A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 30 May 2015

តើ​អំណាច​ប្រមូល​ផ្តុំ​ ជា​ប្រភព​បញ្ហា​សង្គម​ខ្មែរ?

Mon, 25 August 2014 ppp

នេះ​ជា​សកម្មភាព​តវ៉ា​រក​យុត្តិធម៌​របស់​ប្រជា​ពលរដ្ឋ​បឹងកក់ នៅ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក។ ហេង ជីវ័ន

ជា​ទូទៅ​យើង​គ្រប់​គ្នា​បាន​ឃើញ​ហើយ​ថា ប្រទេស​របស់​យើង​តែង​តែ​កើត​មាន​បញ្ហា​មិន​ចេះ​ចប់ មិន​ចេះ​ហើយ ចង​ច្រាក់​ស្រែះ​ស្ទើរ​តែ​មើល​មិន​យល់​ដែល​បញ្ហា​ទាំង​នោះ​មិន​មែន​កើត​មាន​តែ​នៅ​ក្នុង ប្រទេស​កម្ពុជា នោះ​ទេ ពោល​គឺ​វា​កើត​មាន​នៅ​លើ​ជុំវិញ​ពិភពលោក​ទាំង​អស់​ជា​ពិសេស​គឺ​នៅ​បណ្តា​ប្រទេស​ដែល​ក្រីក្រ មាន​ប្រជា​ពលរដ្ឋ​ល្ងង់ៗ មិន​សូវ​មាន​ចំណេះ​ដឹង និង​ការ​យល់​ដឹង​ខ្ពស់ ហើយ​និង​ប្រទេស​ដែល​ទើប​តែ​ងើប​ចេញ​ពី​ភ្លើង​សង្រ្គាម​ជាដើម។ តួ​យ៉ាង នៅ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន យើង​បាន​ដឹង​បាន​ឃើញ​ទាំង​អស់​គ្នា​ហើយ​ថា មាន​បញ្ហា​ទាំង​ពួង​រាប់​មិន​អស់​ដែល​កំពុង​តែ​កើត​ឡើង​ក្នុង​សង្គម​យើង​បញ្ហា​ទាំង​នោះ​រួម​មាន ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ ការ​រំលោភ​យក​ដីធ្លី​ការ​បំពុល​បរិស្ថាន​ការ​បំផ្លិច​បំផ្លាញ​ព្រៃឈើ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​សង្គម​អយុត្តិធម៌​អសីលធម៌​អាត្មា​និយម​អំពើ​ពុក​រលួយ​បញ្ហា​សេដ្ឋកិច្ច​ភាព​គ្មាន​ការងារ​ធ្វើ​ប្រេង​សាំង​ទំនិញ​ឡើង​ថ្លៃ​គ្មាន​ការ​ប្រកួត​ប្រជែង​គុណភាព​ផលិត​ផល​បញ្ហា​នយោបាយ​និង​បញ្ហា​សាសនា​ជាដើម។



បញ្ហា​ដែល​បាន​រៀបរាប់​ខាង​លើ​ទាំង​អស់​ហ្នឹង​គ្រាន់​តែ​ជា​មែក​ធាង​នៃ​បញ្ហា​តែ​ប៉ុណ្ណោះ។ ជា​ទស្សនៈ​មុន​នឹង​យើង​ដោះ​ស្រាយ​បញ្ហា​អ្វី​មួយ​យើង​ត្រូវ​ស្វែង​រក​ប្រភព​នៃ​បញ្ហា​និង​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​ឫស​គល់​នៃ​ប្រភព​នោះ។ គ្រប់​បញ្ហា​ទាំង​អស់​ដែល​កើត​ឡើង​នៅ​ក្នុង​សង្គម​ខ្មែរ​គឺ​ដោយ​សារ​ប្រព័ន្ធ​រដ្ឋបាល​មួយ​ដែល​ឥត​ប្រសិទ្ធភាព​ក៏​ព្រោះ​តែ​អំណាច​ប្រមូល​ផ្តុំ។

កាល​ណា​ប្រទេស​មួយ​មាន​អំណាច​ប្រមូល​ផ្តុំ​ហើយ​នោះ​គឺ​ធ្វើ​ឲ្យ​ច្បាប់​ធូរ​រលុង ប្រទេស​គ្មាន​នីតិរដ្ឋ​ពិត​ប្រាកដ​ហើយ​នៅ​ពេល​ដែល​ប្រទេស​មួយ​មាន​ការ​អនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព​ប្រទេស​មួយ​នោះ​តែង​បង្កើត​បាន​តែ​ភាព​អនាធិបតេយ្យ​ឥត​សណ្ដាប់ធ្នាប់​ពាស​ពេញ​ប្រទេស។ ដោយ​ឡែក​ច្បាប់​សម្រាប់​ពួក​អ្នក​ធំ​អ្នក​កាន់​អំណាច​មាន​តម្លៃ​ត្រឹម​តែ​សីលធម៌​ប៉ុណ្ណោះ​រឿង​គេ​មិន​ធ្វើ​ឬ​មិន​គោរព​វា​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​របស់​គេ។ អំណាច​ប្រមូល​ផ្តុំ​អ្នក​ដឹក​នាំ​អាច​លូក​ដៃ​ចូល​គ្រប់​ស្ថាប័ន​ទាំង​អស់​ទោះ​ជា​តុលាការ​និង​អំណាច​នីតិប្បញ្ញត្តិ​ក៏​គេ​អាច​ធ្វើ​បាន​ដែរ។ អ្នក​ដែល​រស់​ស្រួល​នៅ​ក្នុង​សង្គម​អំណាច​ប្រមូល​ផ្តុំ​មាន​តែ​អ្នក​មាន​អំណាច​មាន​លុយ​មាន​បក្ខ​ពួក​សែ​ខ្នង។

ជា​លទ្ធផល​អ្នក​ដែល​រង​គ្រោះ​រង​ទុក្ខ​វេទនា​នោះ​គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​ប្រជា​ពលរដ្ឋ​ដែល​ជា​អ្នក​ខ្សោយ​គ្មាន​លុយ​គ្មាន​អំណាច​គ្មាន​សែ។ មនុស្ស​ជា​ច្រើន​ពេញ​ចិត្ត​និង​ដឹង​គុណ​អ្នក​ប្រមូល​ផ្តុំ​អំណាច​នៅ​ពេល​អ្នក​នោះ​ធ្វើ​ជា​ជួយ​ដោះ​ស្រាយ​បញ្ហា​តែ​តាម​ពិត​អ្នក​បង្ក​បញ្ហា​ជា​កូន​ចៅ​របស់​បុគ្គល​នោះ​អី​តើ។

ត្រង់​ចំណុច​នេះ​តើ​អ្វី​ទៅ​ជា​អំណាច​ប្រមូល​ផ្តុំ? ហើយ​ថា តើ​អំណាច​ប្រមូល​ផ្តុំ​មាន​លក្ខណៈ​ដូចម្តេច? អំណាច​ប្រមូល​ផ្តុំ​ជា​ប្រព័ន្ធ​នៃ​ការ​ដឹក​នាំ​រដ្ឋ​មួយ​ដែល​អំណាច​ប្រមូល​ផ្តុំ​ទៅ​លើ​អំណាច​កណ្តាល​ហើយ​ដែល​អំណាច​ទាំង​អស់​ក្នុង​ការ​ចាត់​ចែង​កិច្ចការ​ប្រទេស​នោះ​ស្ថិត​នៅ​លើ​កណ្តាប់​ដៃ​របស់​បុគ្គល​តែ​ម្នាក់​ឬ​បុគ្គល​តែ​មួយ​ក្រុម​តូច។ រដ្ឋ​ដែល​ដឹក​នាំ​ដោយ​ប្រមូល​ផ្តុំ​អំណាច​ទៅ​លើ​មនុស្ស​តែ​ម្នាក់​ឬ​មនុស្ស​មួយ​ក្រុម​នោះ មាន​សភាព​លក្ខណៈ​បែប​បក្ខពួក​និយម​គ្រួសារ​និយម​ពោល​គឺ​បុគ្គល​ម្នាក់​ឬ​មួយ​ក្រុម​ជា​អ្នក​សម្រេច​កិច្ចការ​គ្រប់​ជាន់​ថ្នាក់​របស់​ប្រទេស​ជាតិ។ រាល់​ការ​សម្រេច​ត្រូវ​ធ្វើ​ទៅ​តាម​ការ​ចង់​បាន​របស់​ថ្នាក់​លើ​និង​បម្រើ​ផល​ប្រយោជន៍​ថ្នាក់​លើ​ទាំង​អស់។

ចំពោះ​ការ​អនុវត្ត​ការងារ​វិញ​គ្មាន​ប្រសិទ្ធភាព​ដោយ​សារ​មន្រ្តី​រាជការ​នៅ​ថ្នាក់​ក្រោម​ជាតិ​រុញ​ការ​ទទួល​ខុស​ត្រូវ​ទៅ​ឲ្យ​មន្រ្តី​នៅ​ថ្នាក់​លើ​ជា​បន្ត​បន្ទាប់​ពោល​គឺ​ឃុំ​រុញ​ទៅ​ស្រុក ស្រុក​រុញ​ទៅ​ខេត្ត​និង ខេត្ត​រុញ​ទៅ​ថា្នក់​ជាតិ​ដើម្បី​បង្ហាញ​ប្រជា​ពលរដ្ឋ​ថា ខ្លួន​មិន​មែន​ជា​អ្នក​មាន​កំហុស​នោះ​ទេ។ ជា​លទ្ធផល​គឺ​ការ​អនុវត្ត​ទម្រង់​នៃ​ការ​ដឹក​នាំ​រដ្ឋ​មួយ​ដែល​ប្រមូល​ផ្តុំ​អំណាច​វា​ងាយ​ណាស់​ឈាន​ទៅ​រក​របប​ផ្តាច់​ការ​ហើយ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​បំផុត ដែល​អាច​នឹង​បាត់​បង់​ទឹក​ដី ឬ​ធ្វើ​ឲ្យ​ខ្ទេច​ខ្ទី​ជាតិ​ដោយ​មិន​ចាំ​បាច់​មាន​បរទេស​ណា​មក​ឈ្លាន​ពាន​នោះ​ទេ។

បើ​តាម​អំណះ​អំណាង​ខាង​លើ​នេះ​តើ​យើង​អាច​សន្និដ្ឋាន​បាន​ថា គ្រប់​បញ្ហា​ទាំង​អស់​កើត​មាន​នៅ​ក្នុង​សង្គម​ខ្មែរ ពិត​ជា​បណ្តាល​មក​ពី​អំណាច​ប្រមូល​ផ្តុំ​មែន​ទេ? ចម្លើយ​គឺ ពិត​ប្រាកដ​ណាស់។

ជាក់​ស្តែង​កាល​ពី ឆ្នាំ​២០០៧ លោក Lee Kuan Yew អតីត នាយក​រដ្ឋ​មន្ត្រី ប្រទេស​សិង្ហបុរី មួយ​រូប​ក្នុង​ចំណោម​មេ​ដឹក​នាំ​នៅ​ក្នុង​តំបន់​អាស៊ាន លោក​បាន​ប្រាប់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ថា មិន​គួរ​ឲ្យ ប្រទេស​កម្ពុជា ចូល​ជា​សមាជិក​អាស៊ាន​នោះ​ទេ។ ការ​លើក​ឡើង​របស់​លោក​បាន​បញ្ជាក់​ហេតុ​ផល​ថា ប្រទេស​កម្ពុជា មិន​ទាន់​មាន​តម្លៃ​រួម​ល្អ​ប្រសើរ​ណាស់​ណា​ទេ ពីព្រោះ​ប្រទេស​មួយ​នេះ​កំពុង​តែ​ជាប់​ផុង​នៅ​ក្នុង​វិបត្តិ​នយោបាយ​មួយ​យ៉ាង​ជ្រៅ​ដោយ​សារ​តែ​នយោបាយ​នៃ​ការ​ដឹក​នាំ​របស់​ប្រទេស​មួយ​នេះ​មាន​ការ​ជំពាក់​ជំពិន​នៅ​ក្នុង​រឿង​អំណាច​ប្រមូល​ផ្តុំ​ក្នុង​ដៃ​បុគ្គល​ដែល​ជា​អ្នក​ដឹក​នាំ​ប្រទេស​ហ្នឹង​តែ​មួយ​គត់។ ចំណែក​អ្នក​រាយការណ៍​ពិសេស​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​លោក Yash Pal Ghaiក៏​បាន​អះអាង​ថា បញ្ហា​ស្រុក​ខ្មែរ​បណ្តាល​មក​ពី​អំណាច​ប្រមូល​ផ្តុំ។ ដោយ​សារ​តែ​សម្តី​របស់​លោក​ថា ស្រុក​ខ្មែរ​អំណាច​ប្រមូល​ផ្តុំ​នេះ​ហើយ បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន មាន​ប្រតិកម្ម​និង​ខឹង​ច្រឡោត​យ៉ាង​ខ្លាំង។

ជា​រួម​មក​ក្នុង​ស្ថានភាព​របស់​ប្រទេស​យើង​បច្ចុប្បន្ន​គន្លឹះ​ដែល​មាំ​និង​សំខាន់​ជាង​គេ​ដែល​យើង​ត្រូវ​គាស់​ឲ្យ​របើក​មុន​គេ​នោះ​គឺ​គាស់​អ្នក​តំណាង​រាស្ត្រ​ឲ្យ​ចេញ​ពី​ក្រញាំ​របស់​បក្ស។ ពាក្យ​ថា តំណាង​រាស្ត្រ​ដែល​យើង​គ្រប់​គ្នា​ធ្លាប់​ហៅ​ពេញៗ​មាត់​នោះ​តែ​តាម​ពិត​ទៅ​សព្វ​ថ្ងៃ​ពួក​គេ​ជា​អ្នក​តំណាង​បក្ស​ទេ​តើ មិន​មែន​តំណាង​រាស្ត្រ​ឯណា។ គេ​ពុំ​បាន​ធ្វើ​ការ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​នោះ​ទេ ផ្ទុយ​ទៅ​វិញ គេ​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​គេ បក្ខពួក​របស់​គេ ហើយ​គេ​ត្រូវ​ការ​យើង ផ្គាប់​ផ្គុន អង្វរ​ករ​យើង​ស្ទើរ​សព្វ​បែប​យ៉ាង តែ​នៅ​ពេល​រដូវ​កាល​បោះ​ឆ្នោត​ខិត​ជិត​មក​ដល់​តែ​ប៉ុណ្ណោះ។

ដើម្បី​យក​អ្នក​តំណាង​រាស្រ្ត​ឲ្យ​មក​នៅ​ខាង​រាស្ត្រ​បាន គឺ​ត្រូវ​បោះ​ឆ្នោត​ចំ​មុខ​ដើម្បី​រើស​ពួក​គេ។ បោះ​ចំ​ឈ្មោះ​បោះ​ចំ​មុខ​អ្នក​តំណាង​ដែល​វា​មិន​មែន​ជា​ការ​បោះ​ឆ្នោត​ឲ្យ​រូប​សញ្ញា​បក្ស​ដូច​សព្វ​ថ្ងៃ​នេះ​ឡើយ។ កាល​ណា​អ្នក​តំណាង​ក្លាយ​ជា​អ្នក​តំណាង​របស់​រាស្ត្រ​ពិត​ប្រាកដ ពេល​នោះ​អ្វីៗ​ជា​បន្ទាប់​នឹង​រៀបរយ ព្រោះ​ពួក​គេ​ធ្វើ​ការ​បម្រើ​ប្រយោជន៍​រាស្ត្រ​គិត​រឿង​រួម​ហើយ​បក្ស ឬ​មេ​បក្ស​លែង​មាន​ឥទ្ធិពល​លើ​ពួក​គេ​ជាង​ប្រជា​ពលរដ្ឋ​ទៀត​ហើយ។ ប្រទេស​របស់​យើង​ទាំង​អស់​គ្នា​សោះ តែ​បែរ​ជា​ត្រូវ​បុគ្គល​តែ​ម្នាក់ ឬ​មនុស្ស​មួយ​ក្រុម​ក្តោប​ក្តាប់​តែ​ឯង ហើយ​មក​កៀប​ម្ចាស់​ប្រទេស​ឯណេះ​ជិត​ដាច់​ខ្យល់។ នេះ​មិន​មែន​គ្រាន់​តែ​ជា​ទុក្ខ​វេទនា​របស់​ពលរដ្ឋ​នៃ​ប្រទេស​មួយ​នោះ​ទេ តែ​វា​ជា​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង​ក្លា ដែល​ពូជ​សាសន៍​មាន​ចំនួន​រាប់​លាន​នាក់ តែ​ត្រូវ​បាន​មនុស្ស​តែ ២-៣ នាក់​ដឹក​មុខ បំពុល បំផ្លាញ បន្លប់​បន្លំ​ស្រេច​តែ​នឹង​ក្បាល​ចិត្ត​របស់​គេ​ទៅ​វិញ។ ដូច្នេះ​ការ​ដោះស្រាយ​នូវ​បញ្ហា​នេះ ក៏​ដូច​ជា​ទៅ​លើ​វិស័យ​ដទៃ​ដែរ គឺ​ត្រូវ​មាន​ការ​រៀបចំ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​មួយ ដែល​មាន​លក្ខណៈ​ខ្លី ខ្លឹម ភ្លឺ​ថ្លា និង​មាន​ប្រសិទ្ធភាព​ជា​មុន​សិន។

ដំណោះ​ស្រាយ​នោះ គឺ​មាន​តែ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទេ​ដែល​អាច​ដោះ​ស្រាយ​រួច​នោះ ពោល​គឺ​ការ​យល់​ដឹង​របស់​ប្រជា​ពលរដ្ឋ ចូល​រួម​ក្នុង​កិច្ចការ​នយោបាយ និង​មាន​យន្តការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដឹក​នាំ​មាន​ប្រសិទ្ធភាព ឲ្យ​ក្លាយ​ទៅ​ជា​ច្បាប់​ដើម្បី​បំបែក​ការ​ប្រមូល​ផ្តុំ​អំណាច​រដ្ឋ ដែល​ក្នុង​នោះ​គឺ​អំណាច​ទាំង​បី (អំណាច​នីតិប្បញ្ញត្តិ អំណាច​នីតិ​ប្រតិបត្តិ និង​អំណាច​តុលាការ) ឲ្យ​ឯករាជ្យ​ពី​គ្នា​ផង និង​ដើម្បី​ធានា​តុល្យភាព​រវាង​អំណាច​រដ្ឋ និង​អំណាច​ប្រជា​ពលរដ្ឋ​ផង។ ការ​បំបែក​អំណាច​ប្រមូល​ផ្តុំ ធានា​ឲ្យ​មាន​ការ​ផ្តល់​សិទ្ធិ និង​អំណាច ហើយ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​ឲ្យ​ស្ថាប័ន​ដែល​នៅ​ជិត​ប្រជា​ពលរដ្ឋ។ លើស​ពី​នេះ​ទៅ​ទៀត អំណាច​នៃ​ការ​សម្រេច​ជោគ​វាសនា​ប្រទេស​ជាតិ​សិ្ថត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​ប្រជា​ពលរដ្ឋ​គ្រប់​រូប​និង​គ្រប់​ពេល​តាម​រយៈ​អ្នក​តំណាង​នៅ​ថ្នាក់​ឃុំ/​សង្កាត់ ក្រុង/​ស្រុក/​ខណ្ឌ ខេត្ត-រាជធានី និង​ជាតិ ហើយ​រាល់​ការ​សម្រេច​ទាំង​កិច្ចការ​ដឹក​នាំ​រដ្ឋ និង​កិច្ចការ​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ​ត្រូវ​ធ្វើ​ឡើង​តាម​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ និង​បម្រើ​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស៕

ប្រុស ស្រស់ អ៊ីមែលៈ Info.soeungsros@gmail.com

No comments: