A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 30 May 2015

តំណក់​ទឹក​ស្អាត!


Fri, 29 May 2015 ppp

ព្រះសង្ឃ​គង់​នៅ​វត្ត​ឧណ្ណាលោម និមន្ត​ចែក​អំណោយ​​​​ដល់​ពលរដ្ឋ​ក្រីក្រ កាលពី​ឆ្នាំ ២០១២ ។ ហេង ជីវ័ន

ឱ! ជាតិ​សាសន៍​ខ្មែរ​អើយ! ពេល​អ្នក​ឮ​ពួកយើង​និយាយ​ថា​ពួកយើង​ស្រឡាញ់​អំពើ​ល្អ ពួក​យើង​កំពុង​នាំគ្នា​ដាំ​ពង្រីក​អំពើ​ល្អ ពួក​យើង​នាំគ្នា​ការពារ​អំពើ​ល្អ គេ​ថា​ពួកយើង​រស់​មិន​ចុះ​ចំណោម​គេ! មិន​ចូល​ស្ទឹង​តាម​បត់​ជាដើម។ ពេល​អ្នក​ឮ​ពួកយើង​​និយាយ​ថា ពួកយើង​ស្អប់​អំពើ​អាក្រក់​ ពួកយើង​រួមគ្នា​កម្ទេច​អំពើ​អាក្រក់ គេ​ចោល​ភ្នែក​មើល​មក​យើង​ប្រៀប​ដូចជា​យើង​​នេះ​ជា​សត្វ​ចម្លែក​ដែល​មាន​ក្បាល​ពីរ​ជើង​បី។

មនុស្ស​ខ្មែរ​ឥឡូវ​ធ្វើ​អាក្រក់​លែង​ខ្មាស​លែង​ស្គាល់​ពាក្យ​ថា​ខ្ពើម​បាប តែ​វា​ទៅ​ជា​ខុស​គេ​មិន​ច្រឡំ​គេ​ពេល​យើង​ហៅ​គេ​ឲ្យ​នាំ​គ្នា​បែរ​មក​ធ្វើ​អំពើ​ល្អ។ ពេល​​យើង​ថា​អ្វីៗ​ត្រូវ​ផ្ដើម​ចេញ​ពី​ការ​មាន​សម្មាទិដ្ឋិ គួរ​នាំគ្នា​រៀន​នាំ​គ្នា​ធ្វើ​បុណ្យ​ទី​ភ្លឺ នោះ​គឺ​ការ​ធ្វើ​បុណ្យ​ជួយ​ជាតិ​ដោយ​គ្មាន​រំពឹង​ផល​តប​ស្នង​មក​ខ្លួន​វិញ​។ គេ​ថា​អី​គេ​ វា​មិន​ដែល​មាន​មនុស្ស​ជួយ​គេ​ដោយ​មិន​គិត​រក​ផលប្រយោជន៍​មក​ខ្លួន​វិញ! វា​មិន​ដែល​មាន​អ្នកណា​ធ្វើ​នយោបាយ​មិន​ចង់​បាន​អី! តើ​ត្រូវ​ពន្យល់​ខ្មែរ​ឲ្យ​យល់​ត្រង់​ចំណុច​នេះ​ដូច​ម្ដេច​ទៅ បើ​សូម្បីតែ​ពួក​ទស្សនវិទូ​លោក​ខាង​លិច​ខ្លះ​ក៏​យល់​មិន​បាន​ត្រង់​នេះ​ដែរ។

គេ​បាន​លើក​ឡើង​ថា ការ​ជួយ​​អ្នក​ដទៃ គឺជា​ការ​ចុះ​ទុន​រយៈពេល​វែង​ដែល​​​នឹង​ទទួល​បាន​កម្រៃ​ច្រើន​ពេល​ក្រោយ។ ការ​គិត​​បែប​នេះ​ស្ថិត​ក្នុង​ព្រំដែន​នៃ​ភាព​អាត្មានិយម​មិនមែន​ជា​ការ​ជួយ​សង្គ្រោះ​ទេ តែ​វា​ជា​ការ​ដាក់​នុយ​ស្ទូចត្រី។ ការ​ជួយ​ពិតប្រាកដ​ប្រៀប​ដូចជា​ទឹក​ហូរ​ដែល​ហូរ​ទៅ​មិន​​ត្រឡប់ គឺ​ដឹង​ត្រឹម​ហូរ​ពី​ទី​ខ្ពស់​ទៅ​ទី​​ដែល​​ជម្រាល​ជាង អត់​មាន​ហូរ​យក​មុខមាត់​អី​ទេ។ កំណួច​ចិត្ត​ដំបូង​ដែល​គិត​ចង់​ជួយ គឺ​ត្រឹម​តែ​ជួយ​ឲ្យ​អ្នក​ដែល​យើង​យល់​ថា ត្រូវការ​ជំនួយ​ត្រូវ​បាន​ជួយ​តែ​ប៉ុណ្ណោះ មិន​មែន​កំណួច​ចិត្ត​ថា ជួយ​គេ​ថ្ងៃ​នេះ​ ស្អែក​ចាំ​គេ​ជួយ​វិញ​នោះ​ទេ។ ផ្នែក​​មួយ​នៃ​ការ​ជួយ​គឺ​ប្រៀប​​ដូចជា​ការ​បម្រើ​ដែល​មិន​គិត​កម្រៃ​តបស្នង តែ​គឺជា​ទឹកចិត្ត​​ដែល​គិត​ត្រឹមតែ​ឲ្យ​ដោយ​គ្មាន​បង្ក​នូវ​ស្លាកស្នាម​អកុសល​ណា​មួយ​ត្រឡប់​មក​ខ្លួន​វិញ​​សោះ​ឡើយ​ដែល​ទឹក​ចិត្ត​បែប​នេះ​បន្ដិច​ម្ដងៗ​វា​ប្រែក្លាយ​ជា​ការងារ​ប្រចាំ​ជីវិត​របស់​យើង​។ យើង​ពេញចិត្ត​រស់​ដើម្បី​បាន​ធ្វើការ​បែប​នេះ គឺ​រស់​ជា​ប្រយោជន៍​ដល់​មនុស្ស​ជុំវិញ។



ផ្កាឈូករ័ត្ន​ត្រូវ​បាន​ហៅ​ជា​ភាសា​អង់គ្លេស​ដែល​បកប្រែ​ជា​ខ្មែរ​ថា​ផ្កា​ព្រះអាទិត្យ។ ផ្កា​នេះ​មិន​ត្រឹមតែ​មាន​ឈ្មោះ​ជា​ផ្កា​ព្រះអាទិត្យ និង​មាន​រូបរាង​ដូច​ព្រះអាទិត្យ​កំពុង​ពេញ​ពន្លឺ​ប៉ុណ្ណោះ​ទេ តែ​អ្វី​ដែល​គួរ​ស្បើម​គឺ​ផ្កាឈូករ័ត្ន​តែងតែ​រីក​បែរ​ទៅ​រក​ទិស​ថ្ងៃ​រះ។ មិន​ថា​យើង​ដាក់​វា​ដាំ​នៅ​ឯណា ក៏​ផ្កាឈូករ័ត្ន​តែងតែ​នាំគ្នា​បែរ​ទៅ​រក​ទិស​ថ្ងៃរះ​ជា​ដរាប។ នេះ​ហើយ​ជា​ចំណុច​​ដែល​មនុស្ស​គួរ​យក​មក​គិត។ សួរថា​ហេតុ​អ្វី​ទើប​ផ្កា​ឈូករ័ត្ន​អាច​​បែរ​ទៅ​រក​ទិស​ថ្ងៃ​រះ​បាន​ដូចៗ​គ្នា​ម្ល៉េះ?

វា​ជា​ធម្មជាតិ​​របស់​ផ្កា​ប្រភេទ​នេះ​ដែល​មាន​​គោល​រួម​សកល​មួយ​របស់​វា​សម្រាប់​ផ្ទៀង​នោះ​គឺ​ទិស​ថ្ងៃរះ​។ មិន​ថា​វា​ដុះ​តែ​ឯង​មួយ​ដើម​ ឬ​មួយ​ចម្ការ​ឡើយ ផ្កា​ដែល​​​ដុះ​មួយ​​ដើម​តែ​ឯង វា​មិន​ដែល​យំ​ឈឺចិត្ត​ខ្លាច​ផ្កា​ប្រភេទ​ដទៃ​សើច​ចំអក​ដែល​វា​ខំ​ងាក​​បែរ​​ផ្កា​របស់​ខ្លួន​ឲ្យ​រីក​បែរ​ទៅ​រក​ថ្ងៃ​រះ​សោះ​ឡើយ។ នេះ​ហើយ​ជា​ឥស្សរៈ​ជា​សេរីភាព​រួច​ផុត​ពី​ការ​គាបសង្កត់ ដែល​វា​ផ្ទុយ​ស្រឡះ​ពី​ផ្កាជ័រ​ដែល​មិន​អាច​ងាក​ក្បាល​ទៅ​រក​ទិស​ថ្ងៃរះ​បាន ផ្ទុយ​ទៅវិញ​វា​តែង​ត្រូវ​បាន​គេ​កាច់​ក​វា​បង្វិល។ គ្មាន​ឥស្សរៈភាព​ក្នុង​ការ​រស់​ទេ។

ត្រឡប់​ទៅ​ពាក្យ​ឧទាន​ពី​ខាង​​ដើម​ដែល​គេ​ថា អី​គេ​វា​មិន​ដែល​មាន​មនុស្ស​​ជួយ​គេ​ដោយ​មិន​ចង់​បាន​ប្រយោជន៍​មក​ខ្លួន​វិញ! មនុស្ស​ស្មោកគ្រោក​ទាំងឡាយ​មិន​សំដៅ​ទៅ​មនុស្ស​ដែល​មិន​បាន​មុជទឹក​សម្អាត​ខ្លួន​ទេ តែ​គឺ​មនុស្ស​ដែល​ស្មោកគ្រោក​ក្នុង​ការ​គិត គឺ​មនុស្ស​ដែល​គ្មាន​អនាម័យ​ក្នុង​ការ​គិត គឺ​​មនុស្ស​ដែល​មាន​ចិត្ត​គគ្រិច​ដែល​មនុស្ស​នោះ​តែងតែ​យក​ចិត្ត​ដ៏កខ្វក់​របស់​គេ​ទៅ​គិត​ជំនួស​អ្នក​ដទៃ​ថា ថោកទាប​ដូច​ខ្លួន​ដែរ។

គេ​ថា​វា​មិន​ដែល​មាន​នោះ​គឺ​គេ​ចង់​ប្រាប់​ថា បើ​ជា​គេ​វិញ​គេ​មិន​ទៅ​ឆ្កួត​ធ្វើ​អ្វី​ដែល​ជា​ប្រយោជន៍​អ្នកដទៃ​ដោយ​មិន​បាន​មក​ខ្លួន​អ៊ីចឹង​ទេ។ គេ​ថា​វា​មិន​ដែល​អ្នក​ណា​ធ្វើ​នយោបាយ​មិន​ចង់​បាន​អី! បកប្រែ​មក​ថា​បើ​អញ​ទៅ​ធ្វើ​នយោបាយ​ក៏​អញ​ទៅ​ដើម្បី​តែ​បាន​បុណ្យស័ក្ដិ​លាភសក្ការៈ​ដែរ។ មនុស្ស​ដែល​ជួយ​គេ​ពិតប្រាកដ មាន​គោល​សកល​មួយ​សម្រាប់​ផ្ទៀង គឺ​ឈរ​តែ​លើ​ភាព​ត្រឹមត្រូវ​ប្រកប​ដោយ​ដួងចិត្ត​សប្បុរស​បេះដូង​សង្គ្រោះ​។ ការ​សើច​យំ​របស់​មនុស្ស​ជុំវិញ​លែង​មាន​ឥទ្ធិពល​លើ​ទង្វើ​របស់​គេ​ហើយ។ ជីវិត​នេះ​មិនមែន​រស់​ព្រោះ​តែ​មិន​ទាន់​ស្លាប់​ទេ តែ​គឺ​ជីវិត​ដែល​រស់​ដើម្បី​ធ្វើ​ប្រយោជន៍។

ឈរ​លើ​គោលការណ៍​នេះ​ហើយ​ធ្វើឲ្យ​យើង​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​នូវ​ភាព​ខុស​ស្រឡះ​ពី​គ្នា​រវាង​អ្នក​ដឹកនាំ​ប្រទេស​ជាតិ​ដែល​មួយ​ជា​ប្រភេទ​មនុស្ស​អាត្មានិយម ដែល​ក្នុង​ការ​គិត​របស់​គេ​មាន​ត្រឹម​ធ្វើ​ម៉េច​ឲ្យ​តែ​រក្សា​អំណាច​អញ​ឲ្យ​បាន។ ឯ​អ្នក​ដឹកនាំ​មួយ​ប្រភេទ​ទៀត​ដែល​មាន​លក្ខណៈ​ជា​ផ្កាឈូករ័ត្ន គឺ​គិតតែ​រំពៃ​ធ្វើ​ដូចម្ដេច​ដើម្បី​ស្រោចស្រង់​ជាតិ​ឲ្យ​បាន។ គោល​ផ្ទៀង​របស់​គេ​គឺ​ជួយ​ដោយ​បេះដូង​សង្គ្រោះ។

ទាំង​អ្នក​ដឹកនាំ​បក្ស​កាន់​អំណាច​ទាំង​អ្នក​ដឹកនាំ​បក្ស​ប្រឆាំង ក្នុង​បេះដូង​របស់​គេ​​សរសេរ​មិន​​ចេញ​អក្សរ​ជួយ​ជាតិ អាណិត​ពលរដ្ឋ​សោះ​ឡើយ គេ​រិះរក​តែ​វិធី​ណា​ដែល​អាច​ឲ្យ​ខ្លួន​គេ​ឈរ​ជើង​ជាប់​លើ​ទីលាន​នយោបាយ ដោយ​មិន​ខ្វល់​សោះ​ឡើយ​ពី​ទុក្ខវេទនា​របស់​ពលរដ្ឋ​។

ឱ! ពលរដ្ឋ​ខ្មែរ​ដែល​ជា​អ្នក​និយម​ធ្វើ​បុណ្យ​ដាក់​ទាន​ទាំងឡាយ​អើយ! ការ​ធ្វើ​បុណ្យ​ពិតប្រាកដ​ក្នុង​ខណៈ​ដែល​ប្រទេស​កំពុង​តែ​មាន​បញ្ហា​បែប​នេះ​គឺ​ធ្វើ​បុណ្យ​ជួយ​ជាតិ! ធ្វើ​បុណ្យ​ទី​ភ្លឺ​ដែល​អាច​យល់​បាន​នោះ​ទើប​ជា​ការ​ជួយ​ខ្មែរ​ពិតប្រាកដ។

ពលរដ្ឋ​កំពុង​តែ​ស្រេកឃ្លាន កំពុង​តែ​ត្រូវការ​ជំនួយ​កោត​តែ​ចិត្ត​បងប្អូន​មិន​ជួយ។ មើល​ទៅ​ខ្លោង​ទ្វារ​វត្ត​មើល​ខឿន​ព្រះវិហារ​ភ្លឺ​ចែងចាំង តែ​កុំ​មើល​ផ្ទះ​ស្លឹក​រខេករខាក​ជុំវិញ​របង​វត្ត។ តើ​ស្នាដៃ​ទាំងនោះ​វា​អស្ចារ្យ​ជាង​ពលរដ្ឋ​នៅ​ក្បែរ​របង​វត្ដ​ដាច់​ពោះ​នឹង​អត់​បាយ​ប៉ុនណា​ទៅ?ខ្លះ​ជិះ​យន្ដហោះ​យក​មាស​ទៅ​បូជា​ធ្មេញ​ព្រះសម្មាសម្ពុទ្ធ​នៅ​ប្រទេស​ឥណ្ឌា​។ គឺ​នាំ​គ្នា​ធ្វើ​តែ​បុណ្យ​ប្រាថ្នា​តែ​ឋានសួគ៌​ដើម្បី​តែ​អញ​ទៅវិញ។

តើ​វា​រីកចម្រើន​លឿន​ប៉ុន​ណា​ទៅ​បើ​ខ្មែរ​ចេះ​ធ្វើ​បុណ្យ​ទី​ភ្លឺ​ជួយ​ជាតិ? ចេះ​ធ្វើបុណ្យ​អភិវឌ្ឍ​ជាតិ? យើង​ត្រូវ​ចូលរួម​គ្នា​លើក​ស្ទួយ​មនុស្ស​ល្អ​ប្រកប​ដោយ​ធម៌​ឲ្យ​មក​កាន់​ការងារ​ប្រទេស​ជាតិ ហើយ​កិច្ចការ​នេះ​អាច​សម្រេច​ទៅ​បាន​គឺ​ត្រូវ​អាស្រ័យ​លើ​ពលរដ្ឋ។ គេ​ច្រើន​តែ​យល់​ថា អ្នកដឹកនាំ​ល្អ​នាំឲ្យ​ពលរដ្ឋ​ល្អ។ ពិតជា​បែប​នេះ​មែន! តែ​សូម​ក្រឡេក​មក​មើល​សកម្មភាព​ជាក់ស្ដែង​របស់​ខ្មែរ​យើង​វិញ។

តើ​យើង​ត្រូវ​នៅ​ដេក​រង់ចាំ​ព្រះបាទ​ធម្មិក​ជិះ​សេះ​ស​កាន់​លំពែង​ជ័យ​មក​ជួយ​ជប់​ឲ្យ​ខ្មែរ​មាន​គុណភាព​ទៅ​ឬ? ប្រាកដ​ណាស់​ថា​អ្នក​ដឹកនាំ​ល្អ​នឹង​ជួយ​ឲ្យ​ពលរដ្ឋ​ល្អ​មាន​គុណភាព​។ តែ​យើង​ក៏​ច្បាស់​ណាស់​ថា​បើ​ដេក​ចាំ​ឲ្យ​អ្នក​ដឹកនាំ​ល្អ​ណា​នោះ​ផុស​មក​ជួយ​ខ្មែរ ក្រែង​តែ​ខ្មែរ​ដាច់​ពូជ​អស់ ឬ​ក៏​ក្លាយ​ទៅ​ជា​ជនជាតិ​ភាគ​តិច​លើ​ដី​កំណើត​របស់​ខ្លួន​បាត់​ហើយ។ យើង​សម្លឹង​មើល​ទៅ​ឃើញ​មាន​តែ​ច្រក​មួយ​គត់​ដែល​ស្ថិត​ក្នុង​រង្វង់​ដែល​យើង​លូកដៃ​ទៅ​ផ្ដាច់​បាន គឺ​កាត់​ផ្ដាច់​ត្រង់​ថា​គឺ​ពួកយើង​គ្រប់ៗ​គ្នា​ដែល​ជា​ពលរដ្ឋ​នេះ ត្រូវតែ​ក្រោក​ឡើង​មក​ចូលរួម​ជួយ​រុញច្រាន​បង្កើត​ឲ្យ​បាន​អ្នក​ដឹកនាំ​ល្អ ហើយ​បុគ្គល​នោះ​គឺ​រើស​ចេញ​ពី​ចំណោម​ពួកយើង​ទាំងអស់​គ្នា​ដែល​ជា​ជន​រងគ្រោះ​នេះ។ ធ្វើ​បែប​នេះ​ទើប​អ្នក​ដឹកនាំ​ម្នាក់​នោះ​ជា​តំណាង​ពិតប្រាកដ​របស់​ពួកយើង។

គុណភាព​របស់​បុគ្គល​ដែល​យើង​រើស​បាន វា​ត្រូវ​អាស្រ័យ​លើ​គុណភាព​របស់​ពួក​យើង​ដែល​ជា​អ្នក​រើស​ដែរ ហើយ​ខណៈ​ដែល​ទៅ​រើស​បាន​អ្នក​ដឹកនាំ​ដែល​មាន​គុណភាព​បែប​នោះ​រួច​ហើយ អ្នក​ដឹកនាំ​នោះ​នឹង​ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​មាន​គុណភាព​ខ្លះ​ស្រាប់​ហើយ​នោះ​កាន់តែ​មាន​គុណភាព។ ខណៈ​នោះ​ទាំង​ពលរដ្ឋ​ទាំង​អ្នកដឹកនាំ​សុទ្ធតែ​ដឹង និង​បំពេញ​នូវ​កាតព្វកិច្ច​របស់​ខ្លួន​រៀងៗ​ខ្លួន​ប្រកប​ដោយ​ទំនួល​ខុសត្រូវ។​នៅពេល​ដែល​មាន​មនុស្ស​គិត​ថា អាល់បឺត អាញស្ដាញ​ឆ្កួត គាត់​បាន​និយាយ​ថា​មនុស្ស​ដែល​​ឆ្កួត​បំផុត គឺ​ប្រភេទ​មនុស្ស​ដែល​ធ្វើ​តែ​រឿង​ដដែលៗ​ដូច​មុន តែ​បែរ​ជា​ដេក​រំពឹង​ចាំ​ទទួល​លទ្ធផល​ផ្សេង​ដែល​ប្រសើរ​ជាង​មុន! តើ​គតិ​នេះ​វា​ឆ្លុះ​បញ្ចាំង​បែប​ណា​មក​លើ​សកម្មភាព​របស់​ពលរដ្ឋ​ខ្មែរ​នា​ពេល​នេះ? ដើម្បី​បាន​ផ្លែផ្កា​លុះត្រា​តែ​យើង​ធ្វើការ​ដាំដុះ​ជា​មុន​សិន។ បើ​យើង​មិន​ព្រម​ដាំ​ទេ​ហើយ​ដេក​ចាំ​ទទួល​ផល លុះត្រា​តែ​យើង​ទៅ​សុំ​គេ ទៅ​លួច​គេ​ ឬ​ទៅ​រើស​សំណល់​ពី​គេ។

ខ្មែរ​ប្រាថ្នា​ចង់​បាន​ណាស់​ផល​ពី​ប្រជាធិបតេយ្យ​តែ​ក្រឡេក​មក​មើល​ខ្មែរ​វិញ​ខណៈ​ពេល​ដែល​ចង់​បាន​សិទ្ធិ ឥត​មាន​គិត​រឿង​បំពេញ​កាតព្វកិច្ច​សោះ តែ​បែរ​ជា​ដេក​យំ​បន់ស្រន់​សុំ​ប្រជាធិបតេយ្យ​មិន​ឈប់​​ទៅវិញ។ សួរ​ថា​តើ​យើង​មាន​បាន​ធ្វើឲ្យ​ត្រូវ​គ្រប់​ហេតុ​ដើម្បី​ទៅ​ទទួល​ផល​ដែល​យើង​ចង់​បាន​ដែរ​ទេ? ពលរដ្ឋ​គេ​ដែល​នៅក្នុង​ប្រទេស​រីកចម្រើន គេ​មិនមែន​នៅ​ស្ងៀមៗ​ទទួល​បាន​ផល​ទេ តែ​គឺ​ដូនតា​គេ​រួម​ទាំង​រូប​គេ​គ្រប់ៗ​គ្នា​ផង​បាន​បំពេញ​កាតព្វកិច្ច​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស ដើម្បី​ទទួល​បាន​មក​វិញ​នូវ​អំណាច​ជា​ម្ចាស់​ប្រទេស​នោះ។

មាន​តែ​ការ​បែរ​មក​ពន្យល់​ពង្រីក​គុណភាព​របស់​ពលរដ្ឋ​ប៉ុណ្ណោះ ទើប​វា​អាច​កាត់ផ្ដាច់​ និង​ដោះស្រាយ​វិបត្តិ​ខ្មែរ​បាន។ សួរ​ថា​តើ​គុណភាព​ពលរដ្ឋ​បែប​ណា​ដែល​យើង​ត្រូវការ? ក្រៅពី​ចំណេះ​ជំនាញ​បច្ចេកទេស គឺ​ត្រូវ​បណ្ដុះ​ពលរដ្ឋ​ឲ្យ​មាន​មូលដ្ឋាន​ក្នុង​ការ​ពិចារណា​តាម​បែប​ហេតុផល ដែល​ឈរ​លើ​មេរៀន​ព្រះធម៌។ ព្រះធម៌​មាន​តម្លៃ​ណាស់​ក្នុង​ការ​បណ្ដុះ​នូវ​ការ​យល់ដឹង​បណ្ដុះ​នូវ​ការ​ពិចារណា​ដល់​ពលរដ្ឋ។

ការ​សិក្សា​ព្រះធម៌​នឹង​ជួយ​ឲ្យ​ពលរដ្ឋ​រួច​ផុត​ពី​ជំនឿ​ចាក់​ស្រែះ​តាម​បែប​សាសនា ដែល​ដឹកនាំ​ឲ្យ​បរិស័ទ​ផ្ដេកផ្ដួល​ពឹង​លើ​គេ​ដោយ​មិន​ប្រើ​ក្បាល​ខ្លួន​ឯង។ តាំងតែ​ពី​ដូនតា​យើង​មក​តាមរយៈ​ជំនឿ​ស៊ប់ ជា​ហេតុ​មួយ​ដែល​នាំឲ្យ​ពលរដ្ឋ​ពឹង​តែ​លើ​កម្លាំង​ក្រៅ​ខ្លួន រាប់​តាំងពី​រឿង​ផ្ទាល់​ខ្លួន​ក្នុង​ផ្ទះ​ដូចជា​ការ​អុជ​ធូប​សុំ​ក្ដី​សុខ​សុំ​រកស៊ី​មាន​បាន ហើយ​ឫស​ចង្រៃ​នេះ​ធំធាត់​រហូត​ដល់​ពេល​ពលរដ្ឋ​ចង់​បាន​ប្រជាធិបតេយ្យ ក៏​អុជ​ធូប​សំពះ​សុំ​ពី​គេ​ដែរ។បន្ថែម​ពី​លើ​នេះ​ត្រូវ​បណ្ដុះ​សីលធម៌​ដល់​ពលរដ្ឋ​។

ព្រះធម៌​បង្រៀន​មនុស្ស​ឲ្យ​មាន​គោលដៅ​ជីវិត​ត្រឹមត្រូវ ចេះ​កសាង​ខ្លួន​ទៅ​ជា​ចំណែក​នៃ​បង្គុំ​នៃ​ប្រទេស​ដែល​សមគួរ​ដល់​ការ​រស់នៅ ឲ្យ​រស់​ដោយ​ឥស្សរភាព​មិន​រស់​បែប​កញ្ជះ ឲ្យ​រស់​សម​តម្លៃ​ក្នុង​ភាព​ជា​មនុស្ស ឲ្យ​រស់​ចម្រើន​ដល់​ផែនដី ឲ្យ​រស់​ពេញ​តម្លៃ​ដែល​បាន​កើត​ជា​មនុស្ស។ ពលរដ្ឋ​ដែល​មាន​គុណភាព​ជា​មនុស្ស​សុចរិត​ស្មោះត្រង់ តែ​មិន​ស្លូត​ស្លាប់​។​ឈរ​លើ​គោលការណ៍​ខាងលើ​នេះ​យើង​បណ្ដុះ​បាន​ពលរដ្ឋ​ដែល​មាន​ទាំង​បេះដូង​មាន​ទាំង​ទស្សន​វិស័យ​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ ដឹង​ពី​កាតព្វកិច្ច​របស់​ខ្លួន​ហើយ​ចូលរួម​បំពេញ​កាតព្វកិច្ច​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​នោះ​ដោយ​ការ​ទទួល​ខុស​​ត្រូវ។

ការ​រួម​ចំណែក​របស់​ពួកយើង​ម្នាក់ៗ​នេះ​វា​តូច​ខ្លាំង​ណាស់ ប្រៀប​បាន​ថា​យើង​មាន​តំណក់​ទឹកស្អាត​ម្នាក់​មួយ​តំណក់ៗ​បណ្ដក់​ចូល​ទៅក្នុង​សង្គម ខណៈ​ពេល​ដែល​មនុស្ស​ទុច្ចរិត​គេ​មាន​ទុយោ​ទឹក​ធំៗ បាញ់​បញ្ចូល​ទឹក​កខ្វក់​មក​បំពុល​សង្គម​ខ្មែរ តែ​ពួកយើង​មាន​សុទិដ្ឋិ​ថា គង់​មាន​ថ្ងៃ​ដែល​ទឹកស្អាត​គ្រប់​តំណក់​របស់​ពួក​យើង សាយភាយ​កាន់តែ​ច្រើន​ទៅៗ​លុប​លើ​តំណក់​ទឹក​កខ្វក់​មិន​ខាន។ បើ​យើង​មាន​គោលដៅ​ត្រឹមត្រូវ​អាច​សម្រេច​បាន បើទោះ​ជា​ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​ទៅ​ដល់ ក៏​វា​ត្រឹមតែ​ជា​រឿង​ពេលវេលា​ទេ​ តែ​យើង​នៅតែ​ស្ថិត​នៅលើ​ទីតាំង​ត្រឹមត្រូវ ដែល​នឹង​នាំ​ទៅ​ដល់​គោលដៅ​​រួម​ដែល​ដៅ​ទុក​ជា​មិន​ខាន៕

ប៉ាង វ៉ាន់ថោន, អ៊ីមែលៈ vanthownpang@yahoo.com

No comments: