A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 18 October 2012

Cambodian politicians: Ex-King Sihanouk have left a lot of legacy អ្នក​នយោបាយ៖ ព្រះ​មហា​វីរក្សត្រ​បន្សល់​ស្នា​ព្រះហស្ត​នយោបាយ​ជាច្រើន

Mourners gather in front of the Royal Palace.

ដោយ កែវ និមល 2012-10-18 RFA
អតីត​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ សម្ដេច នរោត្តម សីហនុ បាន​ចូល​ទិវង្គត​កាល​ពី​ថ្ងៃ​ទី១៥ តុលា នៅ​ប្រទេស​ចិន ដោយ​រោគ​គាំង​បេះ​ដូង ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា។
ព្រះបាទ នរោត្តម សីហនុ ជា​ព្រះមហាក្សត្រ​ដែល​បាន​ដឹកនាំ​គ្រប់គ្រង​ប្រទេស​កម្ពុជា ឲ្យ​បាន​ទទួល​ឯករាជ្យ​ពេញ​លេញ​ពី​ប្រទេស​បារាំង ក្នុង​ឆ្នាំ​១៩៥៣ និង​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​ឈ្មោះ​ល្បីល្បាញ​លើ​ពិភពលោក ថា​ជា​ប្រទេស​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​រហូត​ដល់​ប្រជាពលរដ្ឋ​បាន​ហៅ​ព្រះអង្គ​ថា ជា​សម្ដេច​ឳ ទៀត​ផង។
តើ​ការ​ចូល​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ នេះ បាន​បន្សល់​មេ​រៀន​នយោបាយ​អ្វី​ខ្លះ ចំពោះ​អ្នក​នយោបាយ​ខ្មែរ?
អ្នក​នយោបាយ​ខ្មែរ​មួយ​ចំនួន​លើក​ឡើង​ថា ស្នា​ព្រះហស្ត​សំខាន់ៗ​ដែល​អតីត​ព្រះមហាក្សត្រ​កម្ពុជា លោក​បាន​បន្សល់​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​រៀន​សូត្រ​មាន​ច្រើន​ណាស់ ដូច​ជា គោល​នយោបាយ​ឯករាជ្យ​មិន​ចូល​បក្សសម្ព័ន្ធ ឆន្ទៈ​បម្រើ​ប្រទេស​ជាតិ និង​ប្រជារាស្ត្រ​ច្បាស់​លាស់ ការ​បង្កើត​ឲ្យ​មាន​សាមគ្គី​ជាតិ ការ​ពង្រឹង​សេដ្ឋកិច្ច កសិកម្ម និង​វិស័យ​អប់រំ​ជាដើម។
លោក សុន ឆ័យ ប្រធាន​ក្រុម​សមាជិក​សភា មក​ពី​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៧ តុលា ថា ការ​សោយ​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ គឺ​ជា​ការ​បាត់​បង់​ដ៏​ធំ​មួយ របស់​ប្រទេស​កម្ពុជា ជាពិសេស លើ​វិស័យ​នយោបាយ​ដឹកនាំ​គ្រប់គ្រង​ប្រទេស ដោយ​សារ​រូប​ព្រះអង្គ​មាន​ពិសោធន៍ និង​មាន​វិធីសាស្ត្រ​ក្នុង​ការ​ដឹកនាំ​នយោបាយ​បង្រួប​បង្រួម​ជាតិ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​ជាតិ បាន​សុខ​សន្តិភាព៖ «ព្រះករុណា លោក​មាន​លក្ខណៈ​សម្បត្តិ​ដឹកនាំ​ប្រទេស​ជាតិ លោក​ជា​អ្នក​ឯករាជ្យ​មិន​យក​បរទេស​ជា​សំអាង។ ទី២ លោក​ស្រឡាញ់​ប្រទេស​ជាតិ​របស់​លោក​យ៉ាង​មុតមាំ ហើយ​សេចក្តី​ស្រឡាញ់​នោះ បាន​ឲ្យ​ព្រះអង្គ​ការពារ​ប្រទេស​យ៉ាង​ប្ដូរ​ផ្តាច់។ នេះ​ជា​លក្ខណៈ​សំខាន់​មួយ​ដែល​អ្នក​ដឹកនាំ​ខ្មែរ​ខ្លះ​មិន​ច្បាស់​លាស់​ទេ»
លោក សុន ឆ័យ បន្ត​ថា ពិត​មែន​តែ​ព្រះមហាក្សត្រ នរោត្តម សីហនុ លោក​បាន​ចូល​ទិវង្គត​មែន តែ​មាន​គំរូ និង​មេរៀន​នយោបាយ​ជាច្រើន បាន​បន្សល់​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​រៀន​សូត្រ​តាម ជាពិសេស​លើ​វិស័យ​នយោបាយ ឯករាជ្យ​ជាតិ និង​ធ្វើ​ឲ្យ​មនុស្ស​មាន​ជំនឿ​មក​លើ​ព្រះអង្គ​សាមគ្គី ជុំវិញ​ការ​ដឹកនាំ​របស់​ព្រះអង្គ។
លោក សុន ឆ័យ បាន​លើក​ឡើង​ថា សម័យ​ព្រះមហាក្សត្រ​គ្រប់គ្រង​ប្រទេស ប្រទេស​កម្ពុជា មាន​ការ​រីក​ចម្រើន ហើយ​មាន​ផលិត​ជា​ទំនិញ​ប្រើប្រាស់​បាន​មួយ​ចំនួន ដោយ​មាន​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ៖ «បញ្ហា​សេដ្ឋកិច្ច​ប្រទេស​ នោះ គឺ​យើង​ឃើញ​ថា សម័យ​ព្រះករុណា លោក​ការពារ​ទឹកដី​របស់​លោក មិន​ដូច​សព្វថ្ងៃ​ទេ។ មិន​មាន​ឲ្យ​ដី​សម្បទាន​ទៅ​បរទេស​រាប់​សិប​លាន​ហិកតារ​ទេ គឺ​មាន​ការ​គ្រប់គ្រង​ច្បាស់​លាស់​ណាស់ ទាំង​ព្រៃឈើ និង​ដីធ្លី។ ក្នុង​សម័យ​លោក មាន​ការ​ផលិត​ទំនិញ មាន​រោងចក្រ​ផលិត​ទំនិញ​ខ្លួន​ឯង។ មិន​មែន​ដូច​សព្វ​ថ្ងៃ ចេះ​តែ​ទិញ​ពី​បរទេស តាំង​ពី កែវ ក្រដាស អី​ជា​ដើម។ ព្រះករុណា លោក​ធ្វើ​នយោបាយ​ផលិត​ទំនិញ​ដោយ​ខ្លួន​ឯង»
លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ការ​បាត់​បង់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ គឺ​ដូច​ជា​ការ​បាត់​បង់​បង្គោល​ធានា​រ៉ាប់រង​ខាង​នយោបាយ​មួយ​សម្រាប់​អ្នក​ នយោបាយ​ខ្មែរ​ដែរ ពីព្រោះ​ព្រះអង្គ​ជា​អ្នក​សម្រប​សម្រួល​ទំនាស់​រវាង​អ្នក​នយោបាយ​មួយ​រូប​ដ៏ ​ប៉ិន​ប្រសប់ ដែល​អាច​ធ្វើ​ឲ្យ​ភាគី​នយោបាយ​មាន​ទំនាស់ អាច​បញ្ចប់​ជម្លោះ​ហើយ​ជានា​ធ្វើ​ការ​ជាមួយ​គ្នា​បាន៖ «ដូច្នេះ វា​ជា​ការ​បាត់​បង់​បង្គោល​ធានា​រ៉ាប់រង​ដ៏​សំខាន់​មួយ។ ធានា​ឯកភាព​ជាតិ និង​ការ​ដោះស្រាយ​បញ្ហា​ជាតិ​នោះ សំខាន់​ណាស់»
ចំណែក លោក លឺ ឡាយស្រេង ជា​ព្រឹទ្ធាចារ្យ​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន មាន​ប្រសាសន៍​ថា ការ​បាត់​បង់​ព្រះមហាក្សត្រ នរោត្តម សីហនុ គឺ​ជា​ការ​បាត់​បង់​ម្លប់​សម្រាប់​ជ្រក​មួយ ដែល​ទីស្ថាន​មាន​សុខ​សន្តិភាព​របស់​ជាតិ៖ «លោក​មាន​ខន្តី​ខ្លាំង​ណាស់។ ខ្ញុំ​បម្រើ​ព្រះអង្គ​តាំង​ពី​ហាត់​កាំភ្លើង​ឈើ រហូត​ដល់​នៅ​ទល់​ដែន ដង្ហែ​ព្រះអង្គ​រហូត​មក គឺ​បាន​រៀនសូត្រ​ពី​ព្រះអង្គ​ច្រើន​ណាស់។ ខ្ញុំ​មាន​ការ​សោកស្ដាយ​ណាស់។ យើង​បាត់​បង់​ព្រះ​មហា​វីរក្សត្រ​យើង​ហើយ ដូច្នេះ យើង​គួរ​តែ​រួប​រួម​គ្នា ឈប់​ឈ្លោះ​គ្នា អត់​ឱន​ឲ្យ​គ្នា ដើម្បី​ជា​កិច្ច​តប​ស្នង​ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ ឲ្យ​បាន​ទៅ​សុគតិភព បាន​សុខ»
ចំពោះ​ចំណុច​ថា ព្រះបាទ នរោត្តម សីហនុ ជា​អ្នក​ពូកែ​សម្រប​សម្រួល​ទំនាស់​រវាង​អ្នក​នយោបាយ​នោះ លោក លឺ ឡាយស្រេង មាន​ប្រសាសន៍​ថា ព្រះមហាក្សត្រ​បច្ចុប្បន្ន ព្រះបាទ បរមនាថ នរោត្តម សីហមុនី ក៏​លោក​មាន​វិធី និង​ការ​ដោះស្រាយ​របស់​លោក សម្រប​សម្រួល​ចំពោះ​អ្នក​នយោបាយ​ខ្មែរ​បាន​ដែរ។
ចំពោះ​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ វិញ ដែល​ជា​ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ និង​ជា​អតីត​លេខាធិការ​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ​កម្ពុជា បាន​មាន​បន្ទូល​ថា កេរមរតក​នយោបាយ​បន្សល់​ទុក​សំខាន់​របស់​អតីត​ព្រះមហាក្សត្រ​កម្ពុជា ចំពោះ​ប្រជារាស្ត្រ គឺ​ប្រទេស​មាន​ឯករាជ្យ មាន​អធិបតេយ្យភាព មាន​សេរីភាព ដែល​ជា​ទ្រព្យ​មរតក​មិន​អាច​កាត់​ថ្លៃ​បាន៖ «ការ​ពិត ឯករាជ្យ​ភាព អធិបតេយ្យភាព ប្រទេស​ខ្មែរ​យើង​សព្វថ្ងៃ បាន​មក​ដោយ​សារ​លោក។ ដូច្នេះ យើង​ត្រូវ​តែ​សាមគ្គី​គ្នា ឯកភាព​គ្នា ដើម្បី​រក្សា​ស្នា​ព្រះហស្ត​របស់​លោក»
កេរ្តិ៍​ឈ្មោះ​អតីត​ព្រះមហាក្សត្រ​កម្ពុជា ព្រះមហាក្សត្រ នរោត្តម សីហនុ មិន​មែន​ល្បីល្បាញ​តែ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ គឺ​មាន​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។ ដោយ​សារ​មាន​ភាព​ល្បីល្បាញ​នេះ មាន​អ្នក​កាសែត​បរទេស និង​អ្នក​និពន្ធ​បរទេស​មួយ​ចំនួន បាន​សរសេរ​អំពី​ព្រះរាជ​សកម្មភាព​របស់​ព្រះអង្គ។ ប៉ុន្តែ ក្រៅ​ពី​ការ​សរសេរ​សសើរ ក៏​មាន​ការ​សរសេរ​រិះគន់​ខ្លះ​ដែរ។ មាន​អ្នក​ខ្លះ បាន​សរសេរ​ថា ព្រះបាទ នរោត្តម សីហនុ ជា​អ្នក​នយោបាយ​មាន​ការ​ដូរ​ផ្លាស់​ចិត្ត​លឿន និង​នយោបាយ​ការ​បរទេស​របស់​ព្រះអង្គ​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៦០ ដល់​ឆ្នាំ​១៩៧០ មាន​ភាព​លំអៀង ទើប​បាន​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ព្រះអង្គ​ពី​អំណាច​ដឹកនាំ​ប្រទេស ធ្វើ​ឡើង​ដោយ​លោក លន់ នល់ ដែល​ជា​នាយក​រដ្ឋមន្ត្រី និង​ជា​មេ​បញ្ជាការ​យោធា​របស់​ព្រះអង្គ។
លោក សុន ឆ័យ បាន​រំលឹក​អំពី​ការ​ចោទ​ប្រកាន់​របស់​បណ្ដាញ​ឃោសនា​បរទេស​ទៅ​លើ​ព្រះអង្គ​ថា មាន​រឿង​ខ្លះ​ត្រូវ តែ​មាន​រឿង​ខ្លះ​មិន​ត្រឹមត្រូវ​ឡើយ។
ប៉ុន្តែ ការ​ចោទ​ប្រកាន់​ទាំង​អស់​នោះ ត្រូវ​អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ បដិសេធ កាល​ពី​ពេល​ព្រះអង្គ​មាន​ព្រះជន្ម​គង់​នៅ​ឡើយ។ ការ​បដិសេធ​នោះ មាន​តាម​បទ​សម្ភាសន៍​តាម​ព្រះរាជសារ និង​តាម​សៀវភៅ​មួយ​ចំនួន ដែល​ជា​ស្នាដៃ​និពន្ធ​របស់​ព្រះអង្គ​ផ្ទាល់ និង​អ្នក​តាម​ហែហម​ព្រះអង្គ ដែល​បាន​កត់ត្រា។
សៀវភៅ​ទាំង​នោះ មាន​ចំណង​ជើង​ជាអាទិ៍ "អ្នក​ទោស​ខ្មែរ​ក្រហម" "សង្គ្រាម​របស់​ខ្ញុំ​ជាមួយ​ពួក សេ.អ៊ី.អា (C.I. A)" "អនុស្សាវរីយ៍​ផ្អែម​ល្ហែម និង​ជូរចត់" "ព្រះរាជ​សកម្មភាព​ដើម្បី​ឯករាជ្យ​បរិបូណ៌​នៃ​កម្ពុជា" ជាដើម៕

2 comments:

Anonymous said...

What about the jobs that he had done to the 2 million Khmer lives with Pol Pot.

Anonymous said...

In the time like this reconciliation forgive, if not forget, we all human we make mistakes none perfect but Jesus. Christ,according to holy bible of Christainity ,therefore,even if Christ was sinless,he still has alots of critics that criticized him during his 33yrs on earth.Sihanuk wasn't any different from anyone he was human being he made mistakes,lets forgive him and move on....

Young Khmer preacher