A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 30 January 2014


ប្រទេសមានឥទ្ធិពលបីដាក់ការព្រួយបារម្ភ ពីការប្រើហិង្សារបស់អាជ្ញាធរកម្ពុជាលើពលរដ្ឋទៅ UN​

  • Written by 
ក្រុមសន្តិសុខ ដែលចុះទៅបំបែកការប្រមូលផ្តុំរបស់បាតុករនៅទីលានប្រជាធិបតេយ្យនាពេលកន្លងមក (រូបភាព តាំង វីដា) ក្រុមសន្តិសុខ ដែលចុះទៅបំបែកការប្រមូលផ្តុំរបស់បាតុករនៅទីលានប្រជាធិបតេយ្យនាពេលកន្លងមក (រូបភាព តាំង វីដា)
តំណាង​រដ្ឋាភិបាល​ចក្រ​ភព​ អង់គ្លេស អាមេរិក និង​ប្រទេស​ឥណ្ឌូនេស៊ី ប្រាប់​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ពី​ការបារម្ភ​លើ​ការបង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ទៅលើ កម្មករ និង​បាតុករ និង​បំរាម​លើ​ការប្រមូលផ្តុំ​ដោយ​សន្តិវិធី។​
​ក្នុង​ដំណើរការ​វាយតម្លៃ​ស្ថានភាព សិទ្ធិមនុស្ស​នៅ​កម្ពុជា​(UPR) ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ និង​រដ្ឋ​ជា​សមាជិក ដែល​ត្រូវ​បាន​បន្ត​ផ្ទាល់​តាមរយៈ​គេហទំព័រ webtv.un.org តំណាង​ចក្រភព​អង់គ្លេស បាន​លើកឡើង​ថា ខ្លួន​បារម្ភ​ពី​ការបង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច ដែល​បណ្តាលឲ្យ​មាន​អ្នកស្លាប់ និង​រងរបួស​។ ចក្រភព​អង់គ្លេស ជំរុញ​ឲ្យមាន​ការស៊ើបអង្កេ​ត​លើ​ការបង្ក្រាប និង​ដោះលែង​អ្នក​ទាំង​២៣​ជាបន្ទាន់​។ ចក្រភព​អង់គ្លេស ស្នើ​ឲ្យមាន​ការដក​បំរាម​នៃ​ការ​ប្រមូលផ្តុំ​ដោយ​សន្តិវិធី ការកែទម្រង់​ប្រព័ន្ធ​តុលាការ ការលុបបំបាត់​អំពើពុករលួយ កំណែទម្រង់​ការបោះឆ្នោត​ និង​ការអនុវត្ត​អនុសាសន៍​របស់​លោក​ស៊ូ​ប៊ែ​ឌី​។

​ចំណែក​តំណាង​អាមេរិក បាន​ថ្លែង​ពី​ការបារម្ភ​យ៉ាងខ្លាំង​ទៅលើ​ការបង្ក្រាប​របស់​កម្លាំង​សន្តិសុខ នា​ពេល​ថ្មី ស្នើ​ឲ្យ​ដក​បំរាម​លើ​ការប្រមូលផ្តុំ កំណែទម្រង់​ការបោះឆ្នោត កំណែទម្រង់​ក្រមព្រហ្មទណ្ឌ និង​បង្កើត​យន្តការ​រៀបចំ​កា​រ​ចុះបញ្ជី​ដីធ្លី​។ ចំណែកឯ​តំណាង​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូនេស៊ី ជំរុញ​ឲ្យ​កម្ពុជា បង្កើត​គណៈកម្មការ​ជាតិ​ឯករាជ្យ​ស្តីពី​សិទ្ធិមនុស្ស​។​
​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៤​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ប្រើប្រាស់​យន្តការ​ថ្មីៗ ដើម្បី​ទប់ស្កាត់ និង​ចាត់វិធានការ​ទៅលើ​ការតវ៉ា​របស់​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល រួម​មាន​ការបង្ក្រាប​កាលពី​ថ្ងៃ​ទី​០២​ និង​ទី​០៣ ​ខែ​មករា ដែល​បណ្តាលឲ្យ​មនុស្ស​៥​នាក់ ស្លាប់ និង​របួស​រាប់សិប​នាក់ ការ​បោសសម្អាត​បាតុករ​ពី​ទីលាន​ប្រជាធិបតេយ្យ ដោយ​មិនឲ្យ​មាន​ការតវ៉ា ការ​ហាម​មិនឲ្យ​មាន​ការប្រមូល​ផ្តុំ និង​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ រហូត​មាន​ការប៉ះទង្គិច ការគំរាមកំហែង ការប្រមូលផ្តុំ​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ចាម និង​ការបង្ក្រាប​ទៅលើ​បាតុករ ដែល​ដឹកនាំ​ដោយ​លោក ម៉ម សូណង់ដូ​ ជាដើម​។​
អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ លីកាដូ លោក អំ សំអាត ឲ្យដឹង​ដែរថា ការ​ដែល​ប្រទេស​មហាអំណាច ដែល​កាន់​ខាង​លទ្ធិប្រជាធិបតេយ្យ​ព្រួយបារម្ភ​បែបនេះ​គឺ ពិតជា​ត្រឹមត្រូវ​ណាស់ ព្រោះ​រយៈពេល​ចុងក្រោយ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​កម្លាំង​ប្រដាប់អាវុធ​បង្ក្រាប​ប្រជាពលរដ្ឋ ក៏ដូចជា​ក្រុមបាតុករ រហូតដល់​មាន​មនុស្ស​ស្លាប់​ច្រើន​នាក់​។ លោក​បន្តថា ករណី​នេះ​រដ្ឋាភិបាល​កម្ពុជា គួរតែ​ដឹងខ្លួន​ច្បាស់ ហើយ​គួរតែ​ទទួលយក​អនុសាសន៍​ដែល​អន្តរជាតិ​ដាក់ឲ្យ«​ប្រទេស​កម្ពុជា​ជា​ ប្រទេស​មួយ​ក្នុងនាម​ជា​សមាជិក​អង្គការសហប្រជាជាតិ ទី​២ ជា​ប្រទេស​ផ្ដល់​អាជ្ញាប័ណ្ឌ​លើ​កតិកាសញ្ញា​ស្ដីអំពី​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ សិទ្ធិ​សេដ្ឋកិច្ច ផ្គួប​និង​វប្បធម៌ ក៏ដូចជា​សន្ធិសញ្ញា​ស្ដីពី​សិទ្ធិមនុស្ស សិទ្ធិ​កុម​រា ចឹង​ប្រទេស​កម្ពុជា​យើង​ត្រូវមាន​កាតព្វកិច្ច​ក្នុងការ​អនុវត្ដ​ន៍ ហើយ​និង​រក​យន្ដការ​ដើម្បី​ទាប់​ស្កាត់​កុំឲ្យ​មាន​អំពើ​ហិង្សា​បន្ដទៅទៀត​» ។
​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ ប្រព្រឹត្តិកម្ម ( CHRAC) លោក សួន ប៊ុន​ស័ក្តិ មានប្រសាសន៍ថា មិនមែន​មាន​តែ​ប្រទេស​ប៉ុន្មាន​នេះ​ទេ ដែល​មើលឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា​តែងតែ​រំលោភ​សិទ្ធិមនុស្ស ហើយកម្ពុជា​គឺជា​ប្រទេស​មួយ ដែល​ជើងឯក​ក្នុង​ហត្ថលេខី​នៃ​សន្ធិសញ្ញា គោរព​សិទ្ធិមនុស្ស​ជាច្រើន​ទៀត ដូច្នេះ​រដ្ឋាភិបាល​ត្រូវតែ​គោរព​ឲ្យបាន​នូវ​អ្វី​ដែល​ខ្លួន​សន្យា​ជាមួយ​ អង្គការ​សហប្រជាជាតិ «​និយាយ​បើ​តាម​ការ​អនុវត្ដ​តាម​អនុសាសន៍​របស់​ អង្គការ​សហប្រជាជាតិ​នោះ មិនមែនគួ​តែ​ទេ គឺ​ត្រូវតែ​ធ្វើ ហើយ​មួយទៀត​ហេតុ​អី​បាន​ត្រូវ​តែ​ធ្វើ ពី​ព្រោះ​រដ្ឋាភិបាល​របស់​ខ្លួន​ដែល​មាន​នៅក្នុង​សា​វនា​ការ​រវាង​ អង្គការសហប្រជាជាតិ​ជាមួយ​រដ្ឋាភិបាល​ខ្លួនឯង​ហ្នឹង​គឺ​យើង​បាន​ប្រកាស់​ជា​ ឱឡារិក​ថា ខ្ញុំ​ទទួល​យក​អនុសាសន៍​នេះ ដូច្នេះ​ខ្លួនឯង​ទទួលយក ប្រកាស​មុខ​អង្គការសហប្រជាជាតិ មានន័យ​ថា ប្រកាស​ចំពោះ​មុខ​ពិភពលោក​ខ្ញុំ​នឹង​ធ្វើ​ដូច្នេះ ដូច្នេះ​ហេតុផល​ប្រទេស​កម្ពុជា​» ។​
​អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិ​ត្យ សុធា មានប្រសាសន៍ថា ការលើកឡើង​របស់​អន្តរជាតិ​មិនត្រូវ​ទេ ព្រោះ​ពួកគេ​មើល​តែ​មួយ​ជ្រុង មិន​បាន​ពិនិត្យ​មើល​គ្រប់​ជ្រុងជ្រោយ​អំពី​ស្ថានភាព​ស្រុក​ខ្មែរ​។ លោក​បន្តថា អន្តរជាតិ​មិនគួរ​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះទេ « ​ការរិះគន់​បរិហា​រណា​មួយ​ពី​បណ្ដា​ប្រទេស​នៅ​ខាងក្រៅ​នេះ គឺ​អត់​យល់​ពី​សេចក្ដីត្រូវការ​ពិត​របស់​ប្រជាពលរដ្ឋដ៏​ច្រើន​លើសលប់​នេះថា គេ​ចង់​បាន​អី គេ​មិន​មែន​ឲ្យ​អ្នក​ចាញ់ឆ្នោត​បង្ករ​ព្យុះភ្លៀង ឲ្យ​អ្នកឈ្នះឆ្នោត​ធ្វើជា​ចំណាប់ខ្មាំង​ហើយ ក្រឡុក​ពេញ​ផ្ទៃ​ប្រទេស​ហើយ​ដោយ​មាន​ភាពអណាធិបតេយ្យ ខ្ញុំ​យល់​ថា នៅ​ឲ្យ​ស្ងៀម​ទៅ មិនគួរ​មក​ជ្រៀតជ្រែក​បញ្ហា​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា​ទេ ត្រង់នេះ​ខ្ញុំ​យល់ថា មិន​ស្គាល់​អី​ជា​តម្លៃ​ជា​នីតិរដ្ឋ​ក្នុង​ការរួម​ពង្រឹង​ក្នុង​ការ​អនុវត្ដ ​ន៍​ច្បាប់​»​។​
​ប្រទេស​កម្ពុជា ត្រូវបាន​វាយតម្លៃ​ដោយ​ក្រុមការងារ​អង្គការសហប្រជាជាតិ​លើកដំបូង កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០០៩ ដោយ​គ្រានោះ​អង្គការសហប្រជាជាតិ បាន​ផ្តល់​អនុសាសន៍​កែលម្អ​ចំនួន ៩១​ចំណុច ហើយ​រដ្ឋាភិបាល បាន​ប្រកាស​ទទួល​យក​អនុសាសន៍​ទាំងអស់នោះ នឹង​ត្រូវ​វាយតម្លៃ​ជា​ថ្មី​ដោយ​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ ក្នុង​កិច្ចប្រជុំ​លើក​នេះ​ផងដែរ​។​
​ដំណើរការ​វាយតម្លៃ​ស្ថានភាព សិទ្ធិមនុស្ស UPR គឺជា​ដំណើរការ​មួយ ដែល​រដ្ឋ​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ត្រូវបាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ វាយតម្លៃ​ជា​ប្រចាំ​ទៅតាម​ជុំ ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស និង​អនុសាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​នីមួយៗ ដែល​មាន​រយៈពេល ៤​ម៉ោង និង​៣០​នាទី​៕ ដោយ៖​ ជន ស្រីណុច​ | ថ្ងៃពុធ ទី29 ខែមករា ឆ្នាំ2014
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

1 comment:

Anonymous said...

ទោះជា មហាអំណាចទាំងពីរ និយាយក៍ដោយ ក៍ ហ៊ុន សែន នៅតែបំពានទៀត គឺ ហ៊ុន សែន វាឌឺមែនទែនតែម្ដង វាជញ្ជូនទាហាន យាងច្រើនព្រមទាំង រថ្ធក្រោះផងចូលក្រុង បែបវាចង់សម្លាប់ ខ្មែរឱ្យអស់ទេដឹង។ សុំឱ្យបងប្អូនខ្មែរជួយស្រែកផង ព្រោះដែនសមុទ្ររបស់ខ្មែរយួនយកអស់ ហើយ ខ្មែរលែងមានអណ្ដូងប្រេងទៀតហើយ បើមានក៍ត្រឹមតែឈ្មោះដែរ