A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 27 March 2013

Villagers along the border accused Thai soldiers of encroaching on Khmer territory ពលរដ្ឋ​តាម​ព្រំដែន​ចោទ​ទាហាន​ថៃ​ថា​រំលោភ​យក​ទឹកដី​ខ្មែរ

ប្រជាពលរដ្ឋ​ខេត្ត​បាត់ដំបង បាន​អះអាង​ថា ដី​ខ្មែរ​តាម​ព្រំដែន​មួយ​ផ្នែក ដែល​អតីត​កងទ័ព​ខ្មែរ​ក្រហម​កាន់​កាប់​មុន​ឆ្នាំ​១៩៩៦ បច្ចុប្បន្ន​ត្រូវ​ថៃ កាន់​កាប់​ស្ទើរ​តែ​ទាំង​ស្រុង និង​បារម្ភ​ខ្លាច​បាត់​បង់​បន្ថែម​ទៀត បើ​សិន​អាជ្ញាធរ ឬ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល មិន​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ។
ដោយ ដែន អយុធ្យា និង​ម៉ម មុនីរតន៍ RFA Service
2013-03-27
ព្រំដែន ខ្មែរ-ថៃ ៣០៥
២៣-មីនា-២០១៣៖ ពលរដ្ឋ​រស់នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ជា​អតីត​កងទ័ព​ខ្មែរ​ក្រហម ចង្អុល​បង្ហាញ​ទីតាំង​ដី​ខ្មែរ​ដែល​ថៃ រំកិល​ព្រំដែន​យក​ជាង ១០​គីឡូម៉ែត្រ​ពី​ព្រំដែន​បច្ចុប្បន្ន។  A former Khmer Rouge soldiers living in Samlau district, Battambang province pointed to the area where Thai soldiers had encroached 10 kilometres deep inside Khmer territory.
RFA/Den Ayuthea
ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង មាន​ការ​ព្រួយ​បារម្ភ​ដូច​ប្រជាពលរដ្ឋ​មាន​លំនៅឋាន​នៅ​ជាប់​បន្ទាត់​ព្រំដែន ​កម្ពុជា-ថៃ នា​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន និង​បន្ទាយមានជ័យ ដែល​បាន​អះអាង​ពី​ការ​បាត់បង់​ដី​ខ្មែរ​តាម​ព្រំដែន​ទៅ​ភាគី​ថៃ ក្រោយ​អតីត​កងទ័ព​ខ្មែរ​ក្រហម ធ្វើ​សមាហរណកម្ម​ជាមួយ​រដ្ឋាភិបាល​មក។
បុរស​ពិការ​ជើង​ម្ខាង​ដោយ​ផ្ទុះ​មីន​សម័យ​សង្គ្រាម ជា​អតីត​កងទ័ព​ខ្មែរ​ក្រហម ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ច្រើន​ទៀត រស់នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង លោក​បាន​អះអាង​ថា ដី​ខ្មែរ​ក្នុង​មូលដ្ឋាន​នេះ ដែល​ធ្លាប់​កាន់​កាប់​ដោយ​កងទ័ព​ខ្មែរ​ក្រហម​ពី​អតីតកាល ត្រូវ​ថៃ កាន់​កាប់​ស្ទើរ​ទាំង​ស្រុង​ទៅ​ហើយ។ បុរស​ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ​រូប​នេះ បន្ត​ថា ការ​រុល​ចូល​កាន់​កាប់​ដី​ខ្មែរ​តាម​ព្រំដែន​របស់​ថៃ ទំនង​ជា​កើត​មាន​នៅ​ចន្លោះ​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០០០។
បុរស​វ័យ​ជិត ៦០​ឆ្នាំ​រូប​នេះ អះអាង​ថា ដី​ខ្មែរ​តាម​ព្រំដែន​ក្នុង​ស្រុក​សំឡូត ដែល​កងទ័ព​ខ្មែរ​ក្រហម​គ្រប់គ្រង​ចន្លោះ​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៦ ត្រូវ​ថៃ រំលោភ​យក​មិន​តិច​ជាង ១០​គីឡូម៉ែត្រ ពី​ច្រក​ព្រំដែន​កម្ពុជា-ថៃ ត្រង់​ចំណុច​ច្រក​បួន​រយ​សព្វថ្ងៃ​នេះ​ទេ៖ «បង្គោល​ព្រំដែន​ដែល​ខ្ញុំ​ ធ្លាប់​ដឹង និង​រស់នៅ​ទី​នេះ​តាំង​ពី​ឆ្នាំ​១៩៧៩។ មើល​ពី​ទី​នេះ​ទៅ ព្រំដែន​ប្រហែល​ដី​ជាង ១០​គីឡូម៉ែត្រ គឺ​មាន​បង្គោល​ឡាក់​៦៩ និង​ចេញ​ពី​បង្គោល​ឡាក់​៦៩ ទៅ​មាន​បង្គោល​ឡាក់​៧០។ តែ​ក្រោយ​សមាហរណកម្ម​មក ទាហាន​យើង​ដក​ចេញ ថៃ ក៏​កិល​ចូល​មក។ ច្រក​នេះ គឺ​ច្រក​បួន​រយ។ ជួន​កាល ខ្ញុំ​នឹក​ឃើញ​អនុស្សាវរីយ៍​ដែល​ខ្ញុំ​ធ្លាប់​វ៉ៃ​គ្នា​ជាមួយ​យួន ដែល​វា​បុក​ចូល​ឆ្នាំ​១៩៨៤។ អ៊ីចឹង ទីតាំង​នេះ គឺ​ជា​ទីតាំង​របស់​ខ្មែរ​ក្រហម ហើយ​ប្រជាជន​ដែល​គាត់​រស់នៅ គឺ​នៅ​ជ្រៅ​ទៅ​ខាង​ក្នុង​ទៅ​ទៀត។ ដី​បើ​គិត​ពី​ព្រំដែន​បច្ចុប្បន្ន ដើរ​មួយ​ព្រឹក​ទៀត​បាន​ដល់។ ឥឡូវ​ដី​នេះ ត្រូវ​ថៃ គ្រប់គ្រង​អស់​ទៅ​ហើយ»

ពលរដ្ឋ​ផ្សេង​ទៀត​ជា​អតីត​កងទ័ព​ខ្មែរ​ក្រហម ក៏​បាន​សោកស្ដាយ​ដី​ខ្មែរ​មួយ​ផ្នែក​នៅ​ស្រុក​សំឡូត ត្រូវ​ថៃ ទន្ទ្រាន​កាន់​កាប់ ប៉ុន្តែ​បែរ​ជា​រាជ​រដ្ឋាភិបាល​កម្ពុជា ហាក់​មិន​សូវ​រវល់​អើពើ ឬ​ប្រតិកម្ម​បញ្ហា​នេះ​ទៅ​វិញ។ ពលរដ្ឋ​ស្រុក​សំឡូត បាន​ព្រួយ​បារម្ភ​ថា ទៅ​ថ្ងៃ​អនាគត ថៃ អាច​នឹង​បន្ត​សកម្មភាព​រំលោភ​ឈ្លាន​ពាន​ដី​ខ្មែរ​តាម​ព្រំដែន​នា​តំបន់​ភ្នំ និង​តំបន់​ព្រៃ​ច្រើន​ទៀត បើ​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ៖ «ឥឡូវ​នេះ នៅ​លើ​ខ្នង​ភ្នំ​បន្ទាត់ ជួរ​ភ្នំ​ត្រងោល ភ្នំ​ប្រាំពីរម្ភៃ។ ភ្នំ​ប្រាំពីរម្ភៃ ហ្នឹង វា​ដោត​ទង់​ជាតិ​វា​លើ​ហ្នឹង​តែ​ម្តង បន្ទាប់​មក​ភ្នំ​បួនរយ បន្ទាប់​មក​បង្គោល​ឡាក់​៧០ រីឯ​បង្គោល​ឡាក់​៦៩ នោះ គេ​សរសេរ​អក្សរ​ថៃ មួយ​ចំហៀង អក្សរ​ខ្មែរ មួយ​ចំហៀង។ អា​ហ្នឹង​កាល​ដែល​ខ្ញុំ​ឃើញ​នៅ​ពេល​ខ្ញុំ​រត់​ឆ្នាំ​១៩៧៩។ បើ​យើង​មើល គឺ​ថៃ បាន​កិល​ចូល​មក​ជាង ១០​គីឡូម៉ែត្រ​ទៅ​ហើយ។ តាម​ការ​ពិត បង្គោល​ឡាក់​ពី​មុន​នៅ​ខាង​មុខ​ឯណោះ»
ពលរដ្ឋ​ស្រុក​សំឡូត ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​សូម​កុំ​គិត​ថា ថៃ បញ្ឈប់​មហិច្ឆតា​រំលោភ​ដី​ខ្មែរ​តាម​ព្រំដែន​ឲ្យ​សោះ ព្រោះ​សង្កេត​ឃើញ​ថា រាល់​ថ្ងៃ​នេះ​សកម្មភាព​រុល​ចូល​ដី​ខ្មែរ​ពី​ភាគី​ថៃ ឬ​កងទ័ព​ថៃ នៅ​តាម​តំបន់​ភ្នំ ឬ​ព្រៃ គ្មាន​ពលរដ្ឋ ឬ​សមត្ថកិច្ច​ប្រចាំ​ការ បាន​បន្ត​កើត​មាន។ ហើយ​ថា សកម្មភាព​ថៃ ទន្ទ្រាន​ចូល​ដី​ខ្មែរ​តាម​ព្រំដែន មិន​ឃើញ​មាន​សមត្ថកិច្ច ឬ​រដ្ឋាភិបាល​បញ្ចេញ​ប្រតិកម្ម​ទេ។
យ៉ាង​នេះ​ក្តី មន្ត្រី​រដ្ឋាភិបាល​តាម​ខេត្ត​ជាប់​ព្រំដែន បាន​បដិសេធន៍​មិន​ធ្វើ​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ​ទេ លើ​បញ្ហា​ថៃ រំកិល ឬ​រំលោភ​ដី​តាម​ព្រំដែន​ក្នុង​មូលដ្ឋាន​ខ្លួន​ទេ ដោយ​ចាត់​ទុក​ស្ថាប័ន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​រដ្ឋាភិបាល ជា​អ្នក​ទទួល​ខុស​ត្រូវ។
ទោះ​ជា​បែប​ណា មន្ត្រី​នគរបាល និង​កងទ័ព​ប្រចាំ​ការ​តាម​ច្រក​របៀង ឬ​ច្រក​តំបន់ តាម​ព្រំដែន​កម្ពុជា-ថៃ នា​ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ដី​ខ្មែរ​តាម​បន្ទាត់​ព្រំដែន​ដែល​ធ្លាប់​គ្រប់គ្រង​ដោយ​អតីត​កងទ័ព​ខ្មែរ​ ក្រហម នៅ​ស្រុក​សំឡូត ពិត​ជា​ត្រូវ​ថៃ កាន់​កាប់​ស្ទើរ​ទាំង​ស្រុង​ពិត​មែន។
ទាំង​មន្ត្រី​នគរបាល និង​យោធា​ប្រចាំ​ច្រក​ព្រំដែន ពួក​គេ​មាន​ការ​ប្រយ័ត្នប្រយែង និង​ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ​ទេ ចំពោះ​ការ​ផ្តល់​ព័ត៌មាន​ពី​ការ​បាត់បង់​ដី​ខ្មែរ​តាម​ព្រំដែន​ទៅ​ប្រទេស​ថៃ នេះ​ទេ ព្រោះ​ខ្លាច​ថ្នាក់​លើ​ស្តី​បន្ទោស ឬ​ដក​តំណែង។
យោធា​ខ្មែរ​ប្រចាំ​ការ​នៅ​តាម​ច្រក​ព្រំដែន​កម្ពុជា-ថៃ មួយ​ចំនួន មាន​ច្រក​បួនរយ នា​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ជាប់​ខេត្ត​ត្រាត ប្រទេស​ថៃ ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ ថៃ ពិត​ជា​បន្ត​មាន​មហិច្ឆតា​រំកិល​ព្រំដែន និង​ពង្រាយ​ទ័ព​ចូល​ឈរ​ជើង​ចូល​ដី​ខ្មែរ​តាម​តំបន់​ព្រៃ និង​តំបន់​ភ្នំ ដូច​ពលរដ្ឋ​អះអាង​មែន។
ទាក់ទិន​បញ្ហា​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​អភិវឌ្ឍន៍​សង្គម មាន​ប្រសាសន៍​ថា សព្វថ្ងៃ​នេះ មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ហាក់​ភ្លេច​គិត​លើ​បញ្ហា​បូរណភាព​ទឹកដី ពី​ការ​ឈ្លាន​ពាន​ដោយ​ប្រទេស​ជិត​ខាង​ទៅ​ហើយ។ ដោយ​មន្ត្រី​ទាំង​នោះ រវល់​គិត​ធ្វើ​យ៉ាង​ណា​រក្សា​តំណែង​បុណ្យ​ស័ក្តិ​មិន​ឲ្យ​បាត់បង់ ឬ​រវល់​គិត​តែ​ពី​ការ​សប្បាយ​ជាមួយ​ស្រី​កំណាន់​ក្មេងៗ លុយ ឡាន​ទំនើបៗ និង​វីឡា​ស្កឹមស្កៃ​ជាដើម។
អ្នក​ស្រាវជ្រាវ​រូប​នេះ ព្រួយ​បារម្ភ​ថា ផែន​ការ​រុក​រក​បង្គោល ឬ​កំណត់​ព្រំដែន​គោក​រវាង​កម្ពុជា និង​ថៃ ដែល​បាន​បន្សល់​ទុក​ពី​អាណាព្យាបាល​បារាំង អាច​នាំ​ឲ្យ​កម្ពុជា បាត់​ដី​ច្រើន​ថែម​ទៀត ព្រោះ​ជាក់ស្តែង ដី​តាម​បន្ទាត់​ព្រំដែន​ដែល​កន្លង​មក​គ្រប់គ្រង​ដោយ​អតីត​កងទ័ព​ខ្មែរ​ក្រហម រណសិរ្ស​ហ៊្វុនស៊ិនប៉ិច និង​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​ថៃ កាន់​កាប់​ស្ទើរ​តែ​ទាំង​ស្រុង៖ «នៅ​ពេល​ប្រទេស​យើង​មាន​សន្តិសុខ យើង​ក៏​មិន​បាន​គិត​រឿង​ព្រំដែន​ទៅ​ទៀត គឺ​គិត​តែ​ពី​សប្បាយ ឡាន​លុចស៊ីស ៥៧០ (Lexus 570) សណ្ឋាគារ​ខ្ពស់ៗ មាន​ខារ៉ាអូខេ មាន​បារ​ច្រើន​អ៊ីចឹង​ទៅ ដូច​ជា​មិន​ឃើញ​មាន​នរណា​ចាប់​អារម្មណ៍ ឬ​យក​ខួរ​ក្បាល​មក​គិត​រឿង​ព្រំដែន​ទេ។ អា​ហ្នឹង​ជា​រឿង​ដែល​សំខាន់ ដែល​យើង​ត្រូវ​ពិចារណា​ទាំងអស់​គ្នា នៅ​ពេល​ដែល​យើង​សប្បាយ គឺ​យើង​សប្បាយ​ភ្លេច​គិត»
យ៉ាង​ណា​ក៏ដោយ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​រដ្ឋាភិបាល ធ្លាប់​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​មិន​ទៅ​ឆោត​ល្ងង់​បោះ​កំណត់​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ ខាង​នាំ​ឲ្យ​បាត់បង់​ដី​ខ្លួន​នោះ​ទេ។ លោក​បន្ត​ថា បញ្ហា​កំណត់​បង្គោល​ព្រំដែន​គោក​ជាមួយ​ថៃ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​យក​តាម​បង្គោល​ព្រំដែន​មាន​ ស្រាប់​ចំនួន ៧៣​បង្គោល និង​ទទួល​ស្គាល់​ដោយ​អាណាព្យាបាល​បារាំង ក្រោយ​ឆ្នាំ​១៩០៤។
លោក វ៉ា គឹមហុង៖ «កន្លែង​ដែល​គេ​កំណត់​ខណ្ឌ​សីមា ឬ​បោះ​បង្គោល គឺ​បោះ​បង្គោល​ពី​ឆ្នាំ​១៩០៨ ឬ​១៩០៩ រហូត​ដល់ ១៩១៩ និង ១៩២០ គេ​បោះ ៧៣​បង្គោល​តាំង​ពី​ហ្នឹង​មក​ហើយ។ ឥឡូវ​ហ្នឹង គេ​លែង​ធ្វើ​ហើយ គណៈកម្មាធិការ​ហ្នឹង​គេ​ត្រូវ​រក​បង្គោល​ហ្នឹង​ឲ្យ​ឃើញ​ទៅ។ រក​ឲ្យ​ឃើញ ហើយ​រក​ទីតាំង​ឲ្យ​ពិត​ប្រាកដ​ទៅ អត់​មាន​ទៅ​បោះ​អី​ទៀត​ទេ បើ​រក​ឃើញ​ហើយ ត្រូវរ៉ូវ​គ្នា​ហើយ ឯកភាព​គ្នា​ធ្វើ​កំណត់​ហេតុ​ស៊ីញេ​ព្រមព្រៀង​គ្នា។ ឥឡូវ​រក​ឃើញ​តែ​រក​បង្គោល​ហ្នឹង​មិន​ទាន់​ឃើញ​ទាំងអស់​ទេ រក​ឃើញ​មួយ​ចំនួន ហើយ​យើង​ត្រូវរ៉ូវ​គ្នា​ខ្លះ មិន​ទាន់​ត្រូវ​ខ្លះ»
ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​តំណាង​ស្ថានទូត​ថៃ ប្រចាំ​ទីក្រុង​ភ្នំពេញ ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ បាន​នៅ​ឡើយ​ទេ ហើយ​តាម​សារ​អេឡិចត្រូនិក ក៏​មិន​មាន​ការ​ឆ្លើយ​តប​ដែរ។

ពលរដ្ឋ​មិន​ត្រូវ​បាន​បើក​ទូលាយ​ឲ្យ​ស្គាល់​ពី​ព្រំដែន

មន្ត្រី​យោធា និង​ប៉ូលិស​ការពារ​ព្រំដែន​មួយ​ចំនួន​នៅ​ភាគ​ពាយព្យ​ជាប់​ព្រំដែន​ កម្ពុជា-ថៃ បាន​រិះគន់​ថា រដ្ឋាភិបាល​ព្យាយាម​ហាមប្រាម​ពលរដ្ឋ​ខ្មែរ មិន​ឲ្យ​ឃើញ​ព្រំដែន និង​ចោទ​ប្រកាន់​អ្នក​ដែល​ចង់​ដឹង​ពី​បញ្ហា​ព្រំដែន​ថា គឺ​ជា​អ្នក​ប្រឆាំង​រដ្ឋាភិបាល ឬ​ធ្វើ​ការ​បម្រើ​ឲ្យ​គោល​នយោបាយ​បក្ស​ប្រឆាំង។ ក៏ប៉ុន្តែ កន្លង​មក បញ្ហា​ព្រំដែន​នេះ ត្រូវ​បាន​ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា ឲ្យ​ដឹង​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​ដែល​រឹតត្បិត​ពលរដ្ឋ​ណា​ម្នាក់​មិន​ឲ្យ​ឃើញ​ព្រំដែន​ឡើយ។


បញ្ហា​ព្រំដែន​ជា​រឿង​រសើប​មួយ ដែល​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ណា​និយាយ​ដល់​ឡើយ និង​ជា​ញឹកញយ អាជ្ញាធរ​តែង​ចោទ​ប្រកាន់​ថា អ្នក​និយាយ​ពី​រឿង​ព្រំដែន ច្រើន​ជា​សមាជិក​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។ ប្រជាពលរដ្ឋ​ខ្លះ ចង់​ទៅ​មើល​ព្រំដែន តែ​គេ​មាន​ការ​ខ្លាច​ញញើត មាន​ការ​ចោទ​សួរ​ដេញដោល​ពី​សំណាក់​អាជ្ញាធរ។
ការ​រិះគន់​អំពី​យុទ្ធសាស្ត្រ និង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ពី​សំណាក់​ពលរដ្ឋ​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​យោធា​កម្ពុជា និង​ប៉ូលិស​ព្រំដែន តែង​រារាំង​ជា​បន្តបន្ទាប់​ចំពោះ​ការ​ចង់​ដឹង និង​ឃើញ​ដោយ​ផ្ទាល់​នូវ​បង្គោល​ព្រំដែន ទាំង​ជាមួយ​វៀតណាម និង​ថៃ ក្នុង​ពេល​បច្ចុប្បន្ន។
អតីត​យោធា​ខ្មែរ​ក្រហម លោក ឃិន ប៉ុន អះអាង​កាល​ពី​ថ្ងៃ​ទី១៩ មីនា ថា រដ្ឋាភិបាល​ពុំ​គួរ​រឹត​បន្តឹង​ពលរដ្ឋ​ដែល​ប្រាថ្នា​ចង់​ឃើញ​បង្គោល​ព្រំដែន ​របស់​ខ្លួន​ទេ។ លោក​គិត​ថា ការ​មិន​បើក​ទូលាយ​គោល​នយោបាយ​ជើង​មេឃ គឺ​ជា​ការ​ប្រឈម​នៅ​ថ្ងៃ​ខាង​មុខ សម្រាប់​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស​ដែល​ព្រំដែន​ពិត​ប្រាកដ មិន​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង។ ផ្ទុយ​ពី​នេះ លោក​គិត​ថា សម្រាប់​ប្រទេស​វៀតណាម ឬ​ប្រទេស​ថៃ វិញ រដ្ឋាភិបាល​របស់​គេ​តែង​លើក​ទឹក​ចិត្ត​ពលរដ្ឋ​របស់​ខ្លួន​ដែល​ប្រាថ្នា​ចង់​ ឃើញ ឬ​ខ្វល់ខ្វាយ​ពី​អធិបតីភាព និង​បូរណភាព​ទឹកដី​ជា​ដរាប។
លោក ឃិន ប៉ុន៖ «បើ​យើង​ក្នុង​ឋានៈ​ជា​អ្នក​ដឹកនាំ យើង​ចង់​ការពារ​ទឹកដី យើង​ចង់​និយាយ​ថា​មិន​ចាំបាច់​ដល់​ថ្នាក់​ដឹកនាំ​ប្រទេស​ទេ បើ​យើង​និយាយ​ថា​ក្រុម​គ្រួសារ​មួយ បើ​មិន​ឲ្យ​កូន​ស្គាល់​ព្រំ​ដី​របស់​ខ្លួន​ផង​ហ្នឹង ឥត​ឲ្យ​ស្គាល់​បង្គោល​ផង​ហ្នឹង។ អ៊ីចឹង​សួរ​ថា យើង​គិត​យ៉ាង​ម៉េច​សម្រាប់​ការពារ​ទឹកដី​ដល់​ពេល​គេ​និយាយ​ថា គេ​ហ្នឹង​ចេះ​តែ​និយាយ​ចេះ​តែ​បង្ខូច»
តែ​ផ្ទុយ​ទៅ​វិញ គោល​នយោបាយ​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេល​បច្ចុប្បន្ន ត្រូវ​រង​ការ​រិះគន់​ថា​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បំបិទ​មាត់ និង​ចាត់​វិធានការ​ប្រឆាំង​នឹង​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ប្រឆាំង អំពី​បញ្ហា​ព្រំដែន​ថា នាំ​ប៉ះពាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិត​ខាង។
ព្រំដែន ប៉ៃលិន ៣០៥
បង្គោល​ព្រំដែន​លេខ ៦៤ នៅ​ចំណុច​អូរអែម សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន។ RFA/Morm Moniroth
ព្រោះ​តែ​បញ្ហា​បូរណភាព​ទឹកដី និង​អធិបតីភាព​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ត្រូវ​រស់នៅ​ដោយ​និរទេស​ខ្លួន​តាម​អំណាច​សាលក្រម​នៃ​សាលា​ដំបូង​រាជធានី​ ភ្នំពេញ ពី​បទ​បំផ្លាញ​បង្គោល​ព្រំដែន បទ​ក្លែង​បន្លំ​ឯកសារ​ផែនទី បទ​បរិហារ​កេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត។ ចំណែក​កសិករ​នៅ​ខេត្ត​ស្វាយរៀង ២​នាក់ ត្រូវ​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ដក​តម្រុយ​បង្គោល​ព្រំដែន​ កម្ពុជា-វៀតណាម នៅ​ស្រុក​ចន្ទ្រា។ លើស​ពី​នេះ លោក រ៉ុង ឈុន សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ ក្នុង​ពេល​កន្លង​ទៅ ត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់ និង​ចាប់​ដាក់​គុក ព្រោះ​តែ​ហាន​រិះគន់​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​ប្រទេស​វៀតណាម ជាដើម។
ពលរដ្ឋ​នៅ​ជាយ​ដែន​កម្ពុជា-ថៃ ក្នុង​ខេត្ត​ប៉ៃលិន ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ និយាយ​ថា គេ​ពិត​ជា​ពិបាក​រក​អ្នក​ដែល​ហាន​និយាយ​អំពី​បញ្ហា​ព្រំដែន​ណាស់ បើ​ទោះ​ជា​មើល​ឃើញ​ថា​ប្រទេស​ថៃ បាន​រំកិល​ព្រំដែន​ចូល​ក្នុង​ទឹកដី​កម្ពុជា​យ៉ាង​ណា​ក៏ដោយ ព្រោះ​ថា ការ​ព្យាយាម​បញ្ចេញ​ការ​ពិត តែង​រង​ការ​ចោទ​ប្រកាន់​ដោយ​រដ្ឋាភិបាល​ថា​ក្បត់​ជាតិ ឬ​មាន​និន្នាការ​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​គណបក្ស​គ្រប់គ្រង​អំណាច​ ជាដើម៖ «វា​ឃើញ​តែ​អ្នក​និយាយ​បញ្ហា​ព្រំដែន តែ​កាល​ណា​និយាយ វា​ចេះ វា​ប៉ះពាល់​លើ​អា​សុវត្ថិភាព​ផ្ទាល់​ខ្លួន​អ្ហា។ អ៊ីចឹង ខ្ញុំ​មិន​សូវ​ចង់​និយាយ​ដែរ​អា​រឿង​ព្រំដែន ប៉ុន្តែ​ថា​អា​នេះ​អ្វី​ដែល​យើង​ឃើញ​ជាក់​ស្ដែង យើង​និយាយ​ខ្លះ។ យើង​និយាយ​ខ្លះ​ទៅ វា​មិន​និយាយ​អី​ទាំងអស់​ទេ។ តាំង​ពី​ខ្ញុំ​មក​រស់នៅ​ហ្នឹង​រយៈពេល​ជាង ១០​ឆ្នាំ នៅ​នេះ​ព្រៃ​ទេ នេះ​សុទ្ធ​តែ​ព្រៃ​ឫស្សី​ទាំងអស់ លើ​ផ្លូវ​ហ្នឹង​ផ្លូវ​លេខ​១០​ចាស់ ដែល​ធ្វើ​តាំង​ពី​ជំនាន់ សម្ដេច សីហនុ មក​ចូល​ទៅ​ថៃ ហ្នឹង។ លើ​ហ្នឹង ពោរពេញ​ទៅ​ដោយ​មីន ហើយ​និង​គុម្ព​ឫស្សី​ស្អេកស្កះ​អត់​មាន​ពី​ណា​សូវ​ហាន​ចូល​ទេ ហើយ​ខ្ញុំ​ក្រ​ពេក​ខ្ញុំ​នៅ​ហ្នឹង»
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​លោក វ៉ា គឹហុង ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ទេ។ ក៏ប៉ុន្តែ​ក្នុង​ពេល​កន្លង​ទៅ លោក​ធ្លាប់​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ពុំ​ដែល​បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ណា​ម្នាក់​ដែល​ចង់​ឃើញ​ បង្គោល​ព្រំដែន​ម្ដង​ណា​នោះ​ឡើយ។ លោក​បន្ត​ថា តែ​ផ្ទុយ​ទៅ​វិញ អ្វី​ដែល​រដ្ឋាភិបាល​រឹត​បន្តឹង​ទីតាំង​ហាម​ឃាត់​មួយ​ចំនួន​នោះ គឺ​ជា​តំបន់​ដែល​គណៈកម្មការ​ជំនាញ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ មិន​ទាន់​បាន​ឯកភាព​ជា​គោលការណ៍​រួម​នៅ​ឡើយ៖ «ខ្ញុំ​វា​មិន​ដែល​ឮ​ថា​ហាម ​ឃាត់ ឮ​សូរ​ថា​ហាម​ឃាត់ ឮ​សូរ​តែ​ពួក​បក្ស​ប្រឆាំង​ទេ និយាយ​ត្រង់​ទៅ​សុទ្ធ​តែ​ហាម​ឃាត់​អា​នេះ​ហាម​ឃាត់​អា​នោះ ដូច​ថា​គ្មាន​អាណា​ទៅ​ហាម​ឃាត់​សោះ បន់​ឲ្យ​តែ​ទៅ​មើល។ តាំង​ពី​ដើម​មក​អ៊ីចឹង គឺ​ថា​ដែល​គេ​ហាម​ឃាត់​នៅ​តាម​តំបន់​ណា​បង្គោល​តម្រុយ​ដែល​គេ​កំពុង​ធ្វើ​ កិច្ចការ​គេ​ហ្នឹង គឺ​កុំ​ឲ្យ​វា​ប៉ះពាល់ កុំ​ឲ្យ​វា​បាត់​អា​តម្រុយ​គេ ឬ​ក៏​បាត់​អា​ដែង​ភស្តុតាង​គេ ធ្វើ​ឲ្យ​ខូចខាត ខាត​ពេលវេលា ខាត​លុយ ខាត​កាក់ អា​នេះ​ដែល​យើង​ហាម​ឃាត់ ក្រៅ​ពី​នោះ​អត់​មាន​ណា​ហាម​ឃាត់​ទេ»
ក្រុម​អតីត​យោធា​ខ្មែរ​ក្រហម​នៅ​ជាយ​ដែន​កម្ពុជា-ថៃ ក្នុង​ខេត្ត​ប៉ៃលិន ចាត់​ទុក​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ថា ការ​អនុវត្ត​តឹងតែង​ទៅ​បាន​នោះ គេ​តែង​សង្កេត​ឃើញ​ចំពោះ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​របស់​ខ្លួន​ប៉ុណ្ណោះ៖ «គឺ​ជា​អាថ៌កំបាំង​ដែល​មិន​អាច​ឲ្យ​ប្រជាពលរដ្ឋ​យើង​ក្ដី ឬ​អ្នក​សារព័ត៌មាន​ក្តី ចូល​ទៅ​ថត​បង្គោល​ព្រំដែន​បាន សូម្បី​តែ​ឡាក់​នេះ ៦៥ ៦៦ ៦៧ ហ្នឹង ក៏​យើង​អត់​អាច​ទៅ​បាន​ដែរ។ ទាល់​តែ​មាន​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ​បាន​ទៅ​បាន។ អា​ជនជាតិ​មួយ​ណា ឲ្យ​តែ​ធ្វើ​ទាហាន​ថៃ អា​ទាហាន​ខ្មៅ​ទាហាន​ព្រំដែន​ហ្នឹង ឲ្យ​ឯង​ស្គាល់​បង្គោល​ឡាក់​គ្រប់​គ្នា​ទាំងអស់។ ហើយ​ខ្មែរ​យើង​ខុស​ពី​កង​ហ្នឹង ឲ្យ​កង​ដទៃ​មក​មើល បើ​មិន​អត់​ស្គាល់​មិន​ស្រួល​មេ​ល្មមៗ​អត់​ស្គាល់​ព្រំដែន​ផង។ អ៊ីចឹង​អា​លក្ខណៈ​ការពារ​ព្រំដែន​យើង​ធូរ​ជាង​ថៃ ណាស់ យើង​ធូរ​រលុង​ជាង​ណាស់​ធ្វើ​ឲ្យ​គេ​រំកិល​ព្រំដែន​កន្លែង​ណា មិន​ស្រួល​ហ្នឹង​ចាំ​តែ​របាយការណ៍​តេ​ទូរស័ព្ទ​ពី​ចម្ងាយ​មក ខ្ញុំ​ថា​មិន​ច្បាស់​ទេ»
លោក កែម ឡី អ្នក​ស្រាវជ្រាវ និង​ជា​អ្នក​វិភាគ​សង្គម មាន​ប្រសាសន៍​កាល​ពី​ដើម​ខែ​មីនា ថា ដើម្បី​កែ​ទម្រង់​យន្តការ​នៃ​ការ​គ្រប់គ្រង​រដ្ឋ​ដោយ​ប្រសិទ្ធភាព មេ​ដឹកនាំ​គួរ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ក្រៅ​ផ្លូវ​ការ​នៅ​តាម​ខ្សែ​បន្ទាត់​ ព្រំដែន ជា​ជាង​ការ​រៀបចំ​ទុក​ជា​មុន ទើប​អាច​រក​បញ្ហា​បាន​ច្រើន​ជាង និង​អាច​កែប្រែ​យុទ្ធសាស្ត្រ​ដឹកនាំ​ប្រទេស​បាន​លឿន​ជាង៖ «ខ្ញុំ​គិត​ថា រដ្ឋមន្ត្រី ឬ​មួយ​នាយក​រដ្ឋមន្ត្រី សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហ្នឹង មិន​បាច់​អញ្ជើញ​មក​ផ្លូវ​ការ​ទេ។ យើង​អាច​លួច​មក មក​ជិះ​ម៉ូតូ​ឌុប​ឡាន​សាមញ្ញ​ធម្មតា តាក់ស៊ី​ធម្មតា ហើយ​ដើរ​តាម​ព្រំដែន​ហ្នឹង​ឲ្យ​ដឹង​តាំង​ពី​សំឡូត សំពៅលូន កំរៀង ភ្នំព្រឹក ប៉ៃលិន នេះ ឬ​ក៏​ចូល​មក​ម៉ាឡៃ ទៅ​តាម​ក៥ តាម​ព្រៃ​គុប អូរបីជាន់ បឹង​ត្រកួន អី​នេះ ខ្ញុំ​គិត​ថា យើង​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង ហើយ​ដោយ​សម្ងាត់។ ហើយ​អាច​ជួប​សួរ​ប៉ូលិស​ប៉ុស្តិ៍ អាច​ជួប​សួរ​ទាហាន អាច​ជួប​សួរ​ប្រជាជន​ដែល​រស់នៅ​តាម​ច្រក​ព្រំដែន​ហ្នឹង បាន​យើង​មាន​គំនិត និង​ការ​អភិវឌ្ឍ​ច្រើន មាន​គំនិត​ដោះស្រាយ​ជូន​ប្រជាជន​ច្រើន មាន​ដំណោះស្រាយ​ច្រើន»
បើ​ទោះ​ជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ពុំ​មាន​ចរិត​រឹតត្បិត​យ៉ាង​ណា​ ក្ដី ក៏ប៉ុន្តែ​ជា​គោលការណ៍ មន្ត្រី​ដែល​មាន​ភារកិច្ច​ការពារ​ព្រំដែន​នៅ​មូលដ្ឋាន ពុំ​បាន​បង្កើត​បរិយាកាស​ធូរ​ស្រាល ដើម្បី​បាន​ឃើញ ឬ​ចូល​ជិត​បង្គោល​ព្រំដែន​នោះ​ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

PM ( Primitive Man ) Hun Sen has been so busy massing personal wealth and power, he neglects the territory encroachments by Siem and Yuon.

We Khmers must terminate this primitive man by votes and or by other means.

Anonymous said...

Sad to see neighbors from both sides of the borders are encroaching on our territory everyday and our leaders, especially Hun Sen, did not say a word. This is because he cares more about his powers, election, personal wealth than Cambodia's territorial integrity. Sad really.