A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 30 May 2015

របរ​ធាក់​ស៊ីក្លូ​បន្ត​រស់រាន​ទាំង​ត្រដាបត្រដួស​អាស្រ័យ​ចិត្ត​សប្បុរស​ពី​អ្នក​ជិះ

បុរស​ប្រកបរបរ​ធាក់ស៊ីក្លូ​សម្រាក​លង់​លក់​ក្រោម​ដំបូល​យានជំនិះ​កង់បី​របស់​ខ្លួន​។ ផា លីណា

ភ្នំពេញៈ ជាមួយ​អីវ៉ាន់​គ្រឿង​ជ័រ​សំពីងសំពោង ស្ត្រី​អាជីវករ​សម្បុរស​អង្គុយ​លើ​យាន​ជំនិះ​កង់​បី បញ្ជា​ដោយ​បុរស​ចំណាស់​ស្បែក​​ស្រគាំ​ផ្សើម​ដោយ​ដំណក់​ញើស​ក្រោម​កម្ដៅ​សូរ្យសែង​ក្ដៅ​ហែង​។

ខណៈ​ដែល​ម៉ូតូឌុប និង​រ៉ឺម៉ក​កង់បី​ចត​ត្រៀបត្រា​មុខ​ផ្សារ អ្នកស្រី កែ គីមលៀប បែរ​ជា​ជ្រើសរើស​យានជំនិះ​ដ៏ចំណាស់​ជិត​ផុត​ពូជ​សម្រាប់​ដំណើរ​ដឹក​អីវ៉ាន់​ពី​ផ្សារ​មក​ផ្ទះ​ដោយសារ​តែ​ល្បឿន​យឺត​របស់​ស៊ីក្លូ និង​ទឹកចិត្ត​អាណិតអាសូរ​ម្ចាស់​វា។
ចំនួន​ស៊ីក្លូ​ចូល​សមាគម​មាន​ច្រើន​ជាង​អ្នក​មិន​ចូល​សមាគម​។ ផា លីណា

អ្នក​លក់​ទំនិញ​ជ័រ​រូប​នេះ​និយាយ​ថា៖ «ជិះ​ស៊ីក្លូ​យឺត អត់​សូវ​គ្រោះថ្នាក់ ហើយ​ស្រួល​ដាក់​អីវ៉ាន់ ម៉្យាង​អាណិត​ពូ​អ្នក​ធាក់​ផង ចេះ​តែ​ជួយ​ជិះ​ស៊ីក្លូ​គាត់​ទៅ យើង​អត់​មាន​ប្រញាប់​អី​ផង»។

ក្ដីអាណិត​អាសូរ​នេះ​ហើយ​ដែល​អនុគ្រោះ​ដល់​វត្តមាន​ស៊ីក្លូ​នៅ​តាម​ដងផ្លូវ​ដល់​សព្វថ្ងៃ បើ​ទោះ​ជា​ជីវិត​ដ៏សង្វេគ​របស់​អ្នក​ធាក់ បាន​ធ្វើឲ្យ​មុខរបរ​នេះ​សាបរលាប ខ្សត់​ទាំង​ចំនួន​អ្នក​ធាក់ និង​អ្នក​ជិះ​សន្សឹមៗ​។

យោងតាម​ប្រធាន​សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ លោក អ៊ឹម សម្បត្តិ បាន​លើក​នូវ​ស្ថិតិ​ត្រឹម​ឆ្នាំ​ ២០១៤ ​ដែល​បង្ហាញ​ថា​ស៊ីក្លូ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​មាន​ចំនួន​សរុប​ ៤៧២ ​គ្រឿង តែ​មាន​អ្នក​ធាក់​ស៊ីក្លូ​ប្រហែល ១៦០ នាក់ ទៅ​ ២០០ ​​នាក់​ប៉ុណ្ណោះ​។



អ្នក​ធាក់​ស៊ីក្លូ​​ជា​មធ្យម​​មាន​វ័យ​ចន្លោះ​​ពី​ជាង​ ៣០ ​ឆ្នាំ​ទៅ​​​ជាង​ ៦០ ព្រោះ​ពួកគាត់​គ្មាន​​ជំនាញ​​អ្វី​សម្រាប់​ជា​មុខរបរ​ចិញ្ចឹម​ជីវិត​​។ អ្នក​ធាក់​ស៊ីក្លូ​មកពី​ខេត្ត​ព្រៃវែង​​​ ៤៥ ​ភាគរយ តាកែវ​​ ១០ ភាគរយ ស្វាយរៀង​ ១០ ​ភាគរយ កំពង់ចាម​ ១០ ​ភាគរយ និង​តិចតួច​មកពី​ខេត្ត​កណ្តាល និង​ភ្នំពេញ។
ពេល​ព្រឹក​ព្រលឹម​អ្នក​ធាក់​ស៊ីក្លូ​លុប​មុខ​ដុស​ធ្មេញ​កណ្ដាល​វាល​។ ផា លីណា

លំហូរ​នៃ​គ្រឿងយន្ត​ជា​យានជំនិះ​ដ៏​សម្បូរ​បែប ធ្វើឲ្យ​អ្នក​ដំណើរ​ជ្រើស​យក​មធ្យោបាយ​​​ទៅ​កាន់ទី​គោលដៅ​នីមួយៗ​បាន​ឆាប់​រហ័ស ចំណេញ​ពេលវេលា មិន​រង​ផ្សែង​ធូលី ឬ​ផ្សែង​អាប់អួ​។ នេះ​ជា​ហេតុ​ផល​នាំឲ្យ​ចំនួន​ស៊ីក្លូ​មាន​ការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​។

លោក តែម សយ វ័យ​ ៦២ ​ឆ្នាំ​មកពី​ខេត្ត​ព្រៃវែង មាន​កូន​ក្នុង​បន្ទុក​បី​នាក់ ដែល​បាន​ប្រកបរបរ​ធាក់​ស៊ីក្លូ​ជាង​ ១០ ​​ឆ្នាំ​មក​ហើយ​ និង​បាន​ចូល​ជា​សមាជិក​នៃ​សមាគម​ស៊ីក្លូ បាន​រៀបរាប់​ពី​ផលលំបាក​នៃ​ការ​រក​ប្រាក់ចំណូល​ចិញ្ចឹម​ជីវិត​សម្រាប់​របរ​ប្រើ​កម្លាំង​បាយ​សុទ្ធសាធ​នេះ​ថា​៖​ «​ក្មួយ​អើយ​! សព្វ​ថ្ងៃ​ស៊ីក្លូ សឹង​តែ​គ្មាន​អ្នក​ជិះ​ទៅ​ហើយ ព្រោះ​​វា​យឺត ហើយ​គេ​ថា​ ខាត​ពេលវេលា​គេ​ពេល​ជិះ​ទៅ​ណា​មក​ណា​។ តែ​ពូ​បាន​ចូល​សមាគម​ស៊ីក្លូ ព្រោះ​អាច​មាន​ឱកាស​រក​ប្រាក់​ចំណូល​បាន​ពីរ​ផ្នែក​។ មួយ​បាន​ប្រាក់​ខែ​ពី​ការ​ដឹក​ភ្ញៀវ​របស់​សមាគម និង​មួយ​ទៀត​ពី​ការ​ដឹក​ម៉ូយ​ប្រចាំ​ថ្ងៃ​ដែល​ជា​មនុស្សស្រី​វ័យ​កណ្តាល ឬ​ចាស់ៗ ពេល​ពួកគាត់​ទៅ​ផ្សារ​ និង​មក​វិញ​»។

ប៉ុន្តែ​លោក សោម ភន វ័យ​ ៥៥ ​ឆ្នាំ​មកពី​ខេត្ត​ស្វាយរៀង​មាន​កូន​ ៦ ​នាក់​ក្នុង​បន្ទុក ដែល​បាន​ប្រកបរបរ​ធាក់​ស៊ីក្លូ​ជាង​ ២០ ​ឆ្នាំ និង​​មិន​បាន​ចូល​សមាជិក​សមាគម​ស៊ីក្លូ​ថា៖ «​ខ្ញុំ​មិន​ចូល​ជា​សមាជិក​សមាគម​អី​នឹង​គេ​ទេ​ព្រោះ​យល់​ថា ខ្ញុំ​មាន​ម៉ូយ​ជិះ​ស៊ីក្លូ​ប្រចាំ​ថ្ងៃ ហើយ​ខ្ញុំ​ក៏​អាច​ឆ្លៀត​ទៅ​ដឹក​ភ្ញៀវ​នៅ​កន្លែង​ផ្សេងៗ​ទៀត​បាន​។​ ប្រាក់​ចំណូល​មិន​សូវ​ទៀងទាត់​ទេ​មាន​ថ្ងៃ​ខ្លះ​បាន​ជាង​មួយ​ម៉ឺន​រៀល និង​ថ្ងៃ​ខ្លះ​បាន​ពីរ​ម៉ឺន​រៀល ដោយ​បូករួម​ទាំង​ការ​ដឹក​ម៉ូយ​ប្រចាំ​ថ្ងៃ និង​ដឹកអីវ៉ាន់​ឲ្យ​គេ​។ តែ​បើ​គ្រាន់តែ​ដឹក​ម៉ូយ​ប្រចាំ​វិញ​មួយ​ថ្ងៃ​បាន ៥ ពាន់ ឬ ៦ ពាន់​រៀល​ប៉ុណ្ណោះ ដោយ​អ្នក​ជិះ​ឥឡូវ​ខ្សត់​ទៅៗ​ចាប់ពី​មាន​ម៉ូតូឌុប​មក»។

បើ​តាម​សម្តី​រៀបរាប់​របស់​ពូ សោម ភន ដដែល​បង្ហើប​ថា៖ «អ្នក​ជិះ​ស៊ីក្លូ​ជា​ម៉ូយ​ខ្ញុំ គាត់​ថា អាណិត​ពូៗ​ធាក់​ស៊ីក្លូ​ណាស់​ទើប​នៅ​តែ​ជិះ​ទៅ​ផ្សារ​រាល់ថ្ងៃ​នោះ ហើយ​ពួកគាត់​ក៏​មិន​ចូលចិត្ត​ម៉ូតូឌុប​ដែរ ព្រោះ​វា​លឿន​ពេក ហើយ​ក៏​ខ្លាច​មាន​គ្រោះថ្នាក់​ដែរ»។

យោងតាម លោក អ៊ឹម សម្បត្តិ អ្នក​ធាក់​ស៊ីក្លូ​ក្នុង​សមាគម​មាន​ចំនួន​​ច្រើន​ជាង​អ្នក​មិន​ចូល​សមាគម​។

លោក​បាន​បញ្ជាក់​ថា៖ «​ពួកគាត់​ក៏​​អាច​យក​ស៊ីក្លូ​នេះ​ទៅ​រក​ដឹក​ម៉ូយ​ក្រៅ​បាន​ដែរ​។​ យើង​មិន​បាន​ប្រកាន់​ថា ស៊ីក្លូ​របស់​សមាគម​ ហើយ​រឹតបន្តឹង​ពួកគេ​មិន​ឲ្យ​​ទៅ​រក​ក្រៅ​នោះ​ឡើយ ហើយ​យើង​មាន​តែ​ជួយ​ជំរុញ​​ឲ្យ​ពួកគាត់​ទៅ​រក​ប្រាក់​ចំណូល​បន្ថែម ដើម្បី​ចិញ្ចឹម​ជីវិត​ក្រុម​គ្រួសារ»។

ប៉ុន្តែ​ចំនួន​យាន​កង់បី​នៅតែ​បន្ត​ធ្លាក់​ចុះ ដោយឡែក​លោក​​​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា៖ «មាន​អ្នក​ធាក់​ស៊ីក្លូ​ខ្លះ​ក៏​គាត់​អាច​មាន​កំណើន​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ​ដែរ ដោយសារ​គាត់​ចេះ​ច្នៃ​ពេលវេលា និង​អភិវឌ្ឍ​មុខរបរ​ខ្លួន ដោយ​ការ​ធាក់​ស៊ីក្លូ​ពេល​ថ្ងៃ និង​រត់​ម៉ូតូឌុប​ពេល​យប់​ព្រោះ​ពួកគាត់​បាន​សន្សំ​លុយ​ទិញ​ម៉ូតូ​»៕

No comments: