A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 30 May 2015

គ.ជ.ប​នឹង​បញ្ជូន​សេចក្ដី​ព្រាង​នៃ​នីតិវិធី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទៅ​ប្រតិភូ​សហភាព​អឺរ៉ុប​និង​ជប៉ុន

ដោយ យាង សុជាមេត្តា
2015-05-30

លោក ហង្ស ពុទ្ធា ដែល​ជា​សមាជិក​ទី​៩ របស់ គ.ជ.ប ចេញ​ពី​សង្គម​ស៊ីវិល និង​ដែល​ទើប​ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​របស់ គ.ជ.ប​ថ្មី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Yeang Socheametta

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នឹង​បញ្ជូន​សេចក្តី​ព្រាង​បឋម​ស្ដីពី​បទបញ្ជា និង​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ទៅ​កាន់​ប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា និង​ភាគី​ជប៉ុន ដើម្បី​ត្រួត​ពិនិត្យ និង​ផ្តល់​យោបល់​នៅ​សប្ដាហ៍​ក្រោយ។ គម្រោង​នៃ​ការ​បញ្ជូន​នេះ គឺ​បន្ទាប់​ពី គ.ជ.ប បាន​ជួប​ប្រជុំ​កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ ឧសភា ដើម្បី​ពិនិត្យ​លើ​សេចក្តី​ព្រាង​នេះ។

ការ​សម្រេច​លើ​សេចក្តី​ព្រាង​បឋម​ស្ដីពី​បទបញ្ជា និង​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត គឺ​ជា​សមិទ្ធផល​ដំបូង​បង្អស់ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​សម្រេច​បាន ក្រោយ​ពី​ពួក​គេ​បាន​ចូល​កាន់​តួនាទី​របស់​ខ្លួន​ជាង​មួយ​ខែ​កន្លះ​កន្លង​មក​នេះ។

សមាជិក និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ ឧសភា ថា ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​បឋម​ស្ដីពី​បទបញ្ជា និង​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ និង​ការ​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី។

លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​បន្ត​ថា សេចក្តី​ព្រាង​ដែល​មាន​ទាំងអស់ ៦​ជំពូក នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រតិភូ​សហភាព​អឺរ៉ុប និង​អ្នក​បច្ចេកទេស​ជប៉ុន នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ដើម្បី​ឲ្យ​ពួក​គេ​ជួយ​ត្រួត​ពិនិត្យ និង​ផ្តល់​យោបល់។ លោក​មាន​ប្រសាសន៍​ដែរ​ថា តាម​ការ​គ្រោង​ទុក គឺ​នៅ​បន្ទាប់​ពី ៣​សប្ដាហ៍​ដែល​ពួក​គេ​ទទួល​បាន​សេចក្តី​ព្រាង​នេះ គ.ជ.ប នឹង​រៀបចំ​ការ​ប្រជុំ​ជាមួយ​សហភាព​អឺរ៉ុប និង​ភាគី​ជប៉ុន ដើម្បី​ស្តាប់​អនុសាសន៍​របស់​ពួក​គេ។



លោក ហង្ស ពុទ្ធា ក៏​ឲ្យ​ដឹង​ដែរ​ថា បន្ទាប់​ពី​ទទួល​បាន​អនុសាសន៍​ពី​សហភាព​អឺរ៉ុប និង​ភាគី​ជប៉ុន រួច​ហើយ គ.ជ.ប នឹង​ផ្ញើ​សេចក្តី​ព្រាង​នេះ​ទៅ​កាន់​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត រួម​មាន គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ជាដើម ដើម្បី​ឲ្យ​ពួក​គេ​ជួយ​ចូលរួម​ពិនិត្យ​មើល និង​ផ្តល់​អនុសាសន៍។

លោក ហង្ស ពុទ្ធា ថ្លែង​ថា ក្នុង​នាម​ជា​សមាជិក គ.ជ.ប ម្នាក់ លោក​សង្ឃឹម​ថា សហភាព​អឺរ៉ុប ភាគី​ជប៉ុន និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​នឹង​យក​ចិត្ត​ទុក​ដាក់​ចូលរួម​គាំទ្រ​សកម្មភាព​របស់ គ.ជ.ប៖ «ការ​បោះ​ឆ្នោត​កន្លង​មក​បាន​ទទួល​រង​នូវ​មតិ​ជាច្រើន ដែល​ក្នុង​នោះ​មាន​ទាំង​មតិ​វិជ្ជមាន និង​អវិជ្ជមាន។ អ៊ីចឹង​ក្នុង​ស្មារតី គ.ជ.ប​ថ្មី គឺ​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​ជា​អតិបរមា​នូវ​ភាព​មិន​ប្រក្រតី នូវ​រាល់​ពាក្យពេចន៍​ដែល​ធ្វើ​ការ​ទិតៀន​ដល់ គ.ជ.ប។ អ៊ីចឹង គ.ជ.ប បាន​ខំ​សម្រិតសម្រាំង​នូវ​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន ក្នុង​ន័យ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​ឲ្យ​ទទួល​យក​បាន គណបក្ស​នយោបាយ​ដែល​ប្រកួត​ប្រជែង និង​ម្ចាស់​ឆ្នោត»។

គ.ជ.ប កាល​ពី​ថ្ងៃ​ទី​១១ ឧសភា បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច ដើម្បី​ទទួល​បន្ទុក​សហការ​ជាមួយ​សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន លើ​ការងារ​រៀបចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បោះ​ឆ្នោត​ថ្មី។ ហើយ​កាល​ពី​សប្ដាហ៍​មុន គ.ជ.ប ក៏​បាន​ជួប​ជាមួយ​ប្រតិភូ​សហភាព​អឺរ៉ុប និង​ភាគី​ជប៉ុន ជា​បន្តបន្ទាប់។

គ.ជ.ប ឲ្យ​ដឹង​ថា ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ ត្រូវ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដោយ​ប្រើ​ស្នាម​មេដៃ និង​រូបថត​អ្នក​បោះ​ឆ្នោត​បញ្ចូល​ទៅ​ក្នុង​កុំព្យូទ័រ ដើម្បី​បង្កើត​បញ្ជី​បោះ​ឆ្នោត។

ទាក់ទង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នេះ គ.ជ.ប ឲ្យ​ដឹង​ដែរ​ថា ភាគី​ជប៉ុន បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​អំពី​កម្មវិធី​សុវត្ថិភាព ការពារ​ជន​ចូល​លួច​បំផ្លាញ ឬ​កែ​ទិន្នន័យ​អ្នក​បោះ​ឆ្នោត​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ អំពី​កម្មវិធី​ទប់ស្កាត់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​លើស​ពី​ម្តង កម្មវិធី​ត្រួត​ពិនិត្យ​អ្នក​បោះ​ឆ្នោត​ឆ្លង​ខេត្ត​នៅ​ទូទាំង​ប្រទេស និង​កត្តា​អសកម្ម​ផ្សេងៗ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​អាច​រំខាន​ដល់​កិច្ច​ប្រតិបត្តិការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ជាដើម។

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា គម្រោង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង នឹង​ចាប់​ផ្តើម​ធ្វើ​ឡើង​នៅ​ខែ​សីហា ខាង​មុខ។ ការ​ចុះ​ឈ្មោះ​សាកល្បង​នេះ នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ឃុំ​ចំនួន​២៥ ក្នុង​ខេត្ត-ក្រុង​ចំនួន ២៥ នៅ​ទូទាំង​ប្រទេស ហើយ​ចំណាយ​ពេល​ប្រហែល ២០​ថ្ងៃ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: