ​ជា​មធ្យម​ជាង ២​ពាន់​គីឡូ​ម៉ែត្រការ៉េ​ជា​រៀងរាល់​ឆ្នាំ។

អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ កត់សម្គាល់​ថា ការ​បាត់បង់​ព្រៃឈើ​ដ៏​មហិមា​នៅ​កម្ពុជា គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​បរាជ័យ​ជា​ប្រព័ន្ធ​នៃ​ការ​អនុវត្ត​ច្បាប់​ការពារ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ពី​ការ​កើត​ឡើង​អំពើ​ពុករលួយ​នៅ​ក្នុង​វិស័យ​នេះ។ ក្នុង​ពេល​ជាមួយ​គ្នា ហ្វរ៉ែស្ត ធ្រែនស៍ អះអាង​ថា នៅ​កម្ពុជា ចំនួន​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ឯកជន​បន្ត​កើន​ឡើង​ជា​មធ្យម​ប្រមាណ​ជាង ២​សែន​ (២០៨.១៤១) ហិកតារ ក្នុង​១​ឆ្នាំៗ។

បន្ថែម​ពី​លើ​នេះ អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ លើក​ឡើង​ថា ការ​កើន​ឡើង​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា បន្ត​កើត​ឡើង​បើ​ទោះ​ជា​នៅ​បន្ទាប់​ពី​កម្ពុជា ចាប់​ផ្ដើម​ទទួល​បាន​ថវិកា​ក្រោម​កម្មវិធី​ការ​កាត់​បន្ថយ​កម្ដៅ​ទៅ​លើ​ភព​ផែនដី​ដោយសារ​ការ​កាប់​ព្រៃឈើ​របស់​អង្គការ​សហប្រជាជាតិ ចាប់​តាំង​ពី​ឆ្នាំ​២០១១ មក​ក្តី។ ថវិកា​ដែល​ផ្ដល់​ឲ្យ​កម្ពុជា នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្ដេជ្ញា​របស់​កម្ពុជា ក្នុង​ការ​គោរព​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​ការ​ការពារ​ព្រៃឈើ​ប្រកប​ដោយ​និរន្តរភាព។

យ៉ាង​ណា​ក៏ដោយ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​របស់​អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា នៅ​ឡើយ​ទេ។

ប៉ុន្តែ​រដ្ឋាភិបាល​បាន​អះអាង​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​ខ្លួន​ថា កាលពី​ក្នុង​នីតិកាល​ទី​៤ កន្លង​ទៅ រដ្ឋាភិបាល​បាន​រក្សា​គម្រប​ព្រៃឈើ​សរុប​ប្រមាណ ១០​លាន​ហិកតារ ឬ​ស្មើ​ប្រមាណ​ជិត ៦០% នៃ​ផ្ទៃ​ប្រទេស។ លើស​ពី​នេះ រដ្ឋាភិបាល​ក៏​បាន​បោះ​បង្គោល​ព្រំដែន​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍​ប្រវែង ២.០២០​គីឡូម៉ែត្រ និង​បាន​បង្កើត​សហគមន៍​ព្រៃឈើ​ចំនួន ៤៥៣ ក្នុង​ខេត្ត​ចំនួន​១៩ លើ​ផ្ទៃដី​ចំនួន​ជិត ៤​សែន (៣៩៩.៨៨០) ហិកតារ​ផង​ដែរ។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​ក៏​បាន​ការពារ​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប​ដែល​មាន​ទំហំ​ប្រមាណ​ជាង ៦៤​ម៉ឺន (៦៤៧.០០០) ហិកតារ​ទៀត​ផង។

យ៉ាងណា​ក៏ដោយ​ចុះ សង្គម​ស៊ីវិល និង​សកម្មជន​ការពារ​ព្រៃឈើ​អះអាង​ថា កម្ពុជា​កំពុង​ជួប​វិនាសកម្ម​ព្រៃឈើ​គួរ​ឲ្យ​ព្រួយ​បារម្ភ។

ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ថា ការ​រក​ឃើញ​របស់​អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ គឺ​ស្រដៀង​ទៅ​នឹង​អ្វី​ដែល​អង្គការ​របស់​លោក​រក​ឃើញ​នៅ​ពេល​កន្លង​មក។

លោក អ៊ូច ឡេង បន្ត​ថា មូលហេតុ​ធំ​បំផុត​ដែល​ធ្វើ​ឲ្យ​មាន​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា នោះ​គឺ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​ឯង។ លោក​ថា បើ​ទោះជា​រដ្ឋាភិបាល​បាន​លុប​អាជ្ញាប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ខ្លះ ឬ​មិន​ផ្ដល់​អាជ្ញាប័ណ្ណ​ថ្មី​បន្ត​ទៀត​ក្ដី ប៉ុន្តែ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ក្រុមហ៊ុន​ធំៗ​មាន​អំណាច​នៅ​កម្ពុជា នៅតែ​បន្ត​រហូត​ដល់​សព្វថ្ងៃ ដែល​មិន​ទាន់​មាន​ស្ថាប័ន ឬ​សមត្ថកិច្ច​ណា​មួយ​ហ៊ាន​ចេញ​មុខ​ទប់ស្កាត់​ឡើយ។ លោក​ថា មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ កន្លង​មក​មន្ត្រី​រដ្ឋាភិបាល​ថែម​ទាំង​បាន​ចេញ​មុខ​និយាយ​ការពារ​សកម្មភាព​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ផង តួយ៉ាង​ដូចជា​ក្រុមហ៊ុន ទ្រី ភាព ជាដើម។

លោក អ៊ូច ឡេង ថ្លែងថា រដ្ឋាភិបាល​គួរ​ទទួល​យក​ការពិត ហើយ​ត្រូវ​ធ្វើ​កំណែទម្រង់​ដើម្បី​ទប់ស្កាត់​វិនាសកម្ម​ព្រៃឈើ​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា៖ «កត្តា​សំខាន់​បំផុត​គឺ​បញ្ហា​អំពើ​ពុករលួយ ការ​ឃុបឃិត​គ្នា​ដើម្បី​រកស៊ី​មាន​បាន ជាពិសេស​រដ្ឋាភិបាល និង​មន្ត្រី​ធំៗ បាន​ជាប់​ឆ្នោត​ដោយសារ​តែ​គាត់​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ឧកញ៉ា​ធំៗ ដើម្បី​ជួយ​ផ្គត់ផ្គង់​គណបក្ស​ប្រជាជន​ដើម្បី​ឲ្យ​មាន​លទ្ធភាព​ក្នុង​ការ​ឃោសនា​បោះឆ្នោត ពង្រឹង​គណបក្ស​របស់​គាត់​កាន់​អំណាច​ត​ទៅ​មុខ អ៊ីចឹង​ហើយ​បាន​ជា​រដ្ឋាភិបាល​ព្យាយាម​កាន់​ជើង​ក្រុមហ៊ុន​ធំៗ ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​ផ្ទាល់​ខ្លួន​ផង ដើម្បី​ប្រយោជន៍​អំណាច​នៅ​ក្នុង​បក្ស​របស់​ខ្លួន​ផង»។

​ទាក់ទង​នឹង​គម្រប​ព្រៃឈើ​ធម្មជាតិ​សរុប​នៅ​កម្ពុជា វិញ លោក អ៊ូច ឡេង បញ្ជាក់​ថា គឺ​នៅ​សល់​ប្រមាណ ២០% ប៉ុណ្ណោះ នៃ​ផ្ទៃ​ប្រទេស​កម្ពុជា សរុប៖ «ដូច​ខ្ញុំ​បាន​និយាយ​អ៊ីចឹង គឺ​មាន​ប្រមាណ ២០ ទៅ ២៥% ក្នុង​ឆ្នាំ​២០១៤ ឥឡូវ​ប្រហែល​សល់​ពី ១៨ ទៅ ២០% ប៉ុណ្ណោះ ព្រោះ​ថា គេ​កាប់​មួយ​ខែ​យ៉ាង​ហោច​ណាស់​ក៏ ១០ ទៅ ២០​គីឡូ​ដី​ដែរ ដើម្បី​យក​ឈើ​ប្រណិត​ធំៗ»។

​ច្បាប់​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​លើស​ពី ១​ម៉ឺន​ហិកតារ​នោះ​ទេ។ ប៉ុន្តែ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា កាល​ពី​ចុង​ឆ្នាំ​២០១៣ រក​ឃើញ​ថា ក្រុមហ៊ុន​របស់​លោក ទ្រី ភាព ទទួល​បាន​ដី​សម្បទាន​សរុប​រហូត​ដល់​ជិត ៧​ម៉ឺន (៦៨.០៨៨) ហិកតារ ហើយ​ដែល​បាន​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​ចំនួន ១០​នៅ​កម្ពុជា ដូចជា​ខេត្ត​កោះកុង ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ពោធិ៍សាត់ កំពង់ធំ កំពង់ស្ពឺ សៀមរាប និង​ឧត្តរមានជ័យ។

ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា រក​ឃើញ​ដែរ​ថា សកម្មភាព​អាជីវកម្ម​ចម្បង​បំផុត​របស់​ក្រុមហ៊ុន ទ្រី ភាព គឺ​ការ​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ប្រណិត ឈើ​មាន​តម្លៃ ដូចជា គ្រញូង បេង កកោះ នាងនួន ធ្នង់ គគីរ គ្រើល និង​ឈើ​ប្រណិតៗ​ដទៃ​ទៀត​ពី​កម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ក្រៅ​តាម​រយៈ​ប្រទេស​វៀតណាម។

​បន្ថែម​ពីលើ​នេះ ក្រុមហ៊ុន ទ្រី ភាព មាន​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​វៀតណាម ជា​ច្រើន ដូចជា​ក្រុមហ៊ុន វីណាខមមីនកូ (Vinacominco) ក្រុមហ៊ុន​កៅស៊ូ​វៀតណាម វី.អ.ជី (VRG) ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) ក្រុមហ៊ុន ហ័ងអាញ់ យ៉ាឡាយ (Hoang Anh Gia Lai) ក្រុមហ៊ុន ហេង ប្រាឌើ (Heng Brother) ក្រុមហ៊ុន ស៊ី.អ.ឌី (CRD) ក្រុមហ៊ុន ហ័ងអាញ់ អូរយ៉ាដាវ (Hoang Anh Oydav) ក្រុមហ៊ុន ហ័ងអាញ់ ម៉ាយ៉ាង (Hoang Anh Mang Yang) និង​ក្រុមហ៊ុន​ជា​ច្រើន​ផ្សេង​ទៀត។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន ទ្រី ភាព ក៏​ទទួល​បាន​សិទ្ធិ​ទិញ​ឈើ​ផ្ដាច់​មុខ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ផង​ដែរ។

​ជាង​នេះ​ទៅ​ទៀត ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា រក​ឃើញ​ថា លោក ទ្រី ភាព បាន​បង់​ប្រាក់​ទៅ​ឲ្យ​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រចាំ​ក្នុង ១​ខែ ១​លាន​ដុល្លារ​ជា​ថ្លៃ​ដឹក​ឈើ​ចេញ​ពី​ស្រុក​ខ្មែរ​ទៅ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន។

ចំណែក​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) បាន​លើក​ឡើង​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ ថា ក្រុមហ៊ុន ទ្រី ភាព បាន​នាំ​ឈើ​ចេញ​តាម​ច្រក​កំពង់ផែ​ក្រុង​ព្រះសីហនុ ទៅ​បរទេស​ប្រមាណ ៩០០​ម៉ែត្រគូប​ជា​រៀងរាល់​ថ្ងៃ។ ប្រមាណ ៨៥% នៃ​ឈើ​ទាំង​អស់​នោះ គឺ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ហើយ​ដែល​នាំ​ចំណូល​ដល់​ក្រុមហ៊ុន​រាប់​លាន​ដុល្លារ។

Global Witness អះអាង​ថា ក្រុមហ៊ុន ទ្រី ភាព និង​បណ្ដាញ​របស់​ក្រុមហ៊ុន​នេះ កំពុង​បង្ក​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា និង​បំផ្លាញ​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​ជនជាតិ​ដើម។ យ៉ាង​ណា​ក៏ដោយ Global Witness លើក​ឡើង​ថា សមត្ថកិច្ច​រដ្ឋាភិបាល​មិន​ត្រឹមតែ​មិន​បញ្ឈប់​សកម្មភាព​របស់​ក្រុមហ៊ុន ទ្រី ភាព នោះ​ទេ តែ​ពួកគេ​បែរ​ជា​ជួយ​ការពារ​ក្រុមហ៊ុន ទ្រី ភាព នេះ​ទៅ​វិញ៕

No comments: