A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 7 October 2012

Subedi claimed the UN Report on human rights in Cambodia was written thoroughly លោក ស៊ូប៊ែរឌី អះអាង​ថា​របាយការណ៍​ស្ដីពី​កម្ពុជា​ធ្វើ​ឡើង​ដោយ​ហ្មត់ចត់

ដោយ តាំង សារ៉ាដា 2012-10-06 RFA

លោក សុរិយា ស៊ូបែរឌី (Suriya Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​អះអាង​ថា របាយការណ៍​លោក​ស្ដីពី​ការ​បោះ​ឆ្នោត និង​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​កម្ពុជា ធ្វើ​ឡើង​ដោយ​ហ្មត់ចត់ តាម​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា។

RFA/Uon Chhin
៣-មិថុនា-២០១១៖ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ធ្វើ​សន្និសីទ​កាសែត​ក្នុង​ថ្ងៃ​បញ្ចប់​បេសកកម្ម​របស់​លោក នា​រាជធានី​ភ្នំពេញ។
លោក​បន្ត​ថា របាយការណ៍​នោះ​ធ្វើ​ឡើង​ផ្អែក​លើ​កាតព្វកិច្ច​របស់​ប្រទេស​កម្ពុជា ចំពោះ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។
លោក ស៊ូប៊ែរឌី បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ខឹង​សម្បារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចោទ​ថា របាយការណ៍​សិទ្ធិ​មនុស្ស​របស់​លោក​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ពី​ កម្ពុជា។
លោក សុរិយា ស៊ូបែរឌី មាន​ប្រសាសន៍​ក្នុង​សារ​អេឡិចត្រូនិក​មក​កាន់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បញ្ជាក់​ថា ក្នុង​នាម​លោក​ជា​អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​អង្គការ​សហប្រជាជាតិ ដូច្នេះ​លោក​ត្រូវ​តែ​បំពេញ​ភារកិច្ច​ជា​អ្នក​ជំនាញ​ខាង​សិទ្ធិ​មនុស្ស ដោយ​ឈរ​លើ​គោលការណ៍​អព្យាក្រឹត និង​ឥត​លំអៀង។
លោក​បញ្ជាក់​ថា របាយការណ៍​របស់​លោក​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​កាតព្វកិច្ច​របស់​កម្ពុជា ក្នុង​ការ​គោរព​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ការ​ចុះ​សិក្សា​ស្រាវជ្រាវ​ផ្ទាល់​ដល់​ទីកន្លែង ដែល​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស។ លោក​អះអាង​ថា លោក​បាន​ជួប​ជាមួយ​ក្រុម​ជន​រងគ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​ដីធ្លី ក្រុម​សង្គម​ស៊ីវិល និង​ក្រុម​អ្នក​ធ្វើ​កិច្ចការ​ខាង​ផ្នែក​ច្បាប់​នៅ​កម្ពុជា ជាដើម។ ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​ក៏​បាន​ទទួល​ព័ត៌មាន​ពី​ប្រភព​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​លោក​ទទួល​បាន​នោះ​នៅ​ក្រោយ​សេចក្តី​ សន្និដ្ឋាន​ផ្ទាល់​របស់​លោក។
ការ​អះអាង​របស់​លោក ស៊ូប៊ែរឌី ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លោក ហ៊ុន សែន ដែល​បាន​ចោទ​ប្រកាន់​របាយការណ៍​របស់​លោក​ថា សរសេរ​ឡើង​ខ្វះ​ការ​ពិត។
លោក ហ៊ុន សែន៖ «អា​ហ្នឹង​អង្គការ​សហប្រជាជាតិ​នឹង​គេ​ដែរ ហើយ​ដើរ​តឹកឡឹកៗ​មក​អ៊ីចឹង​ទៅ ជួប​នេះ​ជួប​ណោះ ហើយ​ទៅ​ធ្វើ​របាយការណ៍ រួច​ហើយ​ឲ្យ​គេ​មក​ទទួល​យក។ រដ្ឋ​អធិបតេយ្យ​មួយ​មិន​អាច​ទទួល​យក​នូវ​អ្វី​ដែល​ជា​របស់​អ្នក​ដទៃ​បាន​ទេ ត្រូវ​សួរ​ប្រជាពលរដ្ឋ​សិន។ ឥឡូវ​ឆ្នាំ​២០១៣ សួរ​ប្រជាពលរដ្ឋ​ទៅ បើ​ប្រជាពលរដ្ឋ​លែង​ត្រូវ​ការ​គណបក្ស​ប្រជាជន ហើយ​គេ​បោះ​ឆ្នោត​ទម្លាក់​ហើយ។ បើ​បោះ​ឆ្នោត​ទម្លាក់​ហើយ អ្នក​ឯង​ធ្វើ​ទៅ​តាម​លោក​ឯង​ហ្នឹង​ទៅ។ អា​ហ្នឹង​ខ្ញុំ​គ្រាន់​តែ​ថា និយាយ​ឲ្យ​សិស្ស​ចេះ​ទេ ប៉ុន្តែ​ក៏​វា​មាន​ចំណែក​មួយ​ឲ្យ​អ្នក​ដទៃ​ចេះ​ដែរ កុំ​ល្ងង់​ពេក»
របាយការណ៍​របស់​លោក សុរិយា ស៊ូប៊ែរឌី កាល​ពី​ចុង​ខែ​កញ្ញា បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​កំណែ​ទម្រង់​មួយ​ចំនួន ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ប្រព្រឹត្ត​ទៅ​បាន​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​ជៀសវាង​ការ​រំលោភ​សិទ្ធិ​មនុស្ស។ របាយការណ៍​នោះ ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើន​តម្លាភាព និង​គោរព​ច្បាប់ ក្នុង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​សម្បទាន​ផ្សេងៗ។ លោក​បញ្ជាក់​ទៀត​ថា ពលរដ្ឋ​ទូទៅ​កំពុង​ទាល់ច្រក និង​មិន​សប្បាយ​ចិត្ត​ចំពោះ​វិបត្តិ​ដីធ្លី។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក កែវ រ៉េមី អ្នក​នាំ​ពាក្យ​នៃ​អង្គភាព​ប្រតិកម្ម​រហ័ស​របស់​រដ្ឋាភិបាល នៅ​តែ​អះអាង​ថា ទស្សនកិច្ច​របស់​លោក ស៊ូបែរឌី នៅ​កម្ពុជា​កន្លង​មក គឺ​ដើម្បី​ជួប​ជាមួយ​ក្រុម​បក្ស​ប្រឆាំង និង​ក្រុម​សង្គម​ស៊ីវិល ដែល​ការពារ​បក្ស​ប្រឆាំង​ប៉ុណ្ណោះ៖ «ឥឡូវ យើង​មើល​ទៅ​អ្នក​វិភាគ​ឯករាជ្យ សមាសភាព​នៅ​ឯណា មក​ពី​ណា ខ្ញុំ​ដឹង​ទាំង​អស់​ហ្នឹង។ ហើយ អ៊ិន.ជី.អូ (NGO) វិញ គាត់​ទៅ​សម្ភាស​ជាមួយ អ៊ិន.ជី.អូ មួយ​ចំនួន​តូច ម៉េច​នឹង​កើត។ អ៊ិន.ជី.អូ មាន​ច្រើន​ណាស់​ដល់​ជាង​មួយ​ពាន់​ឯណោះ ហើយ​គាត់​ទៅ​យក​ខាង អ៊ិន.ជី.អូ ដែល​គាំទ្រ​ខាង​គណបក្ស​ប្រឆាំង។ ហើយ​គាត់​ទៅ​ជួប​ជាមួយ​តំណាង​រាស្ត្រ​ខាង​បក្ស​ប្រឆាំង ខ្ញុំ​ថី មិន​ដឹង។ អ៊ីចឹង​បាន​ថា​អ្វី​ដែល​គាត់​និយាយ​ហ្នឹង ចេះ​តែ​និយាយ​ទៅ។ តែ​គ្រាន់​ថា ជំហរ​អព្យាក្រឹត​មិន​លំអៀង​ហ្នឹង ជា​ពាក្យ​សម្ដី​របស់​មនុស្ស​ទេ»
លោក កែវ រ៉េមី បាន​ផ្តល់​អនុសាសន៍​ដល់​លោក សុរិយា ស៊ូប៊ែរឌី ធ្វើ​ការ​វាយ​តម្លៃ​ស្ថានភាព​របស់​កម្ពុជា ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ចូល​រួម​ទទួល​យក​ការ​ពន្យល់​បកស្រាយ​របស់​រដ្ឋាភិបាល។
ក្នុង​របាយការណ៍​ជាង​មួយ​រយ​ទំព័រ​របស់​លោក ស៊ូប៊ែរឌី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក​ពុំ​បាន​ទទួល​ឯកសារ​ពី​ប្រភព​រដ្ឋាភិបាល និង​ក៏​មិន​បាន​អនុញ្ញាត​ឲ្យ​ជួប​ជាមួយ​ក្រុម​មន្ត្រី​របស់​រដ្ឋាភិបាល​នោះ​ ដែរ។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា លោក សុរិយា ស៊ូប៊ែរឌី បាន​ព្យាយាម​ម្តង​ហើយ​ម្តង​ទៀត ដើម្បី​ជួប​ជាមួយ​ក្រុម​មន្ត្រី​រដ្ឋាភិបាល ប៉ុន្តែ​លោក​ត្រូវ​បាន​គេ​បដិសេធ។ លោក អ៊ូ វីរៈ អះអាង​ថា រដ្ឋាភិបាល​កម្ពុជា មិន​ដែល​មាន​របាយការណ៍​អំពី​ករណី​រំលោភ​សិទ្ធិ​មនុស្ស ដោយ​សារ​រដ្ឋាភិបាល​ខ្វះ​ឆន្ទៈ និង​សមត្ថភាព។ ហេតុ​ដូច្នេះ​ហើយ ទើប​បាន​ជា​រដ្ឋាភិបាល​គេចវេស​ពី​ការ​ជួប និង​ផ្តល់​របាយការណ៍​ដល់​បេសកជន​រូប​នេះ។
លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​ហ៊ាន​ប្រឈម​មុខ​នឹង​លោក សុរិយា ស៊ូប៊ែរឌី នៅ​ពេល​ដែល​លោក​បង្ហាញ​របាយការណ៍​ជា​សាធារណៈ​នៅ​មុខ​ក្រុម​ប្រឹក្សា​សិទ្ធិ​ មនុស្ស របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ចុង​ខែ​កញ្ញា ប្រសិន​បើ​រដ្ឋាភិបាល​យល់​ថា​របាយការណ៍​លោក ស៊ូប៊ែរឌី មិន​ឆ្លុះ​បង្ហាញ​ពី​ការ​ពិត​នោះ៖ «នៅ​អង្គការ​សហប្រជាជាតិ ពេល​គេ​សើរើ​របាយការណ៍​ណា​មួយ គឺ​គេ​ផ្តល់​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​ក្នុង​ការ​ឆ្លើយ​ទាំង​អស់។ តាម​ពិត ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ខ្មែរ ក្នុង​ការ​ធ្វើ​របាយការណ៍។ ប៉ុន្តែ​ជាទូទៅ រដ្ឋាភិបាល​ខ្មែរ មិន​ដែល​ធ្វើ​របាយការណ៍​ឲ្យ​គេ​ទៅ​តាម​តម្រូវ​ការ និង​តាម​កាតព្វកិច្ច​របស់​ខ្លួន​ទេ។ ដូច្នេះ យើង​បរាជ័យ​លើ​កាតព្វកិច្ច​របស់​ខ្លួន​ហ្នឹង​ច្រើន​ដង​រួច​មក​ហើយ។ ដូច្នេះ​ហើយ បាន​ជា​កម្ពុជា មាន​រូបភាព​សិទ្ធិ​មនុស្ស​មិន​ល្អ​ក្នុង​ពិភពលោក​ហ្នឹង ដោយ​សារ​យើង​មិន​បាន​ធ្វើ​របាយការណ៍​ត្រឹមត្រូវ​អំពី​ករណី​រំលោភ​សិទ្ធិ​ មនុស្ស»
ចំណែក​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា របាយការណ៍​ដ៏​លម្អិត និង​ដ៏​រសើប​របស់​លោក សុរិយា ស៊ូប៊ែរឌី អំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ​ច្បាស់​លាស់ ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់ ដែល​អាច​ឲ្យ​ជឿ​ទុក​ចិត្ត​បាន៖ «ដូច្នេះ ខ្ញុំ​គិត​ថា ការ​ចោទ​គាត់​ថា​បាន​ភរ​កុហក​អី​ហ្នឹង ឬ​បាន​សួរ​ពី​សង្គម​ស៊ីវិល ឬ​បក្ស​ប្រឆាំង​ហ្នឹង ដូច​ជា​មិន​ត្រឹមត្រូវ​ទេ។ ហើយ​ប្រហែល​អ្នក​ដែល​និយាយ​អ៊ីចឹង គឺ​ខ្វះ​ខាត​នូវ​បទ​ពិសោធន៍​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ផ្ទាល់​ខ្លួន​ឯង។ ដូច្នេះ ខ្ញុំ​អាច​សន្និដ្ឋាន​ថា​អ៊ីចឹង»
លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ខ្មែរ មិន​ត្រូវ​បដិសេធ​របាយការណ៍​របស់​លោក ស៊ូប៊ែរឌី រួម​នឹង​ការ​ចោទ​ប្រកាន់​ថា​មាន​ភាព​លំអៀង​ទៅ​ខាង​បក្ស​ប្រឆាំង​នោះ​ទេ។
លោក សុរិយា ស៊ូប៊ែរឌី ត្រូវ​បាន​តែង​តាំង​ជា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដោយ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ កាល​ពី​ខែ​មិនា ឆ្នាំ​២០០៩។
កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក ហ៊ុន សែន ក៏​បាន​បន្តុះ​បង្អាប់​ប្រទេស​របស់​លោក ស៊ូប៊ែរឌី ថា​កំពុង​ជួប​វិបត្តិ​នយោបាយ ដែល​គ្មាន​អ្វី​ល្អ​ប្រសើរ​ជាង​កម្ពុជា ហើយ​ថា លោក ស៊ូប៊ែរឌី គួរ​តែ​ទៅ​ជួយ​ប្រទេស​នេប៉ាល របស់​លោក​វិញ​ប្រសើរ​ជាង៖ «ខ្ញុំ ​មិន​និយាយ​ឲ្យ​ចំ​ទេ តែ​មនុស្ស​ហ្នឹង គាត់​ជា​ជនជាតិ​នៃ​ប្រទេស​មួយ ដែល​ប្រទេស​នោះ​គេ​សុំ​រៀន​សូត្រ​ពី​កម្ពុជា វិញ​ទេ។ សូម្បី​ប្រទេស​របស់​គាត់​អត់​ទាន់​មាន​រដ្ឋធម្មនុញ្ញ​ទេ​ម៉ោង​នេះ។ អា​ហ្នឹង​មក​ពី​គាត់​ពូកែ​ពេក ហើយ​សង្ឃឹម​ថា​គាត់​ទៅ​ជួយ​នៅ​ប្រទេស​របស់​គាត់​ល្អ​ជាង​ស្រុក​ខ្មែរ។ ប្រទេស​ហ្នឹង លប់​រាជា​និយម​បាត់​ទៅ​ហើយ។ ហើយ​នៅ​ថ្ងៃ​មុន ខ្ញុំ​បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ហ្នឹង នៅ​ឯ​ទីក្រុង​តេអេរ៉ង់។ សង្ឃឹម​ថា​គាត់​ទៅ​ជួយ​នៅ​ប្រទេស​របស់​គាត់​ល្អ​ជាង​ប្រទេស​ខ្មែរ។ គាត់​តាំង​ខ្លួន​ជា​សាស្ត្រាចារ្យ​ច្បាប់ ហើយ​បើ​គាត់​ជា​សាស្ត្រាចារ្យ​ច្បាប់ ម៉េច​មិន​ទៅ​ស្រុក​គាត់​ទៅ​ជួយ​សរសេរ​រដ្ឋធម្មនុញ្ញ»
កាល​ពី​ឆ្នាំ​២០០៨ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​បាន​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ធ្ងន់ៗ​ដូច្នេះ​ទៅ​លើ​តំណាង​ ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក យ៉ាស ក្ហាយ (Yash Ghai) ផង​ដែរ។
លោក ហ៊ុន សែន បាន​ហៅ​លោក យ៉ាស ក្ហាយ ដែល​កើត​នៅ​ប្រទេស​ខេនយ៉ា (Kenya) ថា ជា​ប្រភេទ​អ្នក​ទេសចរ​រយៈពេល​យូរ បន្ទាប់​ពី​លោក យ៉ាស ក្ហាយ បាន​សរសេរ​របាយការណ៍​លាត​ត្រដាង​អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ស្នើ​អោយ​មាន​ធ្វើ​កំណែ​ទម្រង់ ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស។
ទាំង​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​ដែល​រដ្ឋាភិបាល​បង្វែរ​ប្រតិកម្ម​របស់​ខ្លួន​មក​លើ​បុគ្គល ឬ​ជាតិ​សាសន៍​នៃ​បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​នេះ គឺ​ជា​វប្បធម៌​លាប​ពណ៌​ដ៏​អាក្រក់​មួយ ដែល​ធ្វើ​ឲ្យ​ខូច​មុខ​មាត់​របស់​កម្ពុជា ក្នុង​ឆាក​អន្តរជាតិ៖ «នៅ​ក្នុង ​ពិភពលោក គេ​នឹង​ជឿ​បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ជាង​រដ្ឋាភិបាល​កម្ពុជា។ ដូច្នេះ​ការ​ចោទ​ប្រកាន់​លោក សុរិយា ស៊ូប៊ែរឌី នេះ​វា​ធ្វើ​ឲ្យ​កាន់​តែ​មាន​រូបភាព​អាក្រក់​ក្នុង​ឆាក​អន្តរជាតិ ដែល​ធ្វើ​ឲ្យ​គេ​កាន់​តែ​មិន​សប្បាយ​ចិត្ត​សម្រាប់​កម្ពុជា ហើយ​អ្នក​វិនិយោគ​គេ​កាន់​តែ​ខ្លាច​ក្នុង​ការ​វិនិយោគ​ក្នុង​ប្រទេស​មួយ​ដែល ​មិន​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ។ ដូច្នេះ ខ្ញុំ​មើល​ទៅ​អ្នក​ដែល​ប៉ះពាល់​ខ្លាំង​ជាង​គេ​នោះ គឺ​ពលរដ្ឋ​ដែល​ជា​អ្នក​រកស៊ី និង​អ្នក​ក្រីក្រ»
លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ខ្មែរ​គួរ​ចាត់​ទុក​របាយការណ៍​របស់​លោក ស៊ូប៊ែរឌី ជា​កញ្ចក់​មួយ​ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ ប្រទេស​កម្ពុជា និង​សារភាព​ថា កម្ពុជា​មាន​ការ​ខ្វះខាត ហើយ​នឹង​ធ្វើ​ការ​កែ​លំអ​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ។ លោក​បន្ត​ថា ទាល់​តែ​រដ្ឋាភិបាល​កម្ពុជា មាន​ភាព​ចាស់​ទុំ​ក្នុង​ការ​បើក​ចំហ​ផ្លូវ​ចិត្ត​ទទួល​យក​ការ​រិះគន់​ដើម្បី ​ស្ថាបនា នោះ​ទើប​សង្គម​អាច​មាន​ភាព​រីក​ចម្រើន​ជឿន​លឿន​ទៅ​មុខ៕

5 comments:

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

don't get mad, take it easy, dear

Anonymous said...

7 October 2012 11:26 AM

Are you happy with your freedom of speech? Hopefully, you’ve expressed by yourself and not copied from someone. Well, at least one in a million like you to express the negative way in order to defend your God father (Hun Sen) but, actually not protecting your country anyway.
Good for you! Keep defending your God father with your dull-head.

Anonymous said...

It is nature of iliterate PM.

I don't know how long I can wait for Hun Sen to act in good behavior.

It is really so disgraceful to Cambodian nation as a whole having a PM like this.