A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 30 December 2014

A Vietnamese company illegally dredges sands in Cambodia to export to foreign countries ក្រុមហ៊ុនយួនបូមខ្សាច់នៅស្រុកខ្មែរទៅលក់នៅក្រៅប្រទេសដោយខុសច្បាប់

ក្រុម​ហ៊ុន​វៀតណាមដឹក​ខ្សាច់​សមុទ្រ​ទៅ​ក្រៅ​ប្រទេសរាប់​ម៉ឺន​តោន​ ទោះ​​​រដ្ឋមន្រ្តី​ប្រកាស​ថា​គ្មានអាជ្ញា​ប័ណ្ណ​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃអង្គារ ទី30 ធ្នូ 2014,


សកម្មភាព​ប្រមូលខ្សាច់ និង​ដឹកជញ្ជូន​ខ្សាច់​ដាក់​កប៉ាល់​ កាលពី​ពេលថ្មីៗនេះ
បន្ទាប់​ពី​រដ្ឋមន្រ្តី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយមបាន​ប្រកាសថា​ក្រុម​ហ៊ុន​បូម​ខ្សាច់​ទាំងអស់​នៅ​កម្ពុជាមិន​​​មាន​​អាជ្ញាប័ណ្ណ​​បូម​ខ្សាច់​នោះ​ទេរហូត​មក​ដល់​ពេល​នេះ​ ខ្សាច់សមុទ្រ​​រាប់ម៉ឺន​តោនត្រូវ​បានដឹក​ជញ្ជូន​ទៅ​ក្រៅ​ប្រទេស កាលពី​ថ្ងៃ​ទី​២៨​ខែ​ធ្នូ ឆ្នាំ​២០១៤នេះ។
ប្រភពដែល​បាន​​ធ្វើ​ការ​ងារ​នេះ​ផ្ទាល់​ ឲ្យ​ដឹង​ថា​កប៉ាល់​ដឹកខ្សាច់​បណ្តោយ​ប្រវែងជាង​១៨០ម៉ែត្រ ទទឹង​ជាង៣០​ម៉ែត្រ បាន​ចូល​មក​ក្នុង​ដែន​សមុទ្រ​​​ខេត្ត​ព្រះសីហនុ​  ក្នុង​ចម្ងាយ​ប្រហែល​​១០​គីឡូម៉ែត្រ​ពីផែ​ប្រេងសូគីម៉ិច​ នៅ​ស្រុកស្ទឹង​ហាវ កាល​ពី​ថ្ងៃ​ទី​២៥​ខែ​ធ្នូ  ដើម្បី​ប្រមូល និង​ដឹក​ខ្សាច់​​ទៅ​ក្រៅ​ប្រទេស។ ប្រភព​បន្តថា​កប៉ាល់​នោះបាន​ដឹក​ខ្សាច់​ដែល​ប្រមូលបាន​​ពី​តំបន់​មួយ​ចំនួន​ក្នុង​​ខេត្ត​កោះ​កុង គឺ​ពី​​ស្ពាន​អណ្តូង​ទឹក ស្រុក​បុទុម​សាគរ​ ដើម្បី​យក​មក​ដាក់​កប៉ាល់​ធំ។​​
ប្រភព​ឲ្យ​ដឹង​ទៀត​ថា​​ខ្សាច់សមុទ្រ​ប្រហែល​៥៧៦០០តោន​ត្រូវ​បាន​ដឹក​ចេញ​ទៅ​ប្រទេស​​សិង្ហបុរី កាល​ពី​វេលាម៉ោង​១០ព្រឹក​ថ្ងៃ​ទី​២៨​ខែ​ធ្នូ ឆ្នាំ​២០១៤​។ ប្រភព​មិន​បាន​ដឹង​ថា​ក្រុម​ហ៊ុន​នោះ​មាន​ឈ្មោះ​អ្វីនោះ​ទេ តែ​ថា​ជន​ជាតិ​វៀតណាម​ប្រមាណ​២០នាក់​បាន​ធ្វើការ​នៅ​ទីនោះ និង​មាន​ជន​ជាតិហ្វីលីពីន​មួយ​ចំនួន​ផងដែរ។​
បើតាម​ប្រភព​ឲ្យដឹងថា​សា​ឡង់​ដឹក​ខ្សាច់ជាង​២០ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ខែធ្នូ​ ឆ្នាំ​២០១៤ បាន​​ដឹកខ្សាច់​សមុទ្រ​​​ពីស្រុក​​បុទុម​សាគរ​ យក​ទៅ​ដាក់​នៅ​​កប៉ាល់ក្នុង​ខេត្ត​ព្រះសីហនុជាបន្ត​បន្ទាប់។
​ទាក់​ទង​តាមរយៈលេខទូរស័ព្ទ​ដែល​VODទទួលបាន ជន​ជាតិ​វៀតណាម​ម្នាក់​ដែល​អះអាង​ថា​ឈ្មោះ​ដាង​ដុង(Dang Dung) ​​ជា​​អ្នក​គ្រប់​គ្រងកម្មករ​ជញ្ជូន​​ខ្សាច់ ​បាន​ឲ្យដឹងថា​ក្រុម​ហ៊ុន​នោះ​ជា​ក្រុម​ហ៊ុន​វៀតណាម មាន​ឈ្មោះ​Dai Cat Company។ លោក​មិន​អាច​បញ្ជាក់​ថាតើ​ខ្សាច់​នោះ​មាន​ចំនួន​ប៉ុន្មាន​តោន និង​ដឹក​ទៅ​ប្រទេស​ណា​នោះ​ទេ ដោយ​លោក​ស្នើ​ឲ្យ​ទាក់​ទង​ទៅ​លោក​Jimmy  Tran ដែល​ជា​ប្រធាន​ក្រុម​ហ៊ុន​វិញ។​


សកម្មភាព​ប្រមូលខ្សាច់ និង​ដឹកជញ្ជូន​ខ្សាច់​ដាក់​កប៉ាល់​ កាលពី​ពេលថ្មីៗនេះ

ប្រធាន​ក្រុមហ៊ុន Dai Cat លោក Jimmy Tran ដែល​ជា​ជន​ជាតិ​វៀតណាម​អាមេរិក ប្រាប់​VODនៅ​ថ្ងៃ​អង្គារ​នេះ​ថា​ក្រុមហ៊ុន​របស់​លោក​បាន​អស់​សុពល​ភាព​ក្នុង​ការ​បូម​ខ្សាច់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១៤ ហើយ​លោក​ក៏​បញ្ឈប់​ការ​បូម​ខ្សាច់ចាប់​តាំង​ពី​ពេល​នោះ​មក​។ លោកបដិសេធ​ថា​ក្រុម​ហ៊ុន​មិន​បាន​ដឹក​ជញ្ជូន​ខ្សាច់​សមុទ្រ​ទៅ​ក្រៅ​ប្រទេស​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​ធ្នូ ​នោះ​ទេ។ ឆ្លើយ​តបនឹង​សំណួរបញ្ជាក់​​របស់VODថា​តើ​​​ក្រុម​ហ៊ុន​របស់​លោក​បាន​ដឹក​ខ្សាច់​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​ធ្នូ ឆ្នាំ​២០១៤​ឬ​ទេ លោក​ឆ្លើយ​បដិសេធថា«ខ្ញុំ​គិត​ថា​អត់​មាន​ទេ។ តើ​អ្នក​ឮ​មក​ពី​អ្នក​ណា​? យើង​មិន​បាន​បូម​ខ្សាច់​នោះ​ទេ។ យើង​ឈប់តាំងពីអាជ្ញា​ប័ណ្ណ​អស់​សុពលភាព​។ ​យើង​រង់​ចាំ​អាជ្ញា​ប័ណ្ណថ្មី។ តែ​ពី​មុន​ ​យើង​គ្រាន់តែ​ទិញ​ខ្សាច់​ពី​ក្រុម​ហ៊ុនដូចជា​ក្រុម​ហ៊ុន​លី​ យ៉ុង​ផាត់​…ដឹក​ទៅ​ចាក់​នៅ​ប្រទេស​សិង្ហបុរី»។​


ទិដ្ឋភាព​កន្លែង​ប្រមូល​ខ្សាច់ដាក់​កប៉ាល់​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះ​សីហនុ

គួរ​កត់​សម្គាល់​ថា​ កាល​ពី​ឆ្នាំ​២០១០ សារព័ត៌មាន​Asiaone បាន​ចុះផ្សាយ​ថាក្រសួង​សន្តិសុខសាធារណៈរបស់​វៀតណាម បាន​ចោទប្រកាន់លោកTimmy ​Tran ពី​បទ​រំលោភ​សេចក្តីទុកចិត្ត​ក្នុង​ការ​គ្រប់​គ្រង​ទ្រព្យសម្បត្តិស្របច្បាប់​នៅ​ក្រុមហ៊ុនឯក​ជន​មួយ។
លោកឧកញ៉ា លី យ៉ុង​ផាត់ ​មានប្រសាសន៍ថា​លោក​មិន​ដឹង​ច្បាស់​ពី​ឈ្មោះ​ក្រុមហ៊ុនបរទេស(Dai Cat)​ ដែលធ្លាប់​បាន​ទិញ​ខ្សាច់​ពី​លោក​នោះ​ទេ។ ​លោកថា​ក្រុម​ហ៊ុន​លោក​​មិន​បាន​បូម​ខ្សាច់​ប៉ុន្មាន​ខែ​មកហើយ។​លោក​បន្ត​ថា​នៅ​ក្នុង​ខេត្ត​កោះ​កុង​មាន​ក្រុម​ហ៊ុន​បូម​ខ្សាច់​មួយ​ចំនួនទៀត មិន​មែន​រាល់​ក្រុម​ហ៊ុន​ទាំង​អស់​ជា​របស់​លោក​នោះ​ទេ។​ ​លោក​ លី យ៉ុង​ផាត់​ បញ្ជាក់បន្ថែម​​ថា​«រឿង​ហ្នឹង​ខ្ញុំ​អត់​ច្បាស់​ទេ។ ខ្ញុំ​មិន​ដឹង​ថា​មាន​ប៉ុន្មាន​ក្រុមហ៊ុនទេ​(ដែល​ក្រុមហ៊ុន​របស់​លោក​លក់​ខ្សាច់​ឲ្យ​នោះទេ)។ រឿង​ហ្នឹង​ទៅ​សួរ​ខាង​កោះ​កុងវិញ។ ខ្ញុំ​មិនសូវ​ខ្វល់​រឿង​ហ្នឹង​ទេ។ មិន​មាន​ការ​បញ្ជូន​ខ្សាច់​ពី​កោះ​កុង​ទៅ​ខេត្ត​ព្រះ​សីហនុទេ។ ខ្ញុំអត់​ដឹង​រឿងហ្នឹង​ទេ។ មិន​មែន​ការ​បូម​ខ្សាច់​កោះ​កុង​ទាំងអស់​ជា​របស់​ខ្ញុំទេ។ មាន​ក្រុម​ហ៊ុន​ផ្សេងទៀត។ តែ​ខ្ញុំអត់​ដឹង​រឿងហ្នឹង​ទេ»
​ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា មកពី​គណបក្ស​សង្គ្រោ​ជា​តិលោក ប៉ុល ហំ​ម ដែល​បាន​កោះ​ហៅ​លោក លឹម គាន​ហោ ទៅ​សាកសួរ​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​ធ្នូ ប្រាប់​VODនៅ​ថ្ងៃ​អង្គារនេះ​ថាលោក​មិន​បាន​ដឹង​ពី​ឈ្មោះ​ក្រុមហ៊ុន​នោះ​ទេ តែលោកថា​មាន​ការ​បូម​ខ្សាច់​ពី​ខេត្ត​កោះ​កុងដែល​លោក​នឹង​ពិនិត្យ​បញ្ហានេះ។លោកថា​«ខ្ញុំ​ដឹង​ថា​មាន​ តែមិន​ទាន់​ដឹង​ថា​ក្រុម​ហ៊ុន​ណាទេ។​ កំពុង​ឲ្យ​គេ​តាម​ដាន»
របាយការណ៍​របស់​អង្គការ​Global Witness ចេញផ្សាយ​កាល​ពី​ខែ​ឧសភា ឆ្នាំ២០១០ ឲ្យ​ដឹងថា​ប្រទេស​សិង្ហបុរីជា​អ្នក​ប្រើ​ប្រាស់​ខ្សាច់​ដែល​បាន​នាំចេញ​ពី​ប្រទេស​កម្ពុជា​ជា​ចម្បង។ ហើយ​ប្រតិបត្តិ​ការ​ពី​ខេត្ត​តែ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ប៉ាន់​ស្មានថា​មាន​តម្លៃ​ប្រមាណ​២៤៨​លានុដល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ តាម​តម្លៃ​លក់​រាយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ របាយការណ៍​បន្តថា​ឧស្សាហកម្មខ្សាច់នៅ​កម្ពុជា ត្រូវ​បាន​គ្រប់​គ្រង​ដោយ​​មហា​សេដ្ឋី២រូបដែល​ជិតស្និទ្ធិ​នឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជា​សមាជិកព្រឹទ្ធសភា​​គណបក្ស​ប្រជា​ជនកម្ពុជា គឺ​លោក ម៉ុង ឫទ្ធី និង​លោកលី យ៉ុង​ផាត់។ របាយការណ៍ថា​ការ​ខ្វះខាត​តម្លាភាព និង​ការ​ទទួល​ខុសត្រូវទាំងស្រុង​ជុំវិញការផ្តល់​ឲ្យ​ និង​អ្នក​ទទួល​ប្រយោជន៍នៃ​អាជ្ញាប័ណ្ណ​ខ្សាច់​ទាំងនេះហើយ​Global Witness រកឃើញភ័ស្តុងតាងពី​ការបាត់បង់ប្រាក់ចំណាយមិនធម្មតាជាច្រើន។
ប្រធាន​​ចលនា​មាតា​ធម្មជាតិ​ លោក អា​ឡិច ចាន់​ដ្រូ មានប្រសាសន៍ថាលោក​បាន​ទទួល​ដំណឹង​ពី​ប្រជាជនថា​តំបន់​មួយចំនួននៅ​ម្តុំ​ព្រែក​ខ្សាច់ ព្រែក​អណ្តូង និង​ស្រែអំបិល ​នៅ​តែ​មាន​សកម្មភាពបូមខ្សាច់ ដែល​លោកនឹង​ចុះ​ទៅ​តាម​ដាន​នៅពេលខាងមុខ។ ​លោក​ថា​ក្នុង​រយៈ​ពីរ​បីខែ​នេះ នៅតំបន់​ព្រែក​តាតៃ និង​ត្រពាំង​រូង ពុំ​មាន​ការ​បូម​ខ្សាច់​នោះ​ទេ។លោកបញ្ជាក់​ថា​​«យើង​សម្រេច​បង្កើនយុទ្ធនាការ​ទាក់​ទង​នឹង​ការ​បូម​ខ្សាច់ ដោយ​សារ​តែ​វា​មាន​ផលប៉ះពាល់លើ​ប្រជាជន​​ធ្ងន់​ធ្ងរ​រួ​មមានការ​ការ​ធ្លាក់​ចុះ​ផលនេសាទបច្ចុប្បន្ន​»
ប្រជា​ពលរដ្ឋរស់​នៅភូមិ​ព្រែក​ខ្សាច់​ក្នុង​ខេត្ត​កោះ​កុង លោក រៀម រុំ មានប្រសាសន៍ថា​លោក​សង្កេតឃើញ​មាន​​សកម្មភាព​បូមខ្សាច់នា​ពេល​ថ្មីៗនេះ ហើយ​​សាឡង់​ធំៗមួយ​ចំនួន​បាន​ចុះប្រមូល​ខ្សាច់​ជាបន្ត​បន្ទាប់​នៅ​តាម​ព្រែក​មួយ​ចំនួននៅ​​តំបន់​កោះ​កុង​ក្រៅ និង​តំបន់​ឡាំដាំជាដើម​ក្នុង​ស្រុក​បុទុម​សាគរ។​
មន្រ្តី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុកនៅ​ខេត្ត​កោះ​កុង លោក នាង បូរ៉ាទីណូ មាន​ប្រសាសន៍​ថា​ រហូត​មក​ដល់​ពេល​នេះ​ ការ​បូម​ខ្សាច់​សមុទ្រ​នៅ​តែ​មាន​នៅ​ខេត្ត​កោះ​កុង បើ​ទោះ​ជា​មាន​ការ​រឹតបន្តឹង​ក៏​ដោយ។​ លោក​ថា​ក្រុម​ហ៊ុន​មិន​តិច​ជាង​១០​នោះ​ទេ ដែល​បាន​ធ្វើ​សកម្មភាព​បូម​ខ្សាច់។​លោកថា​ក្រុម​ហ៊ុន​ភាគច្រើន​ទទួល​បាន​ការ​អនុញ្ញាត​បន្ត​ពី​លោក​ឧកញ៉ា​ លី​ យ៉ុង​ផាត់។ លោកមិន​ដឹង​ថា​ក្រុម​ហ៊ុន​មាន​ឈ្មោះ​អ្វី​ខ្លះ​នោះ​ទេ តែ​លោកថា​ក្រុមហ៊ុន​មួយ​ចំនួន​ដឹក​ខ្សាច់​ទៅក្រៅ​ប្រទេស​ ដោយ​ដឹក​ទៅ​ប្រទេស​សិង្ហបុរី​ជាដើម។
កាលពីថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៤ រដ្ឋមន្ដ្រី​ក្រសួង​ធនធានទឹក និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​ខ្សាច់​នៅ​កម្ពុជា   លោក លឹម គាន​ហោ ឲ្យដឹងថា​អាជីវកម្ម​បូម​ខ្សាច់​សព្វថ្ងៃនេះ មិន​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​នោះទេ  ចាប់​តាំងពី​ការ​បង្កើត​គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​ខ្សាច់​នៅ​កម្ពុជា​ ក្នុង​អាណត្តិ​ទី​៥​នេះ។ លោកព្រមាន​ថា​នឹង​ចាត់វិធានការ​លើ​ក្រុមហ៊ុន​បូម​ខ្សាច់​ណា ដែល​មិន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ដោយ​ស្នើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​រឹបអូស​យក​ទ្រព្យសម្បត្តិ​ទាំងនោះ​ទុកជា​សម្បត្តិ​រដ្ឋ។ លោក​មានប្រសាសន៍ថា«​ឆ្លៀត​ពេល​នេះ​ផ្តាំផ្ញើ​តែម្តង រហូត​ដល់​ថ្ងៃនេះអត់​ទាន់​មាន​ផ្តល់​នូវ​អាជ្ញាប័ណ្ណ ឬ​ការសម្រេច​ណាមួយ​ក្នុង​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ទេ នេះ​ហើយ​ដែល​ហៅ​ថា​អ្នក​ល្មើស ដែល​យើងខ្ញុំ​ប្រើ​វិធានការ​ដោយ​ចាប់​ទុក ហើយ​ចាប់​ទុក​លើក​នេះ សូម​បញ្ជាក់​ជូន​ថា អត់​មាន​ធ្វើ​កិច្ចសន្យា​ដោះលែង​វិញ​ទេ គឺ​យើងខ្ញុំ​នឹង​ស្នើ​ដល់​រាជរដ្ឋាភិបាល​រឹបអូស​ជា​សម្បត្តិ​របស់​រដ្ឋ​»។​
លោក លឹម គាន​ហោ បន្ត​ថា​រហូត​មក​ដល់​ពេល​នេះ នៅ​តែ​មាន​ការ​បូម​ខ្សាច់​សមុទ្រ​នៅ​តាម​ព្រែក​ដែល​ដឹក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។ ​លោក​បន្ត​ថា​រហូត​មក​ដល់​ពេល​នេះ​មាន​ក្រុម​ហ៊ុន​ថ្មី​ចន្លោះ​ពី​៣០​ទៅ​៤០​ ដែល​បាន​ដាក់​ពាក្យ​សុំបើ​ក​អាជីវកម្ម​បូម​ខ្សាច់​សា​ជា​ថ្មី។​
រហូត​មក​ដល់​ពេលនេះ ប្រជា​ពលរដ្ឋ​នៅតំបន់​សមុទ្រ​ខេត្តកោះកុងបង្ហាញ​ភាព​​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់ទីតាំង​តំបន់​ទេសចរណ៍​ធម្មជាតិ​សម្រាប់​សហគមន៍​នាពេល​អនាគត ដោយសារតែ​ក្រុមឈ្មួញ​បរទេសបាន​ប្រើ​កប៉ាល់​ធំៗ ធ្វើ​សកម្មភាព​បូមខ្សាច់​នៅក្បែរ​តំបន់​រស់នៅ​របស់​ពួកគាត់៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

1 comment:

Anonymous said...

ជាង៣០ឆ្នាំហើយ តើដែលឃើញ រដ្ឋាភិបាល ហ៊ុន សែន ថាយួនធ្វើអីខុសច្បាប់ទេ? អ្នកដែលថា មិនស្រួល ចោទថាក្បត់ជាតិទៀតផង មើលចុះ មាច ចាន់ដារ៉ា ហ៊ុន សែនយកទៅដាក់គុកលេង មកពីគាត់ពូកែថានោះឯង ហើយមានអ្នកណាហ៊ានធ្វើអីដែកជោ ។