A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 11 October 2012

Analyst Pang Sokheoun: The Cambodian government arrested Mam Sonando to exchange with Cambodian debt to America អ្នក​វិភាគ៖ រដ្ឋាភិបាល​កម្ពុជា​ចាប់​លោក ម៉ម សូណង់ដូ ដើម្បី​ដោះដូរ​បំណុល​ស.រ.អា

ដោយ តាំង សារ៉ាដា 2012-10-10 RFA Mr. Pang Sokheoun
ក្រុម​អ្នក​ឃ្លាំ​មើល​នៅ​ឯ​នាយ​សមុទ្រ បាន​វិភាគ​ស្ថានការណ៍​កម្ពុជា​ថា រដ្ឋាភិបាល​កំពុង​លេង​ល្ខោន​នយោបាយ​ចាប់​ជំរិត​សកម្មជន​ដីធ្លី អ្នក​សារព័ត៌មាន សកម្មជន​សិទ្ធិ​មនុស្ស និង​ខ្ទប់​មិន​ឲ្យ​មេ​បក្ស​ប្រឆាំង​ចូល​ស្រុក ដើម្បី​ជា​ថ្នូរ​ដូរ​យក​ជំនួយ ឬ​កាត់​បំណុល​ដែល​រដ្ឋាភិបាល​បាន​ជំពាក់​បរទេស។

RFA/Van Vichar
អ្នក​គាំទ្រ​ទាមទារ​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ នៅ​ក្បែរ​តុលាការ​រាជធានី​ភ្នំពេញ ដោយ​មាន​សមត្ថកិច្ច​ប៉ូលិស​ឈរ​យាម​ការពារ​នៅ​របាំង​ម្ខាង​ផ្លូវ កាល​ពី​ថ្ងៃ​ទី​១ តុលា ឆ្នាំ​២០១២។
ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា ការ​វិភាគ​បែប​នេះ ធ្វើ​ឡើង​ដោយ​គ្មាន​ភាព​សមហេតុសមផល។
អ្នក​តាម​ដាន និង​អ្នក​វិភាគ​ស្ថានការណ៍​កម្ពុជា នៅ​អឺរ៉ុប ឲ្យ​ដឹង​ថា បំណុល​បរទេស​ដែល​កម្ពុជា បាន​ជំពាក់​សហរដ្ឋ​អាមេរិក ជា​យូរ​មក​ហើយ​នោះ អាច​ជា​មុខ​សញ្ញា​មួយ សម្រាប់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ដោះ​ដូរ​ជាមួយ​នឹង​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ ក៏​ដូច​ជា​សកម្មជន​ដីធ្លី​ជាច្រើន​ទៀត និង​ការ​បើក​ភ្លើង​ខៀវ​ឲ្យ​មេ​បក្ស​ជំទាស់​ចូល​ប្រទេស​វិញ។
ពី​ប្រទេស​ហ្វាំងឡង់ (Finland) លោក ប៉ាង សុខឿន បាន​វិភាគ​ថា ដើម្បី​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន (Washington) លប់​បំណុល​ជាង ៤០០​លាន​ដុល្លារ ទាំង​ការ​ទាំង​ដើម​នេះ​ចោល​ទៅ​បាន ទាល់​តែ​មាន​ការ​ចាប់​ចង​សកម្មជន​មួយ​ចំនួន និង​បិទ​ទ្វារ​មិន​ឲ្យ​មេ​បក្ស​ជំទាស់​ដ៏​ធំ​ចូល​ប្រឡូក​ការ​បោះ​ឆ្នោត​សកល​ ឆ្នាំ​២០១៣ ខាង​មុខ។
លោក ប៉ាង សុខឿន៖ «រដ្ឋាភិបាល​កម្ពុជា មិន​ត្រឹម​តែ​ឥឡូវ​ទេ គឺ​យូរ​ណាស់​មក​ហើយ បាន​ព្យាយាម​សុំ​អង្វរ​សហរដ្ឋ​អាមេរិក​ឲ្យ​លើក​លែង​បំណុល​ដែល​ខ្លួន​ជំពាក់។ អ៊ីចឹង បើ​យើង​សិក្សា​មើល​ទៅ ប្រហែល​លោក ហ៊ុន សែន ចាប់​លោក ម៉ម សូណង់ដូ មួយ​ទៀត​ឲ្យ​កាន់​តែ​ធ្ងន់ ហើយ​រួម​ជាមួយ​ទោស​ដែល​ខ្លួន​បាន​ចោទ​ប្រកាន់​ទៅ​លើ​លោក សម រង្ស៊ី។ ដូច្នេះ រួម​ពីរ​ហ្នឹង គឺ​អាច​ចរចា​បាន​ជាមួយ​បំណុល​ហ្នឹង។ ដូច្នេះ ដើម្បី​ឲ្យ​អាមេរិក​លប់​បំណុល​នោះ​ចោល​បាន គឺ​ត្រូវ​ធ្វើ​អី​មួយ​ឲ្យ​ធ្ងន់​ជាង​មុន»
លោក ប៉ាង សុខឿន បន្ត​ថា លោក ហ៊ុន សែន បាញ់​ព្រួញ​មួយ​បាន​សត្វ​ដល់​ទៅ​បី។ លោក​បញ្ជាក់​ថា ទីមួយ គឺ​ទាម​ទារ​ដោះ​បំណុល​ដែល​កម្ពុជា កំពុង​ជំពាក់​សហរដ្ឋ​អាមេរិក ជាង ៤០០​លាន​ដុល្លារ។ ទីពីរ ដើម្បី​ផ្គាប់ផ្គន់​ដល់​មហា​អំណាច​ចិន ថា ខ្លួន​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​អាមេរិក។ ទីបី គឺ​ដើម្បី​បំភិតបំភ័យ និង​បំបាក់​ស្មារតី​ក្រុម​សង្គម​ស៊ីវិល ក្រុម​បក្ស​ប្រឆាំង និង​សកម្មជន​នានា មិន​ឲ្យ​មាន​សកម្មភាព​ជំទាស់​នៅ​មុន​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣។
លោក​បាន​អះអាង​ថា កន្លង​មក​រដ្ឋាភិបាល​ធ្លាប់​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​យក​ជំនួយ​របស់​ អាមេរិក តាម​រយៈ​ការ​ដោះ​ដូរ​នៃ​ការ​ដោះ​លែង​ក្រុម​អ្នក​រិះគន់។
កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា កន្លង​ទៅ ក្រោយ​ពី​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ លោក ហោ ណាំហុង ជួប​ជាមួយ​សមាជិក​ព្រឹទ្ធសភា លោក ជីម វិប (Jim Web) និង​អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រួច កម្ពុជា​ក៏​បាន​ដោះ​លែង​ស្ត្រី​តំបន់​បឹងកក់ និង​តំបន់​បុរីកីឡា ចំនួន ១៥នាក់ ក្នុង​ករណី​ទំនាស់​ដីធ្លី។ រយៈពេល​បី​ខែ​ក្រោយ​មក នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា សហរដ្ឋ​អាមេរិក បាន​ផ្តល់​ជំនួយ​ជិត ៥០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​ធ្វើ​កិច្ចការ​លើ​វិស័យ​សុខាភិបាល អប់រំ និង​កសិកម្ម។
កាល​ពី​ខែ​មករា ឆ្នាំ​២០០៦ រដ្ឋាភិបាល​ខ្មែរ​បាន​ដោះ​លែង​ក្រុម​អ្នក​រិះគន់​ចំនួន ៥នាក់ មាន​លោក រ៉ុង ឈុន លោក ម៉ម សូណង់ដូ លោក យេង វិរៈ លោក កឹម សុខា និង​លោក ប៉ា ងួនទៀង។ លោក ហ៊ុន សែន កាល​ណោះ​បាន​ចាត់​ទុក​ការ​ដោះ​លែង​អ្នក​ទាំង​ប្រាំ​នេះ ជា​កាដូ​មួយ​កញ្ចប់​ជូន​ដល់​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​ អាមេរិក លោក គ្រឹស្តុហ្វឺ ហ៊ីល (Christopher Hill) ដើម្បី​សម្ពោធ​ស្ថានទូត​អាមេរិក​ថ្មី​ក្នុង​ទីក្រុង​ភ្នំពេញ។
ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ក្រោយ​មក សហរដ្ឋ​អាមេរិក បាន​ផ្តល់​ជំនួយ​យោធា​ជា​សម្ភារៈ និង​ការ​ហ្វឹកហ្វឺន​ដល់​កម្ពុជា ស្មើ​នឹង​ទឹក​ប្រាក់​ជាង ៤លាន​ដុល្លារ។
លោក ប៉ាង សុខឿន មាន​ប្រសាសន៍​ថា ម្តង​នេះ លោក ហ៊ុន សែន ត្រូវ​ជំរិត​ឲ្យ​បាន​ធំ​ជាង​មុន ដើម្បី​ដោះ​ដូរ​ជាមួយ​កញ្ចប់​លុយ​ដ៏​ធំ​ពី​សហរដ្ឋ​អាមេរិក នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barrack Obama) មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ក្នុង​ប្រទេស​កម្ពុជា នា​ខែ​វិច្ឆិកា ខាង​មុខ៖ «តាម​ពិត​ទៅ រឿង​នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា។ យើង​សង្កេត​ឃើញ​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន សព្វ​ថ្ងៃ​នេះ គាត់​កំពុង​តែ​ដើរ​ផ្លូវ​ថ្មី ទាក់​ទង​ទៅ​នឹង​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ហ្នឹង។ យើង​អាច​និយាយ​បាន​ថា ជា​នយោបាយ​ចាប់​ជំរិត​យក​លុយ​ពី​មហា​អំណាច ពី​ប្រទេស​ម្ចាស់​ជំនួយ និង​ប្រទេស​អ្នក​មាន​ផ្សេងៗ​ទៀត»
លោក​បន្ត​ថា ផែនការ​ជំរិត​របស់​លោក ហ៊ុន សែន មិន​អាច​ទទួល​ជោគជ័យ​នោះ​ឡើយ ពីព្រោះ​សហរដ្ឋ​អាមេរិក នៅ​មាន​យុទ្ធសាស្ត្រ​ផ្សេង​ច្រើន​ទៀត ដែល​អាច​បន្ទន់​ឥរិយាបថ​របស់​មេ​ដឹកនាំ​ខ្មែរ​បាន។
ចំណែក​អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ វិញ មើល​មិន​ឃើញ​ដូច​លោក ប៉ាង សុខឿន ទាំង​ស្រុង​នោះ​ទេ។ លោក​យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ និង​សកម្មជន​ដីធ្លី​មួយ​ចំនួន​ទៀត នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​មេ​ដឹកនាំ​អាមេរិក មក​កម្ពុជា នេះ គឺ​ជា​សញ្ញា​មួយ​ដែល​កម្ពុជា ចង់​បង្ហាញ​ចិន និង​ពិភពលោក​ថា ខ្លួន​មិន​បាន​ចាត់​ទុក​មហា​អំណាច​អាមេរិក មាន​សារសំខាន់​ជាង​មហា​អំណាច​ចិន នោះ​ឡើយ៖ «សូម្បី​ប្រទេស​ខ្លះ ជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​រោងចក្រ​កាត់​ដេរ​របស់​ប្រទេស​កម្ពុជា ហើយ​ជំនួយ​ក៏​តិច។ ប៉ុន្តែ បើ​ខាង​ចិន ដូច​ជា​គាំទ្រ​ខ្លាំង មាន​ការ​គាំទ្រ​យុទ្ធសាស្ត្រ​ចិន ខ្លាំង​ក្នុង​តំបន់ ជាពិសេស គាំទ្រ​ចិន ក្នុង​ទំនាស់​សមុទ្រ​ចិន​ខាង​ត្បូង​ហ្នឹង។ អ៊ីចឹង​ហើយ បាន​ជា​មាន​អី​អាង​នោះ»
សេដ្ឋកិច្ច​របស់​កម្ពុជា មួយ​ផ្នែក​ធំ ពឹង​ផ្អែក​លើ​វិស័យ​វាយនភណ្ឌ ដែល​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ជាង ៣សែន​នាក់ ហើយ​សហរដ្ឋ​អាមេរិក ជា​ទីផ្សារ​ដ៏​ធំ​មួយ ដែល​ទទួល​ទិញ​ផលិតផល​សំលៀក​បំពាក់​ពី​កម្ពុជា ជា​ប្រចាំ។ រីឯ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក សម្រាប់​កម្ពុជា វិញ ច្រើន​ភ្ជាប់​នូវ​លក្ខខណ្ឌ ដូច​ជា​តម្រូវ​ឲ្យ​កម្ពុជា គោរព​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ និង​គោរព​នីតិរដ្ឋ។
ចំណែក​ចិន វិញ បាន​ផ្តល់​ជំនួយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដល់​កម្ពុជា ទាំង​ជំនួយ​ឥត​សំណង​គ្មាន​លក្ខខណ្ឌ និង​ប្រាក់​កម្ចី ប៉ុន្តែ​ពុំ​បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​គោរព​សិទ្ធិ​មនុស្ស​ទេ។ រហូត​មក​ទល់​ពេល​នេះ គេ​ដឹង​ថា កម្ពុជា​កំពុង​ជំពាក់​លុយ​ចិន​ដល់​ទៅ​ជាង ៦ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។
ជុំវិញ​ការ​វិភាគ​ថា​រដ្ឋាភិបាល​កម្ពុជា កំពុង​លេង​នយោបាយ​ចាប់​ជំរិត លេង​ល្បែង​បំភ័ន្ត​ភ្នែក​ចិន ដើម្បី​យក​លុយ​ពី​អាមេរិក និង​ល្បែង​បំបាក់​ស្មារតី​ក្រុម​អ្នក​រិះគន់​នោះ លោក កែម ឡី អ្នក​វិភាគ​ព្រឹត្តិការណ៍​សង្គម មាន​ប្រសាសន៍​ថា បើ​ធ្វើ​ការ​វិភាគ​ឲ្យ​ស៊ី​ជម្រៅ​ជ្រៅ​ជាង​នេះ​ទៅ​ទៀត ឃើញ​ថា លោក ហ៊ុន សែន ខ្លាច​ចាញ់​ឆ្នោត​ឆ្នាំ​២០១៣ ខាង​មុខ​ទៅ​វិញ​ទេ។
លោក​បញ្ជាក់​ថា អាសនៈ និង​សំឡេង​គាំទ្រ​គណបក្ស សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី មាន​ការ​កើន​ឡើង កាល​ពី​ពេល​បោះ​ឆ្នោត​ឃុំ-សង្កាត់​កន្លង​មក ហើយ​ពេល​ថ្មីៗ​នេះ​ទៀត​សោត គណបក្ស​ទាំង​ពីរ​បាន​ច្របាច់​បញ្ចូល​ជា​គណបក្ស​តែ​មួយ​ថែម​ទៀត ដូច្នេះ សំឡេង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ថ្មី​ដែល​ទើប​បង្កើត​នេះ នឹង​កាន់​តែ​កើន​ឡើង ហើយ​ដែល​កាន់​តែ​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ព្រួយ​បារម្ភ៖ «កាល ​ណា​បាត់​បង់​កៅអី​មេ​ឃុំ មាន​ន័យ​ថា នៅ​ក្នុង​ចំណោម​ប្រជាជន​ក្នុង​ឃុំ​ហ្នឹង មិន​បាន​គាំទ្រ​ទៅ​ដល់​គណបក្ស​ប្រជាជន​ជាង ៥០% បាន​ន័យ​ថា តិច​ជាង ៥០% ហើយ​បាន​ជា​បាត់​បង់​តំណែង​មេ​ឃុំ។ អា​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​មាន​វិធានការ​ថ្មីៗ​នោះ»
ទោះ​ជា​មាន​ការ​បរិយាយ​ពី​ក្រុម​អ្នក​វិភាគ​ទាំង​នេះ​ក្តី ក៏​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ការ​បកស្រាយ​របស់​ក្រុម​អ្នក​វិភាគ​ដែល​ថា​មេ​ដឹកនាំ​កំពុង​ចាប់​ជំរិត​ ក្រុម​អ្នក​រិះគន់ ដើម្បី​ដូរ​យក​ជំនួយ ឬ​ការ​លប់​បំណុល​បរទេស​នោះ គឺ​គ្រាន់​តែ​ជា​ការ​វិភាគ​ដោយ​គ្មាន​មូលដ្ឋាន មិន​ឆ្លុះ​បង្ហាញ​ពី​ការ​ពិត និង​មិន​ឆ្លុះ​បង្ហាញ​ពី​ដំណើរ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។
លោក​បន្ត​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត មិន​បាន​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ដ៏​កំពូល​របស់​កម្ពុជា ជាមួយ​សហរដ្ឋ​អាមេរិក នោះ​ឡើយ៖ «រាជ​រដ្ឋាភិបាល​ក៏​ដូច​ជា​តុលាការ​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា មិន​មែន​មាន​វិធាន ក្នុង​ការ​ចាប់​បុគ្គល​ណា​មួយ ឬ​ដាក់​បន្ទុក​លើ​ក្រុម​ណា​មួយ ដែល​ជា​ចំណាប់​ខ្មាំង ដើម្បី​ដោះដូរ​ជាមួយ​ជំនួយ​នោះ​ទេ។ ហើយ​អ្នក​ដែល​មាន​គំនិត​នោះ គ្រាន់​តែ​ជា​គំនិត​មួយ​ស្រមើស្រមៃ ឬ​គ្មាន​ហេតុផល​ក្នុង​វិនិច្ឆ័យ​អំពី​ការ​នយោបាយ​របស់​កម្ពុជា មិន​អ៊ីចឹង។ បញ្ហា​នេះ វា​មិន​មែន​ដូច្នេះ​ទេ»
ចំណែក​សាស្ត្រាចារ្យ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច វិញ បាន​ចូល​រួម​វិភាគ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​គិត​ថា​ប្រសាសន៍​របស់​លោក​ជា​សម្ដី​ទិព្វ ដោយ​សារ​លោក​ធ្លាប់​បាន​ប្រកាស​ថា នឹង​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ទោះ​ជា​រត់​ដល់​ជើង​មេឃ​ក៏ដោយ ដូច្នេះ​លោក​ត្រូវ​ចាប់​ឲ្យ​បាន ដើម្បី​បង្ហាញ​ថា សម្ដី​របស់​គាត់​ដែល​និយាយ​ចេញ​ទៅ​ហើយ ត្រូវ​តែ​អនុវត្ត ដើម្បី​ជៀសវាង​ភាព​សាបរលាប​ក្នុង​នាម​ជា​មេ​ដឹកនាំ។
លោក​បន្ត​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ក៏​ទំនង​ជា​ការ​ចៃដន្យ​មួយ ដែល​កម្ពុជា ខ្លួន​ឯង ត្រូវ​ដឹកនាំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ប៉ុន្តែ​ដោយ​សារ​តែ​កំហឹង ១០០​អង្សា របស់​នាយក​រដ្ឋមន្ត្រី​ទប់​មិន​បាន​ដូច្នេះ​ហើយ ទើប​លោក ម៉ម សូណង់ដូ មិន​អាច​ផុត​ពី​ការ​ចាប់​ខ្លួន​នេះ។
លោក​បន្ត​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ អាច​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ខាត​លាភ​ទៅ​វិញ​ទេ ខណៈ​មជ្ឈដ្ឋាន​អន្តរជាតិ​កំពុង​សម្លឹង​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ថា​តើ​កម្ពុជា​ធ្វើ​ជា​គំរូ​ល្អ ឬ​អាក្រក់ ក្នុង​ពេល​ដែល​ខ្លួន​ជា​ប្រធាន​អាស៊ាន នោះ៖ «នៅ​ពេល​ដែល​កាលៈទេសៈ​មួយ​ រុញ​ច្រាន​ឲ្យ​មាន​វិបត្តិ​បែប​នេះ ខ្ញុំ​យល់​ថា មិន​មែន​ជា​រឿង​សាមញ្ញ​ទេ គឺ​ថា រុញ​បញ្ហា​ឲ្យ​បង្កើត​រឿង​នេះ​ឡើង។ ម៉ម សូណង់ដូ គាត់​មិន​មែន​ជា​តួ​ឯក​ទេ ម៉ម សូណង់ដូ គ្រាន់​តែ​ជា​ក្អាត់​មួយ​ទេ តែ​ជប់​គាត់​ឲ្យ​ទៅ​ជា​កង្កែប​ដ៏​ធំ។ ហើយ​គាត់​មិន​មែន​ជា​អ្នក​មាន​កៅអី​ទេ ហេតុ​អី​បាន​ធ្វើ​បែប​នេះ អា​នេះ​ហើយ​គេ​ហៅ​ថា ថ្ងៃ​សយ វា​សយ​ជាន់​សយ។ មិន​មែន​លោក ម៉ម សូណង់ដូ សយ​នោះ​ទេ តែ​អ្នក​ដែល​សយ គឺ​ជា​អ្នក​ធ្វើ​អំពើ​ទៅ​លើ​លោក ម៉ម សូណង់ដូ វិញ​ទេ ដែល​ជា​អ្នក​សយ»
លោក សុខ ទូច បន្ត​ថា វិបត្តិ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អាច​នាំ​ឲ្យ​កម្ពុជា​ខ្លួន​ឯង​បរាជ័យ​ធំ ក្នុង​ការ​ប្រកួត​ប្រជែង​យក​អាសនៈ​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ មិន​អចិន្ត្រៃយ៍​របស់​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី១៨ ខែ​តុលា ខាង​មុខ​នេះ៕

No comments: