A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 9 October 2012

Thai soldiers plant landmines along the border to prevent Cambodians from crossing the border

ថៃ​ពង្រាយ​គ្រាប់​មីន​ច្នៃ​ទប់ស្កាត់​ពលរដ្ឋ​ខ្មែរ​លួច​ឆ្លង​ដែន  

ដោយ សួន សុផលមុន្នី 2012-10-08 RFA

កង​ទាហាន​ថៃ បាន​ប្រើប្រាស់​យុទ្ធវិធី​ថ្មី​ដើម្បី​ទប់​លំហូរ​ចំណាក​ខុស​ច្បាប់​របស់​ ប្រជាពលរដ្ឋ​ខ្មែរ ដែល​និយម​នាំ​គ្នា​លួច​ចូល​ទៅ​រក​ការងារ​ធ្វើ​ក្នុង​ប្រទេស​ថៃ។
កង​ទាហាន​ថៃ ​បាន​ដាក់​ពង្រាយ​គ្រាប់​មីន​ច្នៃ​សម្រាប់​ឲ្យ​ផ្ទុះ​ធ្វើ​​ជា​សញ្ញា ដើម្បី​ការពារ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​លួច​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ប្រទេស ​ថៃ ដោយ​ខុស​ច្បាប់។ ការ​ដាក់​គ្រាប់​មីន​ធ្វើ​ជា​ សញ្ញា​របស់​កង​ទាហាន​ថៃ គឺ​បាន​ចាប់​ផ្ដើម​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​គ្រាប់​មីន​ច្នៃ​នោះ​មិន​បង្ក​ឲ្យ​មនុស្ស​មាន​របួស​នេះ​ទេ។
ប្រភព​ពី​កងទាហាន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លង​ទៅ​ធ្វើការ​ខុស​ច្បាប់​ពេល​យប់ ហើយ​ព្យាយាម​គេច​ពី​សមត្ថកិច្ច​ ប៉ុន្តែ​នៅ​ពេល​ពួក​គេ​ចូល​ទៅ​ក្នុង​ព្រៃ និង​ទាក់​ខ្សែ​បង្កៃ​គ្រាប់​មីន​ច្នៃ​ ដែល​កងទាហាន​ថៃ ​ដាក់​សម្រាប់​ឲ្យ​ផ្ទុះ​ធ្វើ​ជា​សញ្ញា​នៅ​ក្នុង​ព្រៃ។ នៅ​ពេល​មាន​ការ​ផ្ទុះ​ឡើង​ជា​សញ្ញា​ហើយ ​ក្រុម​ទាហាន​ថៃ​ ពួកគេ​នឹង​ចល័ត​គ្នា​ចុះ​ទៅ​ចាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ភ្លាម។
ទាហាន​ខ្មែរ៖ «អា​ហ្នឹង​គេ​ហៅ​ថា គ្រាប់មីន ប៉ុន្តែ​ផ្ទុះ​អត់​មាន​របួស​អី​ទេ​ គ្រាន់​តែ​ធ្វើ​ជា​សញ្ញា​ទេ។ គ្រាប់​វា​ច្នៃ​ឥឡូវ ខ្សែ​វា​ពណ៌​រាង​ត្រួយ​ចេក ​ខ្សែ​វា​ហ្នឹង​វា​ដាក់​តាម​ផ្លូវ​ដែល​ប្រជាពលរដ្ឋ​យើង​ឆ្លង​ចូល​ទៅ​ធ្វើ​ ការ​នៅ​ក្រុង​ថេប នៅ​ពេល​យប់ ​បើ​សិន​អ្នក​ខ្លះ​ទៅ​ធ្វើ​ហើយ​ វិល​ត្រឡប់​មក​វិញ​អត់​មាន​លុយ​មាន​កាក់​ពេល​មក​ ច្រើន​តែ​ដើរ​តាម​គន្លង​ ពេល​ទៅ​វា​ដាក់​គន្លង​ហ្នឹង ​ផ្ទុះ​ជា​សញ្ញា​ទាហាន​ថៃ គេ​ដឹង​ថា ប្រជាពលរដ្ឋ​ចេញ​តាម​ច្រក​ណា!»
ទាហាន​ថៃ​បាន​ចាប់​ផ្ដើម​ដាក់​ពង្រាយ​គ្រាប់មីន​ច្នៃ​ផ្ទុះ​ជា​សញ្ញា ​ដើម្បី​តាម​ចាប់​ប្រជាពលរដ្ឋ​ខ្មែរ​លួច​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃ​នេះ ​គឺ​ចាប់​ពី​វេលា​ម៉ោង ​៦​ល្ងាច​ លុះ​ដល់​ព្រឹក​ទើប​ដោះ​ចេញ​វិញ។ ទី​តាំង​នោះ ​គឺ​ពួក​គេ​បាន​ដាក់​ពង្រាយ​តាម​ព្រៃ ​ដែល​មាន​ផ្លូវ​ដើរ​តូច​នៅ​ក្នុង​ទឹក​ថៃ ​ក្បែរ​ព្រំដែន​ខ្មែរ ដើម្បី​ការពារ ​ប៉ុន្តែ​គ្រាប់​មីន​ដែល​ដាក់​ឲ្យ​ផ្ទុះ​ធ្វើ​ជា​សញ្ញា​របស់​ទាហាន​ថៃ​នេះ ​មិន​បាន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​​ដាច់​ដៃ​ដាច់​ជើង​នោះ​ទេ​ គ្រាន់​តែ​មាន​ស្នាម​រោល​កន្ទួល ​ប្រសិន​បើ​វា​ផ្ទុះ​ប៉ះ​ចំ​លើ​សាច់​ មនុស្ស។
កង​ទាហាន​ការពារ​ព្រំដែន​ខ្មែរ​នៅ​ស្រុក​សំពៅ​លូន ​ខេត្ត​បាត់ដំបង​ បាន​ឲ្យ​ដឹង​ថា ​គិត​ពី​ថ្ងៃ​ទី​២៨​ ខែ​កញ្ញា រហូត​មក​ដល់​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១២ នេះ ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​បី​ក្រុម​ហើយ​ដែល​ បាន​លួច​ឆ្លង​ដែន​ពី​ទឹក​ដី​ខ្មែរ​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ​ ហើយ​ប៉ះ​ចំ​គ្រាប់​មីន​ដែល​ទាហាន​ថៃ​ ដាក់​ធ្វើ​ជា​សញ្ញា​នៅ​ក្នុង​ព្រៃ ​ស្ថិត​នៅ​ក្នុង​ស្រុក​ខ្លងហាត ​ខេត្ត​ស្រះកែវ​ ជាប់​ព្រំ​ប្រទល់​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។
ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ ​ឈ្មោះ ​ចាប​ អាយុ ​២៤​ឆ្នាំ ​ដែល​ធ្លាប់​ឆ្លងកាត់​ព្រៃ​ចេញ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ជា​ច្រើន​ដង​មក​នោះ​បាន​ថ្លែង​​ថា កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា ​កន្លង​ទៅ ​រូប​គាត់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត ​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ខេត្ត​ចាន់បូរី ថៃ ហើយ​បាន​នាំ​គ្នា​ដើរ​កាត់​ព្រៃ​គេច​ពី​ទាហាន​ថៃ​ នៅ​ក្នុង​ភូមិសាស្ត្រ ស្រុក​ខ្លងហាត ​ខេត្ត​ស្រះកែវ ប៉ុន្តែ​នៅ​ពេល​នោះ ​រូប​គាត់​បាន​ដើរ​ទាក់​ខ្សែ​គ្រាប់មីន​ច្នៃ ដែល​ទាហាន​ថៃ​ បាន​ដាក់​បង្កប់​នៅ​ក្នុង​ព្រៃ​បណ្ដាល​ឲ្យ​ផ្ទុះ​ឡើង ​ផ្អើល​ដល់​កង​ទាហាន​ថៃ។
ប្រជាពលរដ្ឋ​ឈ្មោះ ចាប៖ «កន្លែង​ខ្ញុំ​ដើរ​រាល់​ដង​អត់​មាន​ដឹង​ថា ដាក់​គ្រប់​បែក​ណា ព្រោះ​អី​ផ្លូវ​ចេញ​ចូល​រាល់​ថ្ងៃ ​មិន​ដែល​ចេញ​ចូល​មួយ​ខែ​ជាង ទៅ​ដើរ​ទៅ​វា​ផ្ទុះ ​វាល​រោល វា​ដាក់​នៅ​ក្នុង​ព្រៃ ​កាត់​ផ្លូវ​យើង​ដើរ​ចេញ​ចូល។ ខ្ញុំ​ទាញ ខ្ញុំ​ស្មាន​តែ​វល្លិ ទាញ​ទៅ​ផ្ទុះ ​តែ​វា​អត់​ត្រូវ​អី គ្រាន់​កន្ទួល។ វា​ដាក់​ខ្ពស់​ដែរ ​ត្រឹម​ចង្កេះ ​វា​មិន​ដាក់​យក​ជើង​មនុស្ស​ផង វា​ដាក់​បី​ជាន់»
ទាក់ទិន​ករណី​នេះ ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ លោក ពេជ្រ វណ្ណា បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​បាន​ទទួល​បាន​ព័ត៌មាន​នេះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា កង​ទាហាន​ថៃ ធ្វើ​ដូច្នេះ គឺ​ផ្ទុយ​ពី​ស្មារតី​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ។
លោក​បញ្ជាក់​ថា ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ ក៏​មាន​ការ​ហាម​មិន​ឲ្យ​យក​គ្រឿង​ផ្ទុះ​ទៅ​ដាក់​ពង្រាយ​ដូច្នេះ​ទេ៖ «ចង់ ​ចាប់​ចង់​ចង​អី​ត្រូវ​ដាក់​កម្លាំង ខាង​គាត់​បិទ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​វា​បាន​ហើយ ចាំបាច់​យក​មីន​យក​អី​ទៅ​ដាក់ យក​គ្រឿង​ផ្ទុះ​ទៅ​ដាក់​មនុស្ស​មើល​តែ​សត្វ​ម៉េច? ព្រោះ​យក​គ្រឿង​ផ្ទុះ​ទៅ​ដាក់​មនុស្ស​ដើរ​ទាក់​សម្រាប់​សញ្ញា​អី​ឲ្យ​ កម្លាំង​ពួក​គាត់​ចាប់​វា​ខុស»
ប្រភព​ពី​ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​តំបន់​ជាយ​ដែន​ខ្មែរ​ថៃ ​បាន​ឲ្យ​ដឹង​ថា លំហូរ​ប្រជាពលរដ្ឋ​ខ្មែរ​ ទៅ​ស្វែង​រក​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ ​នៅ​តែ​បន្ត​កើត​មាន​រាល់​ថ្ងៃ។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះ ​ភាគ​ច្រើន​ជា​ជន​ចំណាក​ស្រុក​ក្រីក្រ​មក​ពី​ខេត្ត​ផ្សេង​គ្នា​នៅ​ក្នុង​ ប្រទេស​កម្ពុជា។ អ្នក​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ ទាំង​នោះ ​បាន​ថ្លែង​ថា ​ប្រាក់​ឈ្នួល​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ ​ពួកគេ​ទទួល​បាន​ខ្ពស់​ជា​ប្រាក់​ឈ្នួល​នៅ​ក្នុង​ស្រុក​ខ្មែរ។ ដូច្នេះ​ហើយ​ទើប​ពួកគេ​ប្រថុយ​ប្រថាន​ដូច្នេះ៖ «បាញ់​ស្មៅ​ដំឡូង ធ្វើ​ស្មៅ​ពោត​នៅ​ចម្ការ​តាម​ថៃ​ ព្រៃ​មៀន ព្រៃ​ស្វាយ​អី​ហ្នឹង ​អ្នក​បាញ់​ថ្នាំ​ស្មៅ​ បាញ់​ថ្នាំ​ស្វាយ​អី​ហ្នឹង គេ​ឲ្យ ១៥០​បាត។ ខាង​ខ្មែរ​មិន​មាន​ការងារ​ធ្វើ ឲ្យ​តម្លៃ​មិន​បាន​ដូច​គេ ឲ្យ​តម្លៃ​ក្រោម​ថៃ​ ឲ្យ​តែ​ ១​ម៉ឺន​២​ពាន់​រៀល។ ប្រជាពលរដ្ឋ​ទៅ​គ្រប់​ខេត្ត ​ដូច​ជា​កំពង់ចាម​ ដូច​ជា​តាកែវ​ កំពត​ ខេត្ត​កណ្ដាល អី​ទាំង​អស់ មក​ជួប​ជុំ​គ្នា​តាម​ព្រំដែន​ហ្នឹង ហើយ​ក៏​ប្រមូល​ផ្ដុំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ថ្ងៃ​ហ្នឹង​ទៅ»
អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​ប្រចាំ​ខេត្ត​បាត់ដំបង ​លោក ​ស៊ុន ​តឹក ​បាន​ថ្លែង​ថា ដោយសារ​តែ​ភាព​ទាល់ច្រក និង​មាន​ជីវភាព​ក្រីក្រ បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ ធ្វើ​នៅ​ក្រៅ​ប្រទេស។ ការ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ​បាន​ធ្វើ​ឲ្យ​ពួកគាត់​​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ រហូត​គ្រោះ​ថ្នាក់​​បាត់​បង់​ជីវិត​ថែម​ទៀត។
លោក ស៊ុន តឹក៖ «ភាគ​ច្រើន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទៅ​ថៃ​ហ្នឹង មិន​សូវ​ទៅ​តាម​ផ្លូវ​ច្បាប់​ទេ អ៊ីចឹង​គាត់​ទៅ​តាម​មេខ្យល់ គាត់​អាច​ជួប​ប្រទះ​​បញ្ហា​ជាប់​ពន្ធនាគារ​ ដោយ​ថៃ​គេ​ចាប់​ ដែល​យើង​ទៅ​ខុស​ច្បាប់។ ខាង​កងទ័ព​ថៃ គេ​អាច​បាញ់​សម្លាប់​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ដែន​ហ្នឹង ចំណុច​សំខាន់ បំផុត​គឺ ​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​មុខ​របរ យើង​បង្កើត​រោងចក្រ សិប្បកម្ម​ ដើម្បី​ធ្វើ​ការ​រក​ប្រាក់​ចំណូល​ដើម្បី​ចិញ្ចឹម​គ្រួសារ»
កន្លង​ទៅ​នេះ ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ត្រូវ​បាន​ទាហាន​ថៃ ​បាញ់​សម្លាប់​ ដោយសារ​តែ​ពួក​គេ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ​ និង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់ពាន់​កំពុង​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​ ថៃ។ ទាក់ទិន​បញ្ហា​នេះ ​អង្គការ​លីកាដូ បាន​ជំរុញ ​និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​អាជ្ញាធរ​មូលដ្ឋាន ​ចូល​រួម​គ្នា​ក្នុង​ការ​ទប់ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ​ ខ្មែរ ជា​ពិសេស​ត្រូវ​ចាត់​វិធានការ​តាម​ចាប់​ខ្លួន​មេខ្យល់ ​ដែល​ជា​អ្នក​ជួញដូរ​កម្លាំង​ពលរដ្ឋ​ខ្មែរ​ទៅ​រក​ការងារ​ធ្វើ​ដោយ​ខុស​ ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ៕

3 comments:

Anonymous said...

សមមុខអាខ្មែរថោកទាប ដែលធ្វើចោរបំផ្លាញខ្មែរ
មិនអស់ចិត្ត ចង់ទៅបំផ្លា្ញញប្រទេសគេទៀត។

ពីខ្មែរម្នាក់

Anonymous said...

You are just a stupid and did not deserve to be a Khmer.

A good Khmer citizen, means you have to respect all other poor or rich Khmer people.

Anonymous said...

I respect my Khmer people not the thieves of all kinds.