A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 31 December 2013

Time for Change, if not the Ruling Party, the Leadership System

By Thmey Thmey

(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ   29-12-2013, 9:48 am) |  ដោយ ប៉ែន បូណា



បាតុកម្ម ​នៅ​ថ្ងៃ​អាទិត្យ​នេះ​បាន​បង្ហាញ​ច្បាស់​អំពី​សម្ពាធ​ធ្ងន់ធ្ងរ​ដែល ​គណបក្ស​កាន់អំណាច​ទទួលរង។ ​ សម្រែក​ប្រឆាំង​តវ៉ា​បាន​កើត​ចេញ​ពីក្រុម​មនុស្ស​ផ្សេងៗ​គ្នា​ដែលគណបក្ស​ ប្រជាជន​កម្ពុជា​មិន​ធ្លាប់​បាន​ជួប​ប្រទះ​ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ នេះ​។ គឺជាសម្រែក​ដែល​ផ្ញើសារ​ច្បាស់លាស់​មយយ​ថា​កម្ពុជា​ត្រូវការ​កែទម្រង់​ ស៊ីជម្រៅ​មួយ​ជាចាំបាច់។ ទោះជាមិន​ប្តូរ​គណបក្សដឹកនាំ​ក៏តរូវ​ប្តូរ​ប្រព័ន្ធ​ដឹកនាំ​ដែរ។

បាតុកម្ម​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ថ្ងៃ​អាទិត្យ​នេះ​ បើ​ទោះជា​គេ​នៅ​មិនទាន់​ដឹង​ថា​វា​នឹង​បញ្ចប់​ទៅ​វិញ​ដោយ​របៀបណា​ក៏ដោយ ​ក៏វា​ជា​សូរ​ជួង​ដែល​បន្លឺ​ឡើង​យ៉ាង​កងរំពង​សម្រាប់​ដាស់ស្មារតី​ រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ភ្ញាក់​ពី​ការលង់លក់​ក្នុង​អំណាច​ រហូត​ដល់​ភ្លេច​មើល​ផល​អវិជ្ជមាន​ដែល​កើត​ពី​ការដឹកនាំ​របស់​ខ្លួន។

អស់​ពី​បាតុកម្ម​ជាប្រពៃណី​របស់​គណបក្ស​សង្គ្រោះជាតិ​ បាតុកម្ម​ក្នុង​ទ្រង់ទ្រាយ​ផ្សេងទៀត​ក៏បាន​កើត​ឡើង​ព្រមៗ​គ្នា​ដែរ៖​ បាតុកម្ម​កម្មករ​ បាតុកម្ម​រឿង​ដីធ្លី ​បាតុកម្ម​របស់​ព្រះសង្ឃ ​បាតុកម្ម​របស់​អ​ង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាល​ខ្លះ​ទៀត​ដែល​គេ​ស្គាល់​ថា​ មិន​គាំទ្រ​នយោបាយ​រដ្ឋាភិបាល​ក៏បាន​ផ្ទុះ​ឡើង​ដែរ។​ បើទោះជា​នេះ​ជា​ការរៀបចំ​របស់​បក្សប្រឆាំង​ឬ​មិន​មែន​ក៏ដោយ​ក៏បាតុកម្ម​ ទាំងនោះ​បាន​ផ្តល់​ទម្ងន់​ឲ្យ​បក្ស​ប្រឆាំង​ដោយ​មិនអាច​ប្រកែក​បាន។


ហេតុការណ៍​ដែល​កើត​ឡើង​មិន​ធ្លាប់​មាន​ពេល​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ន​ យោបាយ​ប្រទេស​កម្ពុជា​បាន​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយ​ទៀត​បន្ទាប់ពី​ កម្ពុជា​បាន​ស្គាល់​របត់នយោបាយ​ដ៏សំខាន់​មួយ​កាលពី​ឆ្នាំ ​១៩៩៣ ។ ​បើទោះបី​ជា​រហូត​មក​ដល់​ពេល​នេះ ​របត់​ថ្មី​នៃ​នយោបាយ​កម្ពុជា​នៅ​មិន​ទាន់​ឃ្លាត​ទៅ​ណា​ពី​គន្លង​ ប្រជាធិបតេយ្យ​នៅឡើយ​ក៏ដោយ​ ក៏​រលក​នយោបាយ​ថ្មី​នេះ​អាច​ដើរ​ចាក​ពី​មាគ៌ា​ប្រជាធិបតេយ្យ​ប្រសិន​បើគេ​ មិន​ប្រយ័ត្ន​ទេ​នោះ។

សញ្ញា​ដ៏ច្បាស់លាស់​មួយ​ដែល​ស្តែង​ចេញ​នៅ​ពេល​នេះ​គឺ​កម្ពុជា​ត្រូវ​ ការកំណែទម្រង់​យ៉ាង​ជ្រាលជ្រៅ​មួយ​និង​ជា​កំណែទម្រង់​ពិតប្រាកដ​មិន​មែន​ គ្រាន់តែ​ថា​តែ​មាត់​ដូច​កាលពីមុន​ទៀត​ឡើយ។ ​កំណែទម្រង់​ស៊ីសម្រៅ​នេះ​ទៀត​សោត​ជា​កត្តា​ស្លាប់​រស់រ​បស់​គណបក្ស​ កាន់អំណាច។​ ខ្លឹមសារនៃ​កំណែទម្រង់​មិន​ពិបាក​យល់​ទេ​ តែ​វា​ប្រហែល​ជា​មិនស្រួល​ធ្វើ​ប៉ុន្មាន​ឡើយ។

ជាការ​ពិត​ណាស់​ មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ហាក់​បាន​ដឹង​ជាមុន​អំពី​លទ្ធផល​ថ្ងៃ​នេះ។ ​ជាក់ស្តែង​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ធ្លាប់​បាន​ទទួល​ស្គាល់​ថា​ បើមិន​កែទម្រង់​បាន​ទេ​បដិវត្ត​ដីធ្លី​ប្រាកដ​ជា​នឹង​កើត​ឡើង​ដោយ​ចៀស​មិន​ ផុត។ ​លោក​នាយក​រដ្ឋមន្ត្រី​ក៏ធ្លាប់​ទទួល​ស្គាល់​ជា​សាធារណៈ​ដែ​រថា​ មន្ត្រី​របស់​ខ្លួន​មួយចំនួន​មិន​បាន​បម្រើ​ពលរដ្ឋ​ទេ​ តែ​បម្រើ​តែ​ក្រុម​គ្រួសារ​ខ្លួន។

លោក​នាយករដ្ឋ​មន្ត្រីបាន​ដឹង​ពី​ចំណុច​អសកម្ម​ទាំងឡាយ​របស់​មន្ត្រី​ រដ្ឋាភិបាល ​និង​មន្ត្រី​អាជ្ញាធរ​ ហើយ​លោក​ធ្លាប់​បាន​ស្តីបន្ទោស​ពួកគេ​ជា​សាធារណៈ​ដោយ​មិន​ទុក​មុខ​ឲ្យ​ឡើយ។ ​ប៉ុន្តែ​ សម្តី​របស់​ប្រមុខ​រដ្ឋាភិបាល​ហាក់​ដូច​ជា​មិន​សូវ​ប្រៃ​សោះ​ចំពោះ​មន្ត្រី​ ក្រោម​ឱវាទ។ ទោះបី​ជា​នាយក​រដ្ឋមន្ត្រី​ស្តីថា​យ៉ាងណា​ក៏ដោយ​ និងទោះជា​មានការរិះគន់​ពីមជ្ឈដ្ឋាន​ខាងក្រៅ​យ៉ាង​កងរំពង​យ៉ាងណា​ក៏មន្ត្រី​ ពុករលួយ​ ខិលខូច​ទាំងនោះ​មិន​បាន​កែប្រែ​ឡើយ។ ​

វា​មិន​ខុស​អ្វី​ពី​សុភាសិត​ដែល​ពោល​ថា«​កោកៗ​ សឹក​មាត់​ត្រដោក​ ឆ្អែត​ពោះ​ក្របី» ​នោះ​ឡើយ។  ​ត្រង់​ចំណុចនេះ​មានចម្លើយ​​ពីរ៖ បើមេដឹកនាំ​​និយាយ​គ្មាន​ប្រសិទ្ធភាព​អាច​មកពី​មេដឹកនាំខ្លួនឯង​គ្មាន​សមត្ថ ​ភាពឬអាចមកពី​មន្ត្រីក្រោម​ឱវាទ​មិន​កើត? ដូច្នេះ ​គួរ​ដាក់​ទោស​ភាគី​ណា​មួយ​ជា​ចាំបាច់។

ទីបំផុត​ ផលវិបាក​ទាំងនេះ​ក៏បាន​ធ្លាក់​មក​លើ​រដ្ឋាភិបាល​ខ្លួនឯង​វិញ​ដូច​មាន​ ឧទាហរណ៍​នៅ​ពេល​នេះ​ស្រាប់។ ​មុន​នឹង​ធ្លាក់​ដល់​រដ្ឋាភិបាល ​ផលវិបាក​ដែល​កើត​ឡើង​ពី​ភាពអសកម្ម​នៃ​ការដឹកនាំ​របស់​រដ្ឋាភិបាល​បាន​ធ្វើ​ ឲ្យ​មាន​ពលរដ្ឋ​អ្នករងគ្រោះ​ជាច្រើន​និង​ជា​យូរ​ណាស់​មក​ហើយ។ ​អ្នករងគ្រោះ​ទាំងនោះ​ឯង​ដែល​ពូត​ផ្តុំ​គ្នា​បង្កើត​បាន​ជា​រលកចលនា​ បាតុកម្ម​ដែលជា​ប្រយោជន៍​ដល់​បក្សប្រឆាំង​ដូចជា​បច្ចុប្បន្ន។

រហូត​មក​ដល់​ពេល​នេះ​ ទីបញ្ចប់​នៃ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​ត្រូវ​គេ​មើល​ឃើញ​ថា​ នៅតែ​មាន​ច្រក​ចេញ​តែ​ពីរ​ដដែល៖​ ច្រកទី១​ គឺវា​នឹង​បញ្ចប់​នៅ​លើ​តុចរចា ​ប៉ុន្តែ ​ច្រក​នេះ​ទាមទារ​ឲ្យមាន​ការសម្រប​សម្រួល​រក​ផ្លូវ​កណ្តាល​មួយ​រវាង​អ្វី​ ដែល​គណបក្ស​ជាប់​ឆ្នោតទាំងពីរ​ចង់​បាន។ ​ច្រកទី២​គឺវា​នឹង​បញ្ចប់​ដោយ​ការប្រឈម​មុខ​ដាក់​គ្នា​ដោយ​កម្លាំង។ ច្រក​នេះ​ប្រាក​ដណាស់​ថា​អ្នក​ដែល​បាន​ស្គាល់​ចរិត​អ្នក​នយោបាយ​ខ្មែរ​អាច​ ទស្សន៍ទាយ​មិន​ខុស​ឡើយ​ថា​ វា​មិន​អា​ចចៀស​ផុត​ពី​ការបង្ហូរ​ឈាម​ឡើយ​ទោះ​តិច​ឬច្រើន​​ក្តី។

ត្រង់​ចំណុច​នេះ ​មាន​អ្នកខ្លះ​មើល​ឃើញ​ថា ​បើមិន​ប្រថុយ​ទេ​ ច្បាស់​ជា​គ្មាន​ការ​ផ្លាស់ប្តូ​រទេ។ ​រីឯ​អ្នកខ្លះ​ទៀត​យល់​ថា​ មក​ដល់​ដំណាក់កាល​នេះ​ទៅ​ហើយ​ការជំរុញ​ឲ្យ​មាន​កំណែទម្រង់​ជាជម្រើស​ល្អ​ បំផុត​ពីព្រោះ​ពេល​វេលា​នៃ​កំណែទម្រង់​ជ្រាលជ្រៅ​បាន​មក​ដល់​ហើយ។ ​បើ​អ្នក​ដឹក​នាំ​មិន​ព្រម​ធ្វើ​កំណែទម្រង់​ទេ​ អំណាច​នឹង​របូត​ចេញ​ពីដៃ​ ប្រៀប​ដូច​គោ​ចាស់​ដែល​នឹង​ដួល​ដោយ​មិន​បាច់​ច្រាន​ឡើយ។​

នេះ​ជា​សារ​ច្បាស់លាស់​មួយ​ដែល​គ្មាន​អ្នកណា​ប្រកែក​បាន​ឡើយ​ពីព្រោះ​សម្រែក ​នៃសេចក្តី​ស្រេកឃ្លាន​ការផ្លាស់​ប្តូរ​បាន​បន្លឺ​ឡើង​គ្រប់​ទិសទី​យ៉ាង​ កងរំពង​ បើ​ទោះ​ជា​មិនចង់​ស្តាប់​ហើយ​យក​ដៃ​ញ៉ុក​ត្រចៀក​ក៏​នៅ​តែ​លឺ​ដែរ។ សារ​នេះ​ចង់​បញ្ចាក់​ថា​បើ​មិន​ផ្លាស់​ប្តូរ​បក្ស​កាន់អំណាច​ក៏ត្រូវ​ ផ្លាស់ប្តូរ​ប្រព័ន្ធ​ដឹក​នាំដែរ៕

No comments: