A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 7 October 2012

Brad Adams criticised Cambodian Foreign Ministry's statement concerning Mam Sonado's case លោក ប្រែដ អាដាម រិះគន់​ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស

ដោយ វណ្ណ វិចារ 2012-10-06 RFA

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ រិះគន់​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី៥ តុលា ដែល​ផ្ដោត​ទៅ​លើ​រឿង​ក្តី​លោក ម៉ម សូណង់ដូ។
អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ចាត់​ទុក​ថា សេចក្តី​ថ្លែងការណ៍​នោះ ធ្វើ​ឡើង​ក្នុង​បំណង​វាយ​ប្រហារ​លើ​ក្រុម​រិះគន់​រដ្ឋាភិបាល។ ការ​រិះគន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បញ្ជាក់​ថា តាម​រយៈ​សវនាការ តុលាការ​រក​ឃើញ​ថា លោក ម៉ម សូណង់ដូ ជា​ក្បាល​ម៉ាស៊ីន​នៃ​ចលនា​អបគមន៍។
អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ លើក​ឡើង​ថា ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ជា​បន្ត​បន្ទាប់ ទប់​ទល់​ទៅ​នឹង​មតិ​ជាតិ និង​អន្តរជាតិ​នោះ ថា​ជា​ការ​រក​លេស​ដើម្បី​គេច​ពី​ការ​ពិត​ក្នុង​សំណុំ​រឿង​លោក ម៉ម សូណងដូ។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​ផ្នែក​អាស៊ី នៃ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) លោក ប្រែដ អាដាម (Brad Adams) នៅ​ថ្ងៃ​ទី៦ តុលា មាន​ប្រសាសន៍​ថា ធាតុ​ពិត លោក ម៉ម សូណង់ដូ និង​ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ មិន​បាន​បង្កើត​តំបន់​អបគមន៍​ដូច​តុលាការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​បន្ត​ថា រដ្ឋាភិបាល​ចេញ​សេចក្តី​ថ្លែងការណ៍ និង​បរិយាយ​វាយ​បក​ចំពោះ​មតិ​រិះគន់ ក្នុង​រឿង​ក្តី​លោក ម៉ម សូណង់ដូ ជា​ប្រការ​គួរ​ឲ្យ​ព្រួយ​បារម្ភ ចំពោះ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​កម្ពុជា។
លោក ប្រែដ អាដាម បញ្ជាក់​ថា តុលាការ​កម្ពុជា​មិន​មាន​ភស្តុតាង​ណា​មួយ​ច្បាស់​លាស់​រឹងមាំ ដើម្បី​ដាក់​បន្ទុក​លោក ម៉ម សូណងដូ នោះ​ទេ៖ «សេចក្ដី ​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា បញ្ជាក់​ថា លោក ម៉ម សូណង់ដូ ជា​ក្បាល​ម៉ាស៊ីន​ចលនា​អបគមន៍​នោះ វា​មិន​អាច​ទៅ​រួច​ឡើយ ហើយ​ជា​ការ​លើក​ឡើង​មិន​សម​ហេតុផល។ ខ្ញុំ​គិត​ថា វា​ជា​សញ្ញា​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ»
ការ​រិះគន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ បរទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១២ បាន​លើក​ឡើង​មាន ៥​ចំណុច ដូច​ជា ចំណុច​ទី១ រឿង​ក្តី​លោក ម៉ម សូណង់ដូ និង​គូកន មិន​មែន​ជា​រឿង​នយោបាយ​នោះ​ទេ។ ចំណុច​ទី២ តុលាការ​សម្រេច​ដាក់​ទោស​លោក ម៉ម សូណង់ដូ តាម​រយៈ​ភស្តុតាង​ជាក់​ស្ដែង បង្ហាញ​ថា លោក ម៉ម សូណង់ដូ ជា​ក្បាល​ម៉ាស៊ីន​នៃ​ចលនា​អបគមន៍។ ចំណុច​ទី៣ ករណី​លោក ម៉ម សូណង់ដូ មិន​ប៉ះពាល់​ដល់​វិទ្យុ​សំបុក​ឃ្មុំ​ឡើយ។ ចំណុច​ទី៤ ការ​រិះគន់ ការ​សម្រេច​ទោស​របស់​តុលាការ ជះ​ឥទ្ធិពល​ដល់​ឯករាជ្យ​ភាព​របស់​តុលាការ​កម្ពុជា។ ចំណុច​ទី៥ កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​បង្កើត​តំបន់​អបគមន៍​បាន​ទេ។
កន្លង​ទៅ អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក លោក កែវ រ៉េមី ធ្លាប់​មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន ប្រើ​លេស​សិទ្ធិ​មនុស្ស ដើម្បី​កកូរកកាយ​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា។ លោក​រិះគន់​លោក ប្រែដ អាដាម និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា ពួក​គេ​កំពុង​បង្កើត​វប្បធម៌​គាំទ្រ​អ្នក​ទោស ហើយ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ស្រប​ច្បាប់។
លោក កែវ រ៉េមី៖ «ទាក់​ទង​លោក ម៉ម សូណង់ដូ ក្តី និង​បុគ្គល​ផ្សេង​ទៀត តើ​រដ្ឋាភិបាល​អនុវត្ត​ចំពោះ​តែ​អ្នក​ទាំង​ប៉ុន្មាន​នាក់​ហ្នឹង ឬ​យ៉ាង​ម៉េច? លោក ប្រែដ អាដាម គាត់​ចោទ​ប្រកាន់​ថា ជា​នាយក​រដ្ឋមន្ត្រី​ថា​មាន​កម្លាំង​ទ័ព មាន​កម្លាំង​ប៉ូលិស​ពេញ​លេញ មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ​តាម​រយៈ​ប្រព្រឹត្ត​ពុក​រលួយ និយាយ​នេះ គឺ​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​តែ​ម្តង បរទេស​ខ្លះ​គឺ​ចង្រៃ​តែ​ម្តង មែន​ទែន អ្នក​ជ្រក​ក្រោម​ផ្លាក​សិទ្ធិ​មនុស្ស​ហ្នឹង គឺ​បេសកកម្ម​ប្រឆាំង​រដ្ឋាភិបាល​តែ​ម្តង»
ទោះ​យ៉ាង​ណា​ក្តី លោក ប្រែដ អាដាម ពន្យល់​ថា បេសកកម្ម​របស់​លោក គឺ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កន្លែង​ណា​ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស លោក​ត្រូវ​តែ​ឈឺ​ឆ្អាល។ លោក​បន្ត​ថា លោក ម៉ម សូណង់ដូ មិន​មែន​ជា​អ្នក​ទោស​ដូច​ការ​សម្រេច​របស់​តុលាការ ដែល​មាន​រដ្ឋាភិបាល​នៅ​ពី​ក្រោយ​ខ្នង​នោះ​ឡើយ។
ក្នុង​ករណី​ផ្ដន្ទាទោស​របស់​លោក ម៉ម សូណង់ដូ ត្រូវ​បាន​ប្រទេស​មហា​អំណាច រួម​មាន  សហរដ្ឋ​អាមេរិក បារាំង សហភាព​អឺរ៉ុប អង្គការ​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ និង​អង្គការ​ការពារ​អ្នក​កាសែត​ជាតិ អន្តរជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់ ដោយ​ចាត់​ទុក​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា មិន​ឯករាជ្យ ហើយ​ថា រឿង​ក្តី​របស់​លោក ម៉ម សូណង់ដូ ជា​រឿង​នយោបាយ និង​នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បញ្ចេញ​មតិ​នៅ​កម្ពុជា៕

No comments: