A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 30 April 2014

Sam Rainsy calls for a national accord to resolve national issues លោក សម រង្ស៊ី ថា​បក្ស​នយោបាយ​គួរ​រួបរួម​គ្នា​ដោះស្រាយ​បញ្ហា​ជាតិ

សម រង្ស៊ី ហ្វឹកហាត់​បាតុករ ៦១០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ដែល​ចូល​រួម​ហ្វឹកហាត់​ធ្វើ​បាតុកម្ម​នា​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៤ ខែ​កញ្ញា ឆ្នាំ​២០១៣។
RFA/Mom Sophon
មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៉ី ប្រកាស​ថា គណបក្ស​នយោបាយ​ទាំង​អស់​ត្រូវ​រួម​សហការ​គ្នា​ដោះស្រាយ​បញ្ហា​របស់​ជាតិ​ទាំង​មូល។ ការ​ប្រកាស​បែប​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា ក្នុង​ដំណើរ​វិល​ត្រឡប់​ពី​បរទេស​វិញ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុង​ពេល​ដែល​លោក​ឆ្លើយ​សំណួរ​របស់​អ្នក​កាសែត​ជុំវិញ​លទ្ធផល​នៃ​បេសកកម្ម​នៅ​តំបន់​អឺរ៉ុប។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា កម្ពុជា​កំពុង​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ដែល​គ្រប់​ភាគី​ត្រូវ​តែ​រួម​គ្នា​ដោះស្រាយ។ បញ្ហា​ទាំង​នេះ រួម​មាន​បញ្ហា​ទំនាស់​ធ្លី បញ្ហា​ព្រៃឈើ បញ្ហា​ជីវភាព​រស់នៅ​របស់​រាស្ត្រ​ក្រីក្រ បញ្ហា​យុវជន​អត់​មាន​ការងារ​ធ្វើ និង​បញ្ហា​ចំណាកស្រុក​រាប់​ម៉ឺន​រាប់​សែន​នាក់​ក្នុង​១​ឆ្នាំៗ​ជាដើម។
លោក សម រង្ស៉ី មាន​ប្រសាសន៍​ថា ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប ចង់​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ហើយ​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ចង់​ឲ្យ​មាន​ការ​ជជែក​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្វែង​រក​ដំណោះស្រាយ​សមស្រប។
«សំឡេង»
បន្ទាប់​ពី​ឆ្លើយ​សំណួរ​របស់​អ្នក​កាសែត​នៅ​ទីលាន​ប្រជាធិបតេយ្យ​រួច លោក សម រង្ស៉ី បាន​​ធ្វើ​ដំណើរ​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​គាំទ្រ​អ្នកស្រី មូរ សុខហួរ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​យុទ្ធនាការ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ ចេញ​ពី​ការ​គ្រប់គ្រង​របស់​ក្រុម​សមត្ថកិច្ច​រដ្ឋាភិបាល។
លោក​​ក៏​បាន​ថ្លែង​ទាមទារ​ឲ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ​មក​វិញ បន្ទាប់​ពី​ទីលាន​សម្រាប់​បញ្ចេញ​មតិ​មួយ​​នេះ​ត្រូវ​បាន​អាជ្ញាធរ​រាជរដ្ឋាភិបាល​បិទ​តាំង​ពី​ដើម​ខែ​មករា មក​នោះ។ លោក​បញ្ជាក់​ថា តាម​រដ្ឋ​ធម្មនុញ្ញ ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​សម្ដែង​មតិ ហើយ​លោក​នឹង​ទៅ​ជួប​ពលរដ្ឋ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជា​រៀងរាល់​ថ្ងៃ។
គណបក្ស​សង្គ្រោះ​ជាតិ បាន​ជូន​ដំណឹង​ពី​ការ​ជួបជុំ​ឃោសនា​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ប៉ុន្តែ​ការ​ជួបជុំ​នេះ មិន​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឡើយ។ សាលា​រាជធានី​ភ្នំពេញ ថែម​ទាំង​​ហាម​ឃាត់​មិន​ឲ្យ​កម្មករ និង​សហជីព​រៀបចំ​ពិធី​ជួបជុំ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា នោះ​ទេ ព្រោះ​សំអាង​ថា រង់ចាំ​ការ​ស៊ើប​អង្កេត​ពី​ភាព​ពី​ហេតុការណ៍​បង្ក​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង រួច​រាល់​សិន។
យ៉ាង​ណា​ក៏ដោយ សំណុំ​រឿង​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​រួច​រាល់​ហើយ។ ក្នុង​នោះ​មនុស្ស ១៣​នាក់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​បង្ក​អសន្តិសុខ​សង្គម ហើយ​ជន​ជាប់​ចោទ​ទាំង​នោះ នឹង​ឡើង​សវនាការ​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ខាង​មុខ។

នៅ​ថ្ងៃ​ដែល​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​មិន​មាន​​បំណង​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ទីតាំង​នោះ​គឺ​ជា​ទីតាំង​សម្រាប់​ចត​រថយន្ត​របស់​ក្រុម​​អ្នក​កួកជេ ហើយ​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ជា​អ្នក​ដើរ​ប្រមូល​លុយ។
​ទាក់ទង​នឹង​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំហុង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា មាន​ប្រសាសន៍​ប្រាប់​មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​ថា គណបក្ស​កាន់​អំណាច​មាន​បំណង​ចង់​​ឲ្យ​មាន​ការ​ចរចា និង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។ ប៉ុន្តែ​បក្ស​ប្រឆាំង​ឯ​ណោះ​វិញ​ទេ ដែល​​ប្រើ​យុទ្ធសាស្ត្រ​ពស់​ក្បាល​ពីរ ដោយ​មេដឹកនាំ​ម្នាក់​ឯកភាព​ជាមួយ​លោក ហ៊ុន សែន និង​ម្នាក់​​ទៀត​ប្រើ​យុទ្ធសាស្ត្រ​ជំទាស់។
មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​លោក កុយ គួង បញ្ជាក់​យ៉ាង​​ដូច​នេះ៖ «សំឡេង»
កាល​ពី​ដើម​ខែ​មេសា លោក ហ៊ុន សែន និង​លោក សម រង្ស៉ី បាន​ជួប​ចរចា​គ្នា​តាម​ទូរស័ព្ទ​រយៈពេល ៤៥​នាទី ។ លោក ហ៊ុន សែន បរិយាយ​បន្ទាប់​ពី​ជំនួប​ថា លោក​និង​មេ​បក្ស​ប្រឆាំង និយាយ​ត្រូវ​គ្នា​ស្ទើរ​គ្រប់​រឿង​ទៅ​ហើយ តែ​លោក សម រង្ស៉ី រង់ចាំ​ការ​ឯកភាព​ពី​លោក កឹម សុខា ជា​មុន​សិន ហើយ​បើ​សិន​ណា​បក្ស​ទាំង​ពីរ​បរាជ័យ​ក្នុង​ការ​ចរចា​នោះ គឺ​ជា​កំហុស​របស់​លោក កឹម សុខា។ ទោះ​ជា​យ៉ាង​ណា​ក្តី លោក កឹម សុខា បាន​វាយបក​ទៅ​លោក ហ៊ុន សែន វិញ​ថា ប្រើ​យុទ្ធសាស្ត្រ​ដដែលៗ មាន​បំណង​ចង់​បំបែក​បក្ស​ប្រឆាំង និង​មិន​មាន​ចេតនា​ល្អ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: